មានពេលមួយកូនស្រីពៅរបស់ខ្ញុំចង់ឲ្យខ្ញុំលេងជាមួយនាង បានជានាងសួរខ្ញុំថា “ប៉ា ហេតុអ្វីប៉ាត្រូវទៅធ្វើការ?” បើឲ្យខ្ញុំជ្រើសរើស ខ្ញុំចង់នៅលេងជាមួយនាង ជាជាងទៅធ្វើការ ប៉ុន្តែ នៅកន្លែងធ្វើការ មានការងារកាន់តែច្រើន ដែលខ្ញុំត្រូវផ្តោតអារម្មណ៍។ ទោះជាយ៉ាងណាក៏ដោយ សំណួររបស់នាង ជាសំណួរដ៏ល្អ។ ហេតុអ្វីយើងធ្វើការ? តើមិនមែនដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ខ្លួនឯង និងមនុស្សជាទីស្រឡាញ់ទេឬ? ចុះចំណែកឯការងារខ្លះដែលមិនផ្តល់ផលកំរៃ ហេតុអ្វីយើងត្រូវធ្វើវាដែរ?
បទគម្ពីរលោកុប្បត្តិ ជំពូក២ បានចែងថា ព្រះជាម្ចាស់បានដាក់មនុស្សដំបូង ក្នុងសួនច្បារអេដែន ដើម្បី “ធ្វើការ និងថែរក្សា”(ខ.១៥)។ ឪពុកក្មេកខ្ញុំជាកសិករ ហើយជាញឹកញាប់ គាត់បានប្រាប់ខ្ញុំថា គាត់ធ្វើការក្នុងកសិដ្ឋាន ដោយសារគាត់មានសេចក្តីស្រឡាញ់យ៉ាងខ្លាំង ចំពោះដី និងសត្វស្រុករបស់គាត់។ ប៉ុន្តែ សម្រាប់អ្នកដែលមិនចូលចិត្តការងារដែលខ្លួនកំពុងតែធ្វើ ពួកគេមានសំណួរមួយដែលពិបាកឆ្លើយ។ ហេតុអ្វីបានជាព្រះជាម្ចាស់ ឲ្យយើងធ្វើកិច្ចការ នៅកន្លែងណាមួយ?
បទគម្ពីរលោកុប្បត្តិ ជំពូក១ បានឆ្លើយប្រាប់យើងថា ព្រះជាម្ចាស់បានបង្កើតយើងមក ឲ្យមានរូបភាពដូចព្រះអង្គ ដើម្បីឲ្យយើងថែរក្សាពិភពលោកដែលព្រះអង្គបានបង្កើត(ខ.២៦)។ ព្រះជាម្ចាស់មិនបានបង្កើតយើងមក ធ្វើជាទាសកររបស់ព្រះអង្គឡើយ។ បទគម្ពីរលោកុប្បត្តិបានប្រកាស់ថា ព្រះពិតតែមួយបានបង្កើតមនុស្ស ឲ្យធ្វើជាអ្នកតំណាងរបស់ព្រះអង្គ និងធ្វើជាអ្នកថែរក្សាអ្វីដែលព្រះអង្គបានបង្កើត។ ចូរយើងនំាលោកិយ ឲ្យស្គាល់ការរៀបចំដ៏ឆ្លាតវ័យ និងប្រកបដោយក្តីស្រឡាញ់របស់ព្រះអង្គ។ ព្រះអង្គបានត្រាស់ហៅយើង ឲ្យថែរក្សាពិភពលោករបស់ព្រះអង្គជាប្រយោជន៍ ដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ។—GLENN PACKIAM