ពេល​ដែល​លោក ផាផា ចន(Papa John) បាន​ដឹង​ខ្លួន​ថា គាត់​មាន​ជម្ងឺ​មហា​រីក​ដំណាក់​កាល​ចុង​ក្រោយ គាត់ និង​ភរិយា​គាត់​ឈ្មោះ ឃែរ៉ូល(Carol) បាន​ដឹង​ថា ព្រះ​ជា​ម្ចាស់​កំពុង​តែ​ត្រាស់​ហៅ​ពួក​គេ ឲ្យ​ចែក​រំលែក​រឿង​នេះ នៅ​តាម​បណ្តាញ​អ៊ីនធើណិត។ ពួក​គេ​ជឿ​ថា ព្រះ​ជា​ម្ចាស់​នឹង​ធ្វើ​ការ តាម​រយៈ​ភាព​កម្សោយ​របស់​ពួក​គេ ដូច​នេះ ពួក​គេ​ក៏​បាន​បង្ហោះ​សារ ដែល​និយាយ​អំពី​ក្តី​អំណរ ទុក្ខ​ព្រួយ និង​ការ​ឈឺ​ចាប់ អស់​រយៈ​ពេល​ពីរ​ឆ្នាំ។​

ពេល​ដែល​អ្នក​ស្រី​ឃែរ៉ូល បង្ហោះ​សារ​ថា ស្វាមី​របស់​គាត់​បាន “ទៅ​នៅ​ក្នុង​ព្រះ​ហស្ត​របស់​ព្រះ​យេស៊ូវ” មនុស្ស​រាប់​រយនាក់ បាន​ឆ្លើយ​តប ដោយ​ពួក​គេ​ជា​ច្រើន​នាក់​បាន​អរ​គុណ​អ្នក​ស្រី​ឃែរ៉ូល សម្រាប់​ការ​ចែក​ចាយ​ដោយ​បើក​ចំហរ។ មនុស្ស​ម្នាក់​បាន​សរសេរ​ថា ដំណឹង​មរណៈ​ភាព​របស់​គ្រីស្ទ​បរិស័ទ គឺ​ជា​ដំណឹង​ដ៏​មាន​ន័យ​ ព្រោះ “យើង​រាល់​គ្នា​នឹង​ស្លាប់​នៅ​ថ្ងៃ​ណា​មួយ”។ មនុស្ស​ម្នាក់​ទៀត ក៏​បាន​និយាយ​ថា ទោះ​គាត់​មិន​ដែល​បាន​ជួប​គូស្វាមី​ភរិយា​នេះ​ក៏​ដោយ ក៏​គាត់​អាច​បង្ហាញ​អារម្មណ៍​ថា គាត់​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ជា​ច្រើន តាម​រយៈ​ទី​បន្ទាល់​នៃ​ការ​ទុក​ចិត្ត​ព្រះ។​

ទោះ​ពេល​ខ្លះ លោក​ចន​មាន​ការ​ឈឺ​ចាប់​ជា​ពន់​ពេក នៅ​ក្នុង​រូប​កាយ​គាត់​ក៏​ដោយ ក៏​គាត់ និង​អ្នក​ស្រី​ឃែរ៉ូល បាន​ចែក​ចាយ​រឿង​របស់​ពួក​គេ ដើម្បី​បង្ហាញ​ថា ព្រះ​ជា​ម្ចាស់​បាន​ទ្រទ្រង់​ពួក​គេ។ ពួក​គេ​ដឹង​ថា ទី​បន្ទាល់​របស់​ពួក​គេ នឹង​បង្កើត​ផល​ផ្លែ​ថ្វាយ​ព្រះ។ ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​លោក​ធីម៉ូថេ ក្នុង​ពេល​ដែល​គាត់​រង​ទុក្ខ គាត់​បាន​មាន​ប្រសាសន៍​ថា “ដ្បិត​ខ្ញុំ​ស្គាល់​ព្រះ​ដែល​ខ្ញុំ​បាន​ជឿ​តាម ហើយ​ខ្ញុំ​ជឿ​ពិត​ថា ទ្រង់​អាច​នឹង​ថែ​រក្សា​បញ្ញើ ដែល​ខ្ញុំ​បាន​ផ្ញើ​ទុក​នឹង​ទ្រង់ ដរាប​ដល់​ថ្ងៃ​នោះ​ឯង”(២ធីម៉ូថេ ១:១២)។

ព្រះ​ជា​ម្ចាស់​ថែម​ទាំង​អាច​ប្រើ​ការ​ស្លាប់​របស់​មនុស្ស​ជា​ទីស្រឡាញ់​របស់​យើង ដើម្បី​ពង្រឹង​ជំនឿ​យើង និង​អ្នក​ដទៃ តាម​រយៈ​ព្រះ​គុណ​ដែល​យើង​បាន​ទទួល​ក្នុង​ព្រះ​គ្រីស្ទ យេស៊ូវ(ខ.៩)។ បើ​សិន​ជា​អ្នក​បាន​ឆ្លង​កាត់​ការ​ឈឺ​ចាប់ និង​ទុក្ខ​លំបាក ចូរ​ដឹង​ថា ព្រះ​អង្គ​អាច​ប្រទាន​ការ​កម្សាន្ត​ចិត្ត និង​សន្តិ​ភាព​ជា​និច្ច។​—AMY BOUCHER PYE