លោក​ថម(Tom) បាន​ធ្វើ​ការ​ក្នុង​ក្រុម​ហ៊ុន​ច្បាប់​មួយ ដែល​ផ្តល់​ការ​ប្រឹក្សា​យោបល់​ដល់​ក្រុម​ហ៊ុន​របស់​លោក​បប់​(Bob)។ អ្នក​ទាំង​ពីរ​ក៏​បាន​ក្លាយ​ជា​មិត្ត​ភក្តិ រហូត​​ដល់​ពេល​ដែល​លោក​ថម បាន​បន្លំ​ប្រាក់​របស់​ក្រុម​ហ៊ុន​របស់​លោក​បប់ អស់​រាប់​ពាន់​ដុល្លា។ លោក​បប់​ឈឺ​ចាប់ ហើយ​ខឹង​ណាស់ ពេល​បាន​ដឹង​ពី​រឿង​នេះ ប៉ុន្តែ គាត់​បាន​ទទួល​ការ​ប្រឹក្សា​ប្រកប​ដោយប្រាជ្ញា ពី​នាយក​រង​របស់​គាត់ ដែល​ជា​អ្នក​ជឿ​ព្រះ​គ្រីស្ទ។​ លោក​នាយក​រង​បាន​កត់​សំគាល់​ឃើញ​ថា លោក​ថម មាន​ការខ្មាស់​អៀន​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​ផ្លាស់​ប្រែ​ចិត្ត​ដែរ ដូច​នេះ គាត់​ក៏​បាន​ឲ្យ​យោបល់​ទៅ​លោក​បប់ ឲ្យ​ដក​ពាក្យ​បណ្តឹង ហើយ​ឲ្យ​លោក​ថម​ចូល​ធ្វើ​ការ​ជា​មួយ។ គាត់​ថា “សូម​លោក​ឲ្យ​ប្រាក់​ខែ​គាត់​ឲ្យ​បាន​សមរម្យ ដើម្បី​ឲ្យ​គាត់​មាន​លុយ​សង​ក្រុម​ហ៊ុន​វិញ។ អ្នក​នឹង​មាន​បុគ្គលិក​ម្នាក់ ដែល​ដឹង​គុណ ហើយ​ស្មោះ​ត្រង់​នឹង​អ្នក​បំផុត”។ លោក​បប់ ក៏​បាន​ធ្វើ​តាម​យោបល់​នេះ ហើយ​លោក​ថម​ក៏​បាន​ចូល​ធ្វើ​ការ​ក្នុង​ក្រុម​ហ៊ុន​លោក​បប់។​

ព្រះ​អង្គ​ម្ចាស់​មភីបូសែត ជា​ចៅ​ស្តេច​សូល ដែល​មិន​បាន​ធ្វើ​អ្វី​ខុស​ឡើយ តែ​ទ្រង់​កំពុង​តែ​ជួប​ការ​លំបាក ក្នុង​កាល​ដែល​ដាវីឌ​ឡើង​សោយ​រាជ្យ។ ស្តេច​ភាគ​ច្រើន​សម្លាប់​កូន​ចៅ​របស់​រាជវង្ស​មុន​ៗ​ផ្តាច់​ពូជ។ ប៉ុន្តែ ស្តេច​ដាវីឌ​ស្រឡាញ់​ព្រះ​អង្គ​ម្ចាស់​យ៉ូណាថាន ដែល​ជា​បុត្រា​ស្តេច​សូល ហើយក៏​បាន​ចាត់​ទុក​កូន​របស់​ទ្រង់ ដូច​ជា​កូន​បង្កើត​(មើល ២សាំយ៉ូអែល ៩:១-១៣)។ ព្រះ​ទ័យ​សណ្តោស​របស់​ទ្រង់​បាន​នាំ​ឲ្យ​ទ្រង់​រក​បាន​មិត្ត​សំឡាញ់​មួយ​ជីវិត។ ព្រះ​អង្គ​ម្ចាស់​មភីបូសែត​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​ទូល​ស្តេច​ដាវីឌ​ថា “ដ្បិត​ព្រះវង្ស​នៃ​បិតា​ទូលបង្គំ បាន​ដូច​ជា​មនុស្ស​ស្លាប់​ហើយ នៅ​ចំពោះ​ព្រះករុណា​ជា​ព្រះអម្ចាស់​នៃ​ទូលបង្គំ ប៉ុន្តែ ទ្រង់​បាន​ប្រោស​តម្រូវ​ឲ្យ​ទូលបង្គំ ជា​បាវ​បំរើ​នៃ​ទ្រង់ បាន​នៅ​ក្នុង​ពួក​នាក់​ដែល​បរិភោគ​នៅ​តុ​របស់​ទ្រង់”(១៩:២៨)។ ទ្រង់​នៅ​តែ​ស្មោះ​ត្រង់​ចំពោះ​ស្តេច​ដាវីឌ សូម្បី​តែ​នៅ​ពេល​ដែលព្រះ​អង្គ​ម្ចាស់​អាប់សាឡំ​បាន​ដេញ​តាម​ប្រហារ​ស្តេចដាវីឌ​ពី​ទីក្រុង​យេរូសាឡិម​(២សំាយ៉ូអែល ១៦:១-៤ ១៩:២៤-៣០)។

តើ​អ្នក​មាន​មិត្ត​សំឡាញ់​មួយ​ជីវិត​ទេ? អ្នក​ប្រហែល​ជា​ត្រូវ​ធ្វើ​នូវ​រឿង​មួយដែល​​នឹក​ស្មានមិន​ដល់​ សម្រាប់​មនុស្ស​ល្អ​ដែលពិបាក​ស្វែង​រក។ ពេល​ណា​សភាវ​គតិ​របស់​អ្នក​ប្រាប់​អ្នក​ឲ្យ​ដាក់​ទោស​គេ នោះ​ចូរ​ជ្រើស​រើស​យក​ភាព​សណ្តោស។ ចូរ​ឲ្យ​គេ​ទទួល​ខុស​ត្រូវ តែ​ទន្ទឹម​នឹង​នោះ ត្រូវ​ផ្តល់​ឲ្យ​គេ​នូវ​ឱកាស​កែ​ខ្លួន។ អ្នក​នឹង​រក​បាន​មិត្ត​ភក្តិ​ដែល​ដឹង​គុណ​ និង​ស្មោះស្ម័គ្រ​បំផុត។ ចូរ​កុំ​គិត​តាម​អារម្មណ៍​របស់​អ្នក តែ​ចូរ​គិត​ដោយ​ចិត្ត​សណ្តោស​វិញ។​—MIKE WITTMER