លោកថម(Tom) បានធ្វើការក្នុងក្រុមហ៊ុនច្បាប់មួយ ដែលផ្តល់ការប្រឹក្សាយោបល់ដល់ក្រុមហ៊ុនរបស់លោកបប់(Bob)។ អ្នកទាំងពីរក៏បានក្លាយជាមិត្តភក្តិ រហូតដល់ពេលដែលលោកថម បានបន្លំប្រាក់របស់ក្រុមហ៊ុនរបស់លោកបប់ អស់រាប់ពាន់ដុល្លា។ លោកបប់ឈឺចាប់ ហើយខឹងណាស់ ពេលបានដឹងពីរឿងនេះ ប៉ុន្តែ គាត់បានទទួលការប្រឹក្សាប្រកបដោយប្រាជ្ញា ពីនាយករងរបស់គាត់ ដែលជាអ្នកជឿព្រះគ្រីស្ទ។ លោកនាយករងបានកត់សំគាល់ឃើញថា លោកថម មានការខ្មាស់អៀនយ៉ាងខ្លាំង ហើយក៏បានផ្លាស់ប្រែចិត្តដែរ ដូចនេះ គាត់ក៏បានឲ្យយោបល់ទៅលោកបប់ ឲ្យដកពាក្យបណ្តឹង ហើយឲ្យលោកថមចូលធ្វើការជាមួយ។ គាត់ថា “សូមលោកឲ្យប្រាក់ខែគាត់ឲ្យបានសមរម្យ ដើម្បីឲ្យគាត់មានលុយសងក្រុមហ៊ុនវិញ។ អ្នកនឹងមានបុគ្គលិកម្នាក់ ដែលដឹងគុណ ហើយស្មោះត្រង់នឹងអ្នកបំផុត”។ លោកបប់ ក៏បានធ្វើតាមយោបល់នេះ ហើយលោកថមក៏បានចូលធ្វើការក្នុងក្រុមហ៊ុនលោកបប់។
ព្រះអង្គម្ចាស់មភីបូសែត ជាចៅស្តេចសូល ដែលមិនបានធ្វើអ្វីខុសឡើយ តែទ្រង់កំពុងតែជួបការលំបាក ក្នុងកាលដែលដាវីឌឡើងសោយរាជ្យ។ ស្តេចភាគច្រើនសម្លាប់កូនចៅរបស់រាជវង្សមុនៗផ្តាច់ពូជ។ ប៉ុន្តែ ស្តេចដាវីឌស្រឡាញ់ព្រះអង្គម្ចាស់យ៉ូណាថាន ដែលជាបុត្រាស្តេចសូល ហើយក៏បានចាត់ទុកកូនរបស់ទ្រង់ ដូចជាកូនបង្កើត(មើល ២សាំយ៉ូអែល ៩:១-១៣)។ ព្រះទ័យសណ្តោសរបស់ទ្រង់បាននាំឲ្យទ្រង់រកបានមិត្តសំឡាញ់មួយជីវិត។ ព្រះអង្គម្ចាស់មភីបូសែតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏បានទូលស្តេចដាវីឌថា “ដ្បិតព្រះវង្សនៃបិតាទូលបង្គំ បានដូចជាមនុស្សស្លាប់ហើយ នៅចំពោះព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំ ប៉ុន្តែ ទ្រង់បានប្រោសតម្រូវឲ្យទូលបង្គំ ជាបាវបំរើនៃទ្រង់ បាននៅក្នុងពួកនាក់ដែលបរិភោគនៅតុរបស់ទ្រង់”(១៩:២៨)។ ទ្រង់នៅតែស្មោះត្រង់ចំពោះស្តេចដាវីឌ សូម្បីតែនៅពេលដែលព្រះអង្គម្ចាស់អាប់សាឡំបានដេញតាមប្រហារស្តេចដាវីឌពីទីក្រុងយេរូសាឡិម(២សំាយ៉ូអែល ១៦:១-៤ ១៩:២៤-៣០)។
តើអ្នកមានមិត្តសំឡាញ់មួយជីវិតទេ? អ្នកប្រហែលជាត្រូវធ្វើនូវរឿងមួយដែលនឹកស្មានមិនដល់ សម្រាប់មនុស្សល្អដែលពិបាកស្វែងរក។ ពេលណាសភាវគតិរបស់អ្នកប្រាប់អ្នកឲ្យដាក់ទោសគេ នោះចូរជ្រើសរើសយកភាពសណ្តោស។ ចូរឲ្យគេទទួលខុសត្រូវ តែទន្ទឹមនឹងនោះ ត្រូវផ្តល់ឲ្យគេនូវឱកាសកែខ្លួន។ អ្នកនឹងរកបានមិត្តភក្តិដែលដឹងគុណ និងស្មោះស្ម័គ្របំផុត។ ចូរកុំគិតតាមអារម្មណ៍របស់អ្នក តែចូរគិតដោយចិត្តសណ្តោសវិញ។—MIKE WITTMER