ពេលដែលលោក ផាផា ចន(Papa John) បានដឹងខ្លួនថា គាត់មានជម្ងឺមហារីកដំណាក់កាលចុងក្រោយ គាត់ និងភរិយាគាត់ឈ្មោះ ឃែរ៉ូល(Carol) បានដឹងថា ព្រះជាម្ចាស់កំពុងតែត្រាស់ហៅពួកគេ ឲ្យចែករំលែករឿងនេះ នៅតាមបណ្តាញអ៊ីនធើណិត។ ពួកគេជឿថា ព្រះជាម្ចាស់នឹងធ្វើការ តាមរយៈភាពកម្សោយរបស់ពួកគេ ដូចនេះ ពួកគេក៏បានបង្ហោះសារ ដែលនិយាយអំពីក្តីអំណរ ទុក្ខព្រួយ និងការឈឺចាប់ អស់រយៈពេលពីរឆ្នាំ។
ពេលដែលអ្នកស្រីឃែរ៉ូល បង្ហោះសារថា ស្វាមីរបស់គាត់បាន “ទៅនៅក្នុងព្រះហស្តរបស់ព្រះយេស៊ូវ” មនុស្សរាប់រយនាក់ បានឆ្លើយតប ដោយពួកគេជាច្រើននាក់បានអរគុណអ្នកស្រីឃែរ៉ូល សម្រាប់ការចែកចាយដោយបើកចំហរ។ មនុស្សម្នាក់បានសរសេរថា ដំណឹងមរណៈភាពរបស់គ្រីស្ទបរិស័ទ គឺជាដំណឹងដ៏មានន័យ ព្រោះ “យើងរាល់គ្នានឹងស្លាប់នៅថ្ងៃណាមួយ”។ មនុស្សម្នាក់ទៀត ក៏បាននិយាយថា ទោះគាត់មិនដែលបានជួបគូស្វាមីភរិយានេះក៏ដោយ ក៏គាត់អាចបង្ហាញអារម្មណ៍ថា គាត់បានទទួលការលើកទឹកចិត្តជាច្រើន តាមរយៈទីបន្ទាល់នៃការទុកចិត្តព្រះ។
ទោះពេលខ្លះ លោកចនមានការឈឺចាប់ជាពន់ពេក នៅក្នុងរូបកាយគាត់ក៏ដោយ ក៏គាត់ និងអ្នកស្រីឃែរ៉ូល បានចែកចាយរឿងរបស់ពួកគេ ដើម្បីបង្ហាញថា ព្រះជាម្ចាស់បានទ្រទ្រង់ពួកគេ។ ពួកគេដឹងថា ទីបន្ទាល់របស់ពួកគេ នឹងបង្កើតផលផ្លែថ្វាយព្រះ។ ក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅលោកធីម៉ូថេ ក្នុងពេលដែលគាត់រងទុក្ខ គាត់បានមានប្រសាសន៍ថា “ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំបានជឿតាម ហើយខ្ញុំជឿពិតថា ទ្រង់អាចនឹងថែរក្សាបញ្ញើ ដែលខ្ញុំបានផ្ញើទុកនឹងទ្រង់ ដរាបដល់ថ្ងៃនោះឯង”(២ធីម៉ូថេ ១:១២)។
ព្រះជាម្ចាស់ថែមទាំងអាចប្រើការស្លាប់របស់មនុស្សជាទីស្រឡាញ់របស់យើង ដើម្បីពង្រឹងជំនឿយើង និងអ្នកដទៃ តាមរយៈព្រះគុណដែលយើងបានទទួលក្នុងព្រះគ្រីស្ទ យេស៊ូវ(ខ.៩)។ បើសិនជាអ្នកបានឆ្លងកាត់ការឈឺចាប់ និងទុក្ខលំបាក ចូរដឹងថា ព្រះអង្គអាចប្រទានការកម្សាន្តចិត្ត និងសន្តិភាពជានិច្ច។—AMY BOUCHER PYE