មានពេលមួយ ព្យុះដែលមានផ្គររន្ទះខ្លាំង បានបក់កាត់ក្រុងរបស់ខ្ញុំ ដោយបន្សល់ទុកនូវសំណើមក្នុងកំរិតខ្ពស់ ហើយផ្ទៃមេឃក៏បានប្រែជាងងឹត។ ខ្ញុំក៏បាននាំឆ្កែរបស់ខ្ញុំឈ្មោះខាលី(Callie) ទៅដើរលេងខាងក្រៅពេលល្ងាច។ ពេលនោះ ខ្ញុំបានគិតអំពីបញ្ហាប្រឈមនៃការផ្លាស់ប្តូរទីលំនៅរបស់គ្រួសារខ្ញុំទៅរដ្ឋផ្សេង ដែលជាបន្ទុកកាន់តែធ្ងន់ ក្នុងចិត្តខ្ញុំ។ ដោយសារចិត្តនឿយណាយ ចំពោះអ្វីៗដែលបានកើតឡើង ខុសយ៉ាងខ្លាំងពីការរំពឹងចង់បាន និងក្តីសង្ឃឹមដ៏ខ្ពស់របស់ខ្ញុំ ខ្ញុំក៏បានយឺតយ៉ាវ នៅក្នុងការឲ្យខាលីហិតក្លិនស្មៅ។ ខ្ញុំបានឮសម្លេងទឹកអូរហូរនៅក្បែរផ្ទះរបស់ខ្ញុំ ហើយក៏បានឃើញពន្លឺភ្លើងតូចល្អិតបញ្ចេញពន្លឺផ្លឹបភ្លែតៗ ពីលើផ្កាព្រៃដែលបានដុះឡើងតាមច្រាំងអូរ។ តាមពិត ពួកវាជាសត្វអំពិលអំពែក។
ពេលនោះព្រះអម្ចាស់ក៏បានហ៊ុមព័ទ្ធខ្ញុំ ដោយសន្តិភាព ខណៈពេលដែលខ្ញុំគយគន់ពន្លឺផ្លឹបភ្លែតៗរបស់សត្វអំពិលអំពែក ក្នុងស្បែអន្ធកាល។ ខ្ញុំក៏បានគិតអំពីបទចម្រៀងរបស់ស្តេចដាវីឌ ដែលជាអ្នកនិពន្ធបទគម្ពីរទំនុកដំកើង ដែលបានច្រៀងថា ព្រះអម្ចាស់បានអុជប្រទីបរបស់ទ្រង់ឲ្យភ្លឺឡើង(ទំនុកដំកើង ១៨:២៨)។ ស្តេចដាវីឌបានប្រកាស់ថា ព្រះទ្រង់បានធ្វើឲ្យសេចក្តីងងឹតរបស់ទ្រង់ ប្រែក្លាយជាពន្លឺ គឺបានបង្ហាញថា ទ្រង់មានការទុកចិត្ត ចំពោះការផ្គត់ផ្គង់ និងការការពាររបស់ព្រះអម្ចាស់(ខ.២៩-៣០)។ ដោយមានជំនួយមកពីព្រះ នោះទ្រង់អាចប្រឈមមុខដាក់បញ្ហាគ្រប់យ៉ាង(ខ.៣២-៣៥)។ ស្តេចដាវីឌបានទុកចិត្តថា ព្រះអម្ចាស់គង់នៅជាមួយទ្រង់គ្រប់កាលៈទេសៈទាំងអស់ បានជាទ្រង់សន្យាថានឹងសរសើរដំកើងព្រះអង្គ ក្នុងចំណោមជាតិសាសន៍ទាំងឡាយ ហើយច្រៀងសរសើរព្រះនាមព្រះអង្គ(ខ.៣៦-៤៩)។
ទោះយើងកំពុងតែអត់ទ្រំានឹងខ្យល់ព្យុះ ក្នុងជីវិតយើង ឬកំពុងអរសប្បាយនឹងភាពស្ងប់សុខ បន្ទាប់ពីព្យុះភ្លៀងបានកន្លងផុតទៅ សន្តិភាព ឬសេចក្តីសុខសាន្តនៃព្រះវត្តមានព្រះ បានបំភ្លឺផ្លូវយើង ឆ្លងកាត់ភាពងងឹត។ ព្រះដ៏មានព្រះជន្មរស់ នឹងតែងតែធ្វើជាកម្លាំង ជម្រក និងធ្វើជាអ្នកទ្រទ្រង់ និងរំដោះយើងជានិច្ច។—XOCHITL DIXON