មាន​ពេល​មួយ លោក​វាយលី អូវើស្ទ្រីត(Wylie Overstreet) ដែល​ជា​អ្នក​ផលិត​ខ្សែ​ភាព​យន្ត បាន​ផ្សាយ​ផ្ទាល់​នូវ​រូប​ភាពរបស់​ស្ថាន​ព្រះ​ច័ន្ទ តាម​រយៈ​កែវ​យឺត​របស់​គាត់ ដែល​មាន​កម្លាំង​ពង្រីក​ខ្លាំង ដល់​ទស្សនិក​ជន​ដែល​គាត់​មិន​ដែល​ស្គាល់​។ ពេល​នោះ ពួក​គេ​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​រូប​ភាព​ស្ថាន​ព្រះ​ច័ន្ទ​ដែល​គាត់​បាន​ពង្រីក​ឲ្យ​ធំ បាន​ជា​ពួក​គេ​មាន​ការ​ឆ្លើយ​តប ដោយ​បញ្ចេញ​សម្លេង​ខ្សិប​ខ្សៀវ និង​បង្ហាញ​ភាព​ស្ងប់​ស្ងែង។ លោក​អូវើស្ទ្រីត​ក៏​បាន​ពន្យល់​ថា “ទស្សនីយ​ភាព​ដ៏ស្រស់​ស្អាត​នេះ បាន​ធ្វើ​ឲ្យ​យើង​មាន​ពេញ​ដោយ​ភាព​ស្ងប់​ស្ងែង ចំពោះ​អ្វី​មួយ ដែល​ធំ​ជាង​ខ្លួន​យើង”។

ស្តេច​ដាវីឌ ដែល​ជា​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ក៏​មាន​ការ​ស្ងប់​ស្ងែង ចំពោះ​ពន្លឺ​ដែល​ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​មក​ពី​លើ​ផង​ដែរ។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “កាល​ណា​ទូលបង្គំ​ពិចារណា​មើល​ផ្ទៃ​មេឃ ជា​ការ​ដែល​ព្រះហស្ត​ទ្រង់​បាន​ធ្វើ គឺ​ទាំង​ខែ និង​ផ្កាយ ដែល​ទ្រង់​បាន​ប្រតិស្ឋាន​ទុក នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ទ្រង់​នឹក​រឭក​ដល់​គេ ហើយ​កូន​មនុស្ស​ផង ដែល​ទ្រង់​ប្រោស​ដូច្នេះ?”(ទំនុកដំកើង ៨:៣-៤)។

ត្រង់​ចំណុច​នេះ ស្តេច​ដាវីឌ​បាន​ទូល​សួរ​ព្រះ​ជា​ម្ចាស់ ដោយ​ការ​បន្ទាប​ខ្លួន ហើយ​យើង​នឹង​មាន​ការ​ស្ងប់​ស្ងែង​កាន់​តែ​ខ្លាំង​ជាង​នេះ​ទៀត ពេល​ដែល​យើង​ដឹង​ថា បន្ទាប់​ពី​ព្រះ​ជាម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន​ដី​ថ្មី​ហើយ យើង​នឹង​មិន​ត្រូវការ​ព្រះ​ច័ន្ទ ឬ​ព្រះ​អាទិត្យ​ទៀត​ឡើយ។ ផ្ទុយ​ទៅ​វិញ សាវ័ក​យ៉ូហាន​បាន​មាន​ប្រសាសន៍​ថា សិរីល្អ​ដ៏​ចែង​ចំាង​របស់​ព្រះជា​ម្ចាស់ នឹង​ផ្តល់​ឲ្យ​នូវ​ពន្លឺ​ដែល​គេ​ត្រូវ​ការ។ “ក្រុង​នោះ​មិន​ត្រូវ​ការ​នឹង​ព្រះអាទិត្យ ឬ​ព្រះចន្ទ សំរាប់​នឹង​បំភ្លឺ​ទេ ដ្បិត​សិរីល្អ​នៃ​ព្រះ​បាន​បំភ្លឺ​ហើយ ឯ​កូន​ចៀម​ក៏​ជា​ចង្កៀង​នៃ​ក្រុង​នោះ​ដែរ … ហើយ​នៅ​ឯ​ណោះ​គ្មាន​យប់​ឡើយ”(វិវរណៈ ២១:២៣-២៥)។

ពេល​ដែល​យើង​គិត​អំពី​រឿង​នេះ ចិត្ត​របស់​យើង​អាច​កើត​មាន​ភាព​ស្ងប់​ស្ងែង​កាន់​តែ​ខ្លាំង។ ប៉ុន្តែ យើង​អាច​ពិសោធន៍​នឹង​ពន្លឺ​របស់​ព្រះ​អង្គ​ដែល​មាន​នៅ​ស្ថាន​សួគ៌ នៅ​ពេល​ឥឡូវ​នេះ​បាន ដោយ​គ្រាន់​តែ​ស្វែង​រក​ព្រះ​គ្រីស្ទ ដែល​ជា​ពន្លឺ​នៃ​លោកិយ។ យើង​គួរ​តែ​ងាក​ទៅ​រក​ព្រះ​អង្គ​ឲ្យ​បាន​ញឹក​ញាប់ ហើយ​សូម​ឲ្យ​យើង​បាន​មើល​ឃើញ​ព្រះ​អង្គ។​—PATRICIA RAYBON