ខ្ញុំ​បាន​ជួប​បទ​ពិសោធន៍​ដែល​គួរ​ឲ្យ​ខ្មាស់​អៀន​បំផុត នៅ​ថ្ងៃ​ដែល​ខ្ញុំ​ឡើង​ថ្លែង ទៅ​កាន់​វិទ្យាស្ថាន និសិ្សត និង​មិត្ត​រួមសាលា នៅ​ថ្ងៃ​ខួប​ទី​៥០​ឆ្នាំ​នៃ​សាលា​ព្រះ​គម្ពីរ។ កាល​នោះ ខ្ញុំ​បាន​ដើរ​ទៅ​រក​វេទិការ ដោយ​មាន​ក្រដាស់​សម្រាប់​អាន កាន់​នៅ​ក្នុង​ដៃ ហើយ​ក៏​បាន​មើល​ទៅ​មនុស្ស​មួយ​ហ្វូង​ធំ នៅ​ពី​មុខ​ខ្ញុំ ប៉ុន្តែ ភ្នែក​របស់​ខ្ញុំ​បាន​ផ្តោត​ទៅ​លើ​សាស្រ្តា​ចារ្យ​ទាំង​ឡាយ ដែល​កំពុង​អង្គុយ​នៅ​ជួរ​មុខ​គេ ដោយ​មាន​ពាក់​អាវ​វែង​របស់​សាស្ត្រាចារ្យ ហើយ​មាន​ទឹក​មុខ​ម៉ឺង​ម៉ាត់​ណាស់​។ ភ្លាម​ៗ​នោះ ខ្ញុំ​ស្រាប់​តែ​មាន​ការ​ភាន់​ភាំង។ មាត់​របស់​ខ្ញុំ​ប្រែ​ជា​ស្ងួត ហើយ​ហាក់​ដូច​ជា​បាត់​បង់​ការ​បញ្ជារ។ ខ្ញុំ​បាន​និយាយ​ខុស​ពាក្យ​ នៅ​ក្នុង​ពីរបី​ប្រយោគ​ដំបូង ហើយ​បន្ទាប់​មក ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​និយាយ​ត្រូវ​ជាង​មុន។ ដោយ​សារ​ខ្ញុំភាន់​ភាំង​មិន​ដឹង​ថា ខ្លួន​ឯង​និយាយ​ដល់​ចំណុច​ណា ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​បើក​ទំព័រ​ក្រដាស់​ចុះ​ឡើង​ៗ ហើយ​ក៏​បាន​និយាយពាក្យ​មួយ​ឃ្លា ដែល​គ្មាន​នរណា​ម្នាក់​ស្តាប់​យល់។ ប៉ុន្តែ ទី​បំផុត ខ្ញុំ​ក៏​បាន​និយាយ​ចប់ រួច​ត្រឡប់​ទៅ​កន្លែង​អង្គុយ​វិញ ហើយ​ក៏​បាន​ឈ្ងោក​មុខ​ជាប់។ ពេល​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា លែង​ចង់​រស់​ទៀត​ហើយ ខ្មាស់​គេ​ណាស់។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​រៀន​សូត្រ​បាន​ថា ការ​ខ្មាស់​អៀន​អាច​ជា​រឿង​ល្អ បើ​សិន​ជា​វា​នាំ​ឲ្យ​មាន​ការ​បន្ទាប​ខ្លួន ព្រោះវា​ជា​គន្លឹះ​ដែល​ធ្វើ​ឲ្យ​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​យើង។​ ព្រះគម្ពីរបានចែងថា “ព្រះ​ទ្រង់​ទាស់​ទទឹង​នឹង​ពួក​មាន​ឫក​ធំ តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​ពួក​រាប​សា​វិញ”(យ៉ាកុប ៤:៦)។ ព្រះ​អង្គ​ចាក់​បង្ហូរ​ព្រះ​គុណ​ព្រះ​អង្គ មក​លើ​មនុស្ស​ដែល​បន្ទាប​ខ្លួន​។ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​មាន​បន្ទូល​ថា ​ព្រះ​អង្គ​យក​ព្រះ​ទ័យ​ទុក​ដាក់ ​ចំពោះ​មនុស្ស​​ណា​ដែល​ក្រ​លំបាក ហើយ​មាន​ចិត្ត​ខ្ទេចខ្ទាំ ជា​អ្នក​ដែល​ញ័រ​ញាក់ ដោយ​ឮ​ព្រះ​បន្ទូល​ព្រះ​អង្គ​(អេសាយ ៦៦:២)។ កាល​ណា​យើង​បន្ទាប​ខ្លួន នៅ​ចំពោះព្រះ​ ព្រះ​អង្គ​នឹង​លើក​យើង​ឡើង​(យ៉ាកុប ៤:១០)។

ការ​បាក់​មុខ និង​ភាព​អាម៉ាស់ អាច​នាំ​យើង​ចូល​ទៅ​រក​ព្រះ​ជា​ម្ចាស់ ដើម្បី​ឲ្យ​ព្រះ​អង្គ​កែប្រែ​យើង។ ពេល​ណា​យើង​ដួលចុះ គឺ​យើង​ដួល​នៅ​ក្នុង​ព្រះ​ហស្ត​ព្រះ​អង្គ។—DAVID H. ROPER