លោកស៊ូ ដុងប៉ូ(Sun Dongpo ឬហៅម្យ៉ាងទៀតថា ស៊ូ ស៊ី) ស្ថិតក្នុងចំណោមអ្នកនិពន្ធកំណាព្យ និងតែងសេចក្តី ដែលល្បីល្បាញបំផុតរបស់ប្រទេសចិន។ កាលគាត់កំពុងតែរស់នៅក្នុងការនិរទសខ្លួន គាត់បានគយគន់ព្រះច័ន្ទពេញវង្ស ហើយក៏បាននិពន្ធបទកំណាព្យមួយបទ ដែលពិពណ៌នា អំពីសេចក្តីនឹករឭកចំពោះប្អូនប្រុសគាត់។ គាត់បានសរសេរថា “យើងអរសប្បាយ ហើយកើតទុក្ខ ប្រមូលឥវ៉ាន់ ហើយចាកចេញ ខណៈពេលដែលពន្លឺព្រះច័ន្ទបានថយចុះ ហើយភ្លឺឡើងវិញ។ ចាប់តាំងពីសម័យបុរាណមក គ្មានអ្វីដែលល្អឥតខ្ចោះឡើយ។ សូមឲ្យមនុស្សជាទីស្រឡាញ់របស់យើងមានអាយុវែង គយគន់ទេសភាពដ៏ស្រស់ស្អាតនេះជាមួយគ្នា ទោះនៅឆ្ងាយពីគ្នារាប់ពាន់គីឡូម៉ែត្រក៏ដោយ”។
បទកំណាព្យរបស់គាត់ មានខ្លឹមសារដែលយើងអាចរកឃើញ ក្នុងកណ្ឌគម្ពីរសាស្តា។ អ្នកនិពន្ធ ដែលជាសាស្តា ឬគ្រូបង្រៀន(១:១) បានធ្វើការសង្កេតឃើញថា “មានពេលយំ និងពេលសើច … មានពេលដែលគួរឱបថើប និងពេលដែលគួរលែងឱបថើប”(៣:៤-៥)។ នៅក្នុងការពិពណ៌នា អំពីសកម្មភាពផ្ទុយគ្នាទំាងអស់នេះ អ្នកនិពន្ធ ដែលជាសាស្តាហាក់ដូចជាបានប្រាប់យើងថា អ្វីៗទាំងអស់ដែលល្អត្រូវតែឈានដល់ទីបញ្ចប់។
លោកស៊ូ ដុងប៉ូបានយល់ឃើញថា ពន្លឺនៃស្ថានព្រះច័ន្ទដែលថយចុះ និងកើនឡើង គឺជាសញ្ញាបង្ហាញថា គ្មានអ្វីដែលល្អឥតខ្ចោះឡើយ យ៉ាងណាមិញ អ្នកនិពន្ធកណ្ឌគម្ពីរសាស្តាក៏បានមើលឃើញសណ្តាប់ធ្នាប់នៃស្នាព្រះហស្ត ដែលព្រះជាម្ចាស់បានរៀបចំ ក្នុងពិភពលោកដែលព្រះអង្គបានបង្កើត។ ព្រះជាម្ចាស់បានគ្រប់គ្រងព្រឹត្តិការណ៍ ឬបាតុភូតិធម្មជាតិទាំងឡាយ ហើយ “ទ្រង់បានបង្កើតរបស់សព្វសារពើឲ្យល្អតាមរដូវកាល”(ខ.១១)។
យើងមិនអាចទាយ ឬស្មានថា ជីវិតរបស់យើងនឹងទៅជាយ៉ាងណាឡើយ ហើយជួនកាល ជីវិតយើងមានពេញដោយការបាក់បែកដ៏ឈឺចាប់ ប៉ុន្តែ យើងអាចមានសង្ឃឹមឡើង ដោយដឹងថា រឿងទាំងអស់សុទ្ធតែកើតឡើង ក្រោមការគ្រប់គ្រងរបស់ព្រះ។ យើងអាចអរសប្បាយនឹងជីវិតយើង ហើយអរព្រះគុណព្រះអង្គ សម្រាប់រឿងគ្រប់យ៉ាងដែលយើងបានជួប ទោះល្អឬអាក្រក់ ដ្បិតព្រះនៃសេចក្តីស្រឡាញ់ តែងតែគង់នៅក្បែរយើងជានិច្ច។—POH FANG CHIA