លោក​ស៊ូ ដុងប៉ូ(Sun Dongpo ឬ​ហៅ​ម្យ៉ាង​ទៀតថា​ ស៊ូ ស៊ី) ស្ថិត​ក្នុង​ចំណោម​អ្នក​និពន្ធ​កំណាព្យ និង​តែង​សេចក្តី ដែលល្បី​ល្បាញ​បំផុត​របស់​ប្រទេស​ចិន។ កាល​គាត់​កំពុង​តែ​រស់​នៅ​ក្នុង​ការ​និរទស​ខ្លួន គាត់​បាន​គយ​គន់​ព្រះ​ច័ន្ទ​ពេញ​វង្ស ហើយ​ក៏​បាន​និពន្ធ​បទ​កំណាព្យ​មួយ​បទ ដែល​ពិពណ៌នា អំពី​សេចក្តី​នឹក​រឭក​ចំពោះ​ប្អូន​ប្រុស​គាត់។ គាត់​បាន​សរសេរ​ថា “យើង​អរ​សប្បាយ ហើយ​កើត​ទុក្ខ ប្រមូល​ឥវ៉ាន់ ហើយ​ចាក​ចេញ​ ខណៈ​ពេល​ដែល​ពន្លឺ​ព្រះ​ច័ន្ទ​បាន​ថយ​ចុះ ហើយ​ភ្លឺឡើង​វិញ។ ចាប់​តាំង​ពី​សម័យ​បុរាណ​មក គ្មាន​អ្វី​ដែល​ល្អ​ឥត​ខ្ចោះ​ឡើយ។ សូម​ឲ្យ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​មានអាយុ​វែង ​គយ​គន់​ទេស​ភាព​ដ៏​ស្រស់​ស្អាត​នេះ​ជា​មួយ​គ្នា ទោះ​នៅ​ឆ្ងាយ​ពី​គ្នា​រាប់​ពាន់​គីឡូម៉ែត្រ​ក៏​ដោយ”។

បទ​កំណាព្យ​របស់​គាត់ មាន​ខ្លឹម​សារ​ដែល​យើង​អាច​រក​ឃើញ ក្នុង​កណ្ឌ​គម្ពីរ​សាស្តា។ អ្នក​និពន្ធ ដែល​ជា​សាស្តា ឬ​គ្រូ​បង្រៀន(១:១) បាន​ធ្វើ​ការ​សង្កេត​ឃើញ​ថា “មាន​ពេល​យំ និង​ពេល​សើច … មាន​ពេល​ដែល​គួរ​ឱប​ថើប និង​ពេល​ដែល​គួរ​លែង​ឱប​ថើប”(៣:៤-៥)។ នៅ​ក្នុង​ការ​ពិពណ៌​នា អំពី​សកម្ម​ភាព​ផ្ទុយ​គ្នា​ទំាង​អស់​នេះ អ្នក​និពន្ធ ដែល​ជា​សាស្តា​ហាក់ដូច​ជា​បាន​ប្រាប់​យើង​ថា អ្វី​ៗ​ទាំង​អស់​ដែល​ល្អ​ត្រូវ​តែ​ឈាន​ដល់​ទី​បញ្ចប់។​

លោក​ស៊ូ ដុងប៉ូ​បាន​យល់​ឃើញ​ថា ពន្លឺ​នៃ​ស្ថាន​ព្រះ​ច័ន្ទ​ដែល​ថយ​ចុះ និង​កើន​ឡើង គឺ​ជា​សញ្ញា​បង្ហាញ​ថា គ្មាន​អ្វី​ដែល​ល្អឥត​ខ្ចោះ​ឡើយ យ៉ាង​ណា​មិញ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​សាស្តា​ក៏​បាន​មើល​ឃើញ​សណ្តាប់​ធ្នាប់​នៃ​ស្នា​ព្រះ​ហស្ត​ ដែល​ព្រះ​ជាម្ចាស់​បាន​រៀប​ចំ ក្នុង​ពិភព​លោក​ដែល​ព្រះ​អង្គ​បាន​បង្កើត។ ព្រះ​ជា​ម្ចាស់​បាន​គ្រប់​គ្រង​ព្រឹត្តិ​ការណ៍ ឬ​បាតុ​ភូតិ​ធម្ម​ជាតិទាំង​ឡាយ ហើយ “ទ្រង់​បាន​បង្កើត​របស់​សព្វ​សារពើ​ឲ្យ​ល្អ​តាម​រដូវ​កាល”(ខ.១១)។

យើង​មិន​អាច​ទាយ ឬ​ស្មាន​ថា ជីវិត​របស់​យើង​នឹង​ទៅ​ជា​យ៉ាង​ណា​ឡើយ ហើយ​ជួន​កាល ជីវិត​យើង​មាន​ពេញ​ដោយការ​បាក់​បែក​ដ៏​ឈឺ​ចាប់ ប៉ុន្តែ យើង​អាច​មាន​សង្ឃឹម​ឡើង ដោយ​ដឹង​ថា រឿង​ទាំង​អស់​សុទ្ធ​តែ​កើត​ឡើង ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ។ យើង​អាច​អរ​សប្បាយ​នឹង​ជីវិត​យើង ហើយ​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​រឿង​គ្រប់​យ៉ាង​ដែល​យើង​បាន​ជួប ទោះ​ល្អ​ឬ​អាក្រក់ ដ្បិត​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ តែង​តែ​គង់​នៅ​ក្បែរ​យើង​ជា​និច្ច។​—POH FANG CHIA