កាល​នៅ​ក្មេង បង​ប្អូន​ខ្ញុំ​ទាំង​៦​នាក់ បាន​សម្រុក​ចេញ​ក្រៅ​ផ្ទះ ពេល​ដែល​បាន​ឮ​ភ្លេង​របស់​ឡាន​លក់​ការ៉េម។ ខ្លះ​ពាក់ស្បែក​ជើង ខ្លះ​ទៀត​ស្ទុះ​ចេញ​តាម​ទ្វារ​ផ្ទះ​តែ​ម្តង ទាំង​ជើង​ទទេ។ ក្នុង​រយៈ​ពេល​តែ​ពីរ​បី​វិនាទី​សោះ យើង​ទាំង​អស់​បាន​រត់​តាម​ផ្លូវ​ចូល​ទីធ្លា​ផ្ទះ ដេញ​តាម​ឡាន​លក់​ការ៉េម។​ ថ្ងៃ​នោះ ជា​ថ្ងៃ​ទី​មួយ ក្នុង​រដូវ​ក្តៅ ហើយ​យើង​យល់​ថា ការ​ញាំ​ការ៉េម​ដ៏ត្រជាក់ និង​ផ្អែម​ឆ្ងាញ់​នេះ ជា​វិធី​ដ៏​ល្អ​បំផុត ដើម្បី​អប​អរ​ការ​មក​ដល់​នៃ​រដូវ​ក្តៅ។​

មាន​រឿង​ជា​ច្រើន​ដែល​យើង​ធ្វើ ដោយសារ​យើង​ចង់​បាន​ភាព​សប្បាយ​រីក​រាយ ដោយ​មិន​បាន​គិត​អំពី​វិន័យ ឬ​កាតព្វ​កិច្ចអ្វី​ឡើយ។​

រឿង​ប្រៀប​ប្រដូច​នៅ​ក្នុង​កណ្ឌ​គម្ពីរ​ម៉ាថាយ ១៣:៤៤-៤៦ បាន​និយាយ​សង្កត់​ធ្ងន់ អំពី​ការ​លក់​ទ្រព្យ​សម្បត្តិ​ទាំង​អស់ ដើម្បី​ទទួល​បាន​អ្វី​មួយ។ យើង​គិត​ថា រឿង​ទំាង​នេះ​និយាយ​អំពី​ការ​លះ​បង់។ ប៉ុន្តែ នេះ​មិន​មែន​ជា​ចំណុច​សំខាន់​បំផុត​នៃ​រឿង​ទាំង​នេះ​ទេ។ តាម​ពិត រឿង​ទីមួយ​ប្រកាស់​ថា “ក្តី​អំណរ” គឺ​ជា​កត្តា​ដែល​នាំ​ឲ្យ​បុរស​នោះ​លក់​អ្វី​ៗ​ទាំង​អស់ ដើម្បីទិញ​ចំការ​នោះ។ ក្តី​អំណរ​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ គឺ​មិន​នាំ​ទៅ​រក​កំហុស ឬ​កាតព្វ​កិច្ច​នោះ​ឡើយ។​

ព្រះ​យេស៊ូវ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ថ្វាយ​ចិត្ត​យើង​ទាំង​មូល ដល់​ព្រះ​អង្គ គឺ​មិន​មែន​ថ្វាយ​តែ​មួយ​ចំណែក​នោះ​ឡើយ។ បុរស​ទាំង​ពីរ​ក្នុង​រឿង​ប្រៀប​ប្រដូច បាន “លក់​ទ្រព្យ​សម្បត្តិ​ទាំង​អស់”(ខ.៤៤)។ ប៉ុន្តែ ដែល​ល្អ​បំផុត​នោះ​គឺ ជា​លទ្ធ​ផលការ​លក់​អ្វី​ៗ​ទាំង​អស់ បាន​នាំ​ឲ្យ​ពួក​គេ​ទទួល​បាន​នូវ​ផល​ចំណេញ​យ៉ាង​ពិត​ប្រាកដ។​ រឿង​នេះ​ប្រហែលជា​លើស​ពី​ការរំពឹង​គិត​របស់​យើង។ តើ​ជីវិត​គ្រីស្ទបរិស័ទ​មិន​មែន​ជា​ការ​លី​ឈើ​ឆ្កាង​ទេ​ឬ? ជា​ការ​ពិត​ណាស់ យើង​ត្រូវ​លី​ឈើ​ឆ្កាង​រាល់​ថ្ងៃ។ ប៉ុន្តែ ពេល​ណា​យើង​ថ្វាយ​ជីវិត​ដល់​ព្រះ​អង្គ យើង​នឹង​មាន​ជីវិត​ថ្មី។ ពេល​ណា​យើង​បាត់​ជីវិត ដោយ​យល់​ដល់​ព្រះអង្គ នោះ​នឹង​បាន​ជីវិត​វិញ។ ពេល​ណា​យើង “លះ​បង់​អ្វី​ៗ​ទាំង​អស់”ថ្វាយ​ព្រះ​យេស៊ូវ យើង​នឹង​រក​បាន​ព្រះ​យេស៊ូវ ដែលជា​ទ្រព្យ​សម្បត្តិ​ដែល​ប្រសើរ​បំផុត! សរុក​មក ក្តី​អំណរ​គឺ​ជា​មូល​ហេតុ ហើយ​ការ​លះ​បង់ គឺ​ជា​ការ​ឆ្លើយ​តប។​ ការ​ស្គាល់ព្រះ​យេស៊ូវ គឺ​ជា​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ ដែល​យើង​ទទួល​បាន​ជា​រង្វាន់។—GLENN PACKIAM