កាលនៅក្មេង បងប្អូនខ្ញុំទាំង៦នាក់ បានសម្រុកចេញក្រៅផ្ទះ ពេលដែលបានឮភ្លេងរបស់ឡានលក់ការ៉េម។ ខ្លះពាក់ស្បែកជើង ខ្លះទៀតស្ទុះចេញតាមទ្វារផ្ទះតែម្តង ទាំងជើងទទេ។ ក្នុងរយៈពេលតែពីរបីវិនាទីសោះ យើងទាំងអស់បានរត់តាមផ្លូវចូលទីធ្លាផ្ទះ ដេញតាមឡានលក់ការ៉េម។ ថ្ងៃនោះ ជាថ្ងៃទីមួយ ក្នុងរដូវក្តៅ ហើយយើងយល់ថា ការញាំការ៉េមដ៏ត្រជាក់ និងផ្អែមឆ្ងាញ់នេះ ជាវិធីដ៏ល្អបំផុត ដើម្បីអបអរការមកដល់នៃរដូវក្តៅ។
មានរឿងជាច្រើនដែលយើងធ្វើ ដោយសារយើងចង់បានភាពសប្បាយរីករាយ ដោយមិនបានគិតអំពីវិន័យ ឬកាតព្វកិច្ចអ្វីឡើយ។
រឿងប្រៀបប្រដូចនៅក្នុងកណ្ឌគម្ពីរម៉ាថាយ ១៣:៤៤-៤៦ បាននិយាយសង្កត់ធ្ងន់ អំពីការលក់ទ្រព្យសម្បត្តិទាំងអស់ ដើម្បីទទួលបានអ្វីមួយ។ យើងគិតថា រឿងទំាងនេះនិយាយអំពីការលះបង់។ ប៉ុន្តែ នេះមិនមែនជាចំណុចសំខាន់បំផុតនៃរឿងទាំងនេះទេ។ តាមពិត រឿងទីមួយប្រកាស់ថា “ក្តីអំណរ” គឺជាកត្តាដែលនាំឲ្យបុរសនោះលក់អ្វីៗទាំងអស់ ដើម្បីទិញចំការនោះ។ ក្តីអំណរជំរុញឲ្យមានការផ្លាស់ប្តូរ គឺមិននាំទៅរកកំហុស ឬកាតព្វកិច្ចនោះឡើយ។
ព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងថ្វាយចិត្តយើងទាំងមូល ដល់ព្រះអង្គ គឺមិនមែនថ្វាយតែមួយចំណែកនោះឡើយ។ បុរសទាំងពីរក្នុងរឿងប្រៀបប្រដូច បាន “លក់ទ្រព្យសម្បត្តិទាំងអស់”(ខ.៤៤)។ ប៉ុន្តែ ដែលល្អបំផុតនោះគឺ ជាលទ្ធផលការលក់អ្វីៗទាំងអស់ បាននាំឲ្យពួកគេទទួលបាននូវផលចំណេញយ៉ាងពិតប្រាកដ។ រឿងនេះប្រហែលជាលើសពីការរំពឹងគិតរបស់យើង។ តើជីវិតគ្រីស្ទបរិស័ទមិនមែនជាការលីឈើឆ្កាងទេឬ? ជាការពិតណាស់ យើងត្រូវលីឈើឆ្កាងរាល់ថ្ងៃ។ ប៉ុន្តែ ពេលណាយើងថ្វាយជីវិតដល់ព្រះអង្គ យើងនឹងមានជីវិតថ្មី។ ពេលណាយើងបាត់ជីវិត ដោយយល់ដល់ព្រះអង្គ នោះនឹងបានជីវិតវិញ។ ពេលណាយើង “លះបង់អ្វីៗទាំងអស់”ថ្វាយព្រះយេស៊ូវ យើងនឹងរកបានព្រះយេស៊ូវ ដែលជាទ្រព្យសម្បត្តិដែលប្រសើរបំផុត! សរុកមក ក្តីអំណរគឺជាមូលហេតុ ហើយការលះបង់ គឺជាការឆ្លើយតប។ ការស្គាល់ព្រះយេស៊ូវ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលយើងទទួលបានជារង្វាន់។—GLENN PACKIAM