ខ្ញុំបានជួបបទពិសោធន៍ដែលគួរឲ្យខ្មាស់អៀនបំផុត នៅថ្ងៃដែលខ្ញុំឡើងថ្លែង ទៅកាន់វិទ្យាស្ថាន និសិ្សត និងមិត្តរួមសាលា នៅថ្ងៃខួបទី៥០ឆ្នាំនៃសាលាព្រះគម្ពីរ។ កាលនោះ ខ្ញុំបានដើរទៅរកវេទិការ ដោយមានក្រដាស់សម្រាប់អាន កាន់នៅក្នុងដៃ ហើយក៏បានមើលទៅមនុស្សមួយហ្វូងធំ នៅពីមុខខ្ញុំ ប៉ុន្តែ ភ្នែករបស់ខ្ញុំបានផ្តោតទៅលើសាស្រ្តាចារ្យទាំងឡាយ ដែលកំពុងអង្គុយនៅជួរមុខគេ ដោយមានពាក់អាវវែងរបស់សាស្ត្រាចារ្យ ហើយមានទឹកមុខម៉ឺងម៉ាត់ណាស់។ ភ្លាមៗនោះ ខ្ញុំស្រាប់តែមានការភាន់ភាំង។ មាត់របស់ខ្ញុំប្រែជាស្ងួត ហើយហាក់ដូចជាបាត់បង់ការបញ្ជារ។ ខ្ញុំបាននិយាយខុសពាក្យ នៅក្នុងពីរបីប្រយោគដំបូង ហើយបន្ទាប់មក ខ្ញុំក៏បានចាប់ផ្តើមនិយាយត្រូវជាងមុន។ ដោយសារខ្ញុំភាន់ភាំងមិនដឹងថា ខ្លួនឯងនិយាយដល់ចំណុចណា ខ្ញុំក៏បានចាប់ផ្តើមបើកទំព័រក្រដាស់ចុះឡើងៗ ហើយក៏បាននិយាយពាក្យមួយឃ្លា ដែលគ្មាននរណាម្នាក់ស្តាប់យល់។ ប៉ុន្តែ ទីបំផុត ខ្ញុំក៏បាននិយាយចប់ រួចត្រឡប់ទៅកន្លែងអង្គុយវិញ ហើយក៏បានឈ្ងោកមុខជាប់។ ពេលនោះ ខ្ញុំមានអារម្មណ៍ថា លែងចង់រស់ទៀតហើយ ខ្មាស់គេណាស់។
ទោះជាយ៉ាងណាក៏ដោយ ខ្ញុំរៀនសូត្របានថា ការខ្មាស់អៀនអាចជារឿងល្អ បើសិនជាវានាំឲ្យមានការបន្ទាបខ្លួន ព្រោះវាជាគន្លឹះដែលធ្វើឲ្យព្រះទ្រង់សព្វព្រះទ័យនឹងយើង។ ព្រះគម្ពីរបានចែងថា “ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ តែទ្រង់ផ្តល់ព្រះគុណមកពួករាបសាវិញ”(យ៉ាកុប ៤:៦)។ ព្រះអង្គចាក់បង្ហូរព្រះគុណព្រះអង្គ មកលើមនុស្សដែលបន្ទាបខ្លួន។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា ព្រះអង្គយកព្រះទ័យទុកដាក់ ចំពោះមនុស្សណាដែលក្រលំបាក ហើយមានចិត្តខ្ទេចខ្ទាំ ជាអ្នកដែលញ័រញាក់ ដោយឮព្រះបន្ទូលព្រះអង្គ(អេសាយ ៦៦:២)។ កាលណាយើងបន្ទាបខ្លួន នៅចំពោះព្រះ ព្រះអង្គនឹងលើកយើងឡើង(យ៉ាកុប ៤:១០)។
ការបាក់មុខ និងភាពអាម៉ាស់ អាចនាំយើងចូលទៅរកព្រះជាម្ចាស់ ដើម្បីឲ្យព្រះអង្គកែប្រែយើង។ ពេលណាយើងដួលចុះ គឺយើងដួលនៅក្នុងព្រះហស្តព្រះអង្គ។—DAVID H. ROPER