មាន​ពេល​មួយ​កូន​ស្រី​ពៅ​របស់​ខ្ញុំ​ចង់​ឲ្យ​ខ្ញុំ​លេង​ជា​មួយ​នាង បាន​ជា​នាង​សួរ​ខ្ញុំ​ថា “ប៉ា ហេតុអ្វី​ប៉ា​ត្រូវ​ទៅ​ធ្វើ​ការ?” បើ​ឲ្យ​ខ្ញុំជ្រើស​រើស ខ្ញុំ​ចង់​នៅ​លេង​ជា​មួយ​នាង ជា​ជាង​ទៅ​ធ្វើ​ការ ប៉ុន្តែ នៅ​កន្លែង​ធ្វើ​ការ មាន​ការ​ងារ​កាន់​តែ​ច្រើន ដែល​ខ្ញុំ​ត្រូវ​ផ្តោត​អារម្មណ៍។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សំណួរ​របស់​នាង ជា​សំណួរ​ដ៏​ល្អ។ ហេតុ​អ្វី​យើង​ធ្វើ​ការ? តើ​មិន​មែន​ដើម្បី​រក​ប្រាក់​ចំណូល​ផ្គត់​ផ្គង់​ខ្លួន​ឯង និង​មនុស្ស​ជា​ទី​ស្រឡាញ់​ទេ​ឬ? ចុះ​ចំណែក​ឯ​ការងារ​ខ្លះ​ដែល​មិន​ផ្តល់​ផល​កំរៃ ហេតុ​អ្វី​យើងត្រូវ​ធ្វើ​វា​ដែរ?

បទ​គម្ពីរ​លោកុប្បត្តិ ជំពូក​២ បាន​ចែង​ថា ព្រះ​ជា​ម្ចាស់​បាន​ដាក់​មនុស្ស​ដំបូង ក្នុង​សួន​ច្បារ​អេដែន ដើម្បី “ធ្វើ​ការ​ និង​ថែរក្សា”(ខ.១៥)។ ឪពុក​ក្មេក​ខ្ញុំ​ជា​កសិករ ហើយ​ជា​ញឹក​ញាប់ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ធ្វើ​ការ​ក្នុង​កសិដ្ឋាន ដោយ​សារ​គាត់​មាន​សេចក្តី​ស្រឡាញ់​យ៉ាង​ខ្លាំង ចំពោះ​ដី និង​សត្វ​ស្រុក​របស់​គាត់។ ប៉ុន្តែ សម្រាប់​អ្នក​ដែល​មិន​ចូល​ចិត្ត​ការងារ​ដែលខ្លួន​កំពុង​តែ​ធ្វើ ពួក​គេ​មាន​សំណួរ​មួយ​ដែល​ពិបាក​ឆ្លើយ។​ ហេតុ​អ្វី​បាន​ជា​ព្រះ​ជាម្ចាស់ ឲ្យ​យើង​ធ្វើ​កិច្ចការ នៅ​កន្លែង​ណា​មួយ?

បទ​គម្ពីរ​លោកុប្បត្តិ ជំពូក១ បាន​ឆ្លើយ​ប្រាប់​យើង​ថា ព្រះ​ជា​ម្ចាស់​បាន​បង្កើត​យើង​មក ឲ្យ​មាន​រូប​ភាព​ដូច​ព្រះ​អង្គ ដើម្បី​ឲ្យ​យើង​ថែរក្សា​ពិភព​លោក​ដែល​ព្រះ​អង្គ​បាន​បង្កើត​(ខ.២៦)។ ព្រះ​ជា​ម្ចាស់​មិន​បាន​បង្កើត​យើង​មក ធ្វើ​ជា​ទាសករ​របស់​ព្រះ​អង្គ​ឡើយ។ បទ​គម្ពីរ​លោកុប្បត្តិ​បាន​ប្រកាស់​ថា ព្រះ​ពិត​តែ​មួយ​បាន​បង្កើត​មនុស្ស ​ឲ្យ​ធ្វើ​ជា​អ្នក​តំណាង​របស់​ព្រះ​អង្គ និង​ធ្វើ​ជា​អ្នក​ថែរក្សា​អ្វី​ដែល​ព្រះ​អង្គ​បាន​បង្កើត។ ចូរ​យើង​នំា​លោកិយ ឲ្យ​ស្គាល់​ការ​រៀប​ចំ​ដ៏​ឆ្លាត​វ័យ និង​ប្រកប​ដោយ​ក្តីស្រឡាញ់​របស់​ព្រះ​អង្គ។ ព្រះ​អង្គ​បាន​ត្រាស់​ហៅ​យើង ឲ្យ​ថែរក្សា​ពិភព​លោក​របស់​ព្រះ​អង្គ​ជា​ប្រយោជន៍ ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ​អង្គ។​—GLENN PACKIAM