វាមិនមែនជារឿងដែលគួរឲ្យភ្ញាក់ផ្អើលទេ ពេលដែលអ្នកម្តាយ ថេរីសា(Mother Teresa) បានទទួលពានរង្វាន់ណូបែលសន្តិភាព។ គាត់សក្តសមនឹងទទួលពានរង្វាន់នេះណាស់ ព្រោះពេញមួយជីវិតគាត់ គាត់បានយកគំរូតាមព្រះយេស៊ូវ ដោយបម្រើដល់អ្នកស្រេកឃ្លាន អ្នកដែលគ្មានសំលៀកបំពាក់ ជនអនាថា មនុស្សខ្វាក់ អ្នកកើតឃ្លង់ និងអស់អ្នកដែលមានអារម្មណ៍ថា គេមិនចង់រាប់រក មិនស្រឡាញ់ មិនយកចិត្តទុកដាក់ ក្នុងសង្គម។
ព្រះយេស៊ូវបានធ្វើជាគំរូ ដែលការយកចិត្តទុកដាក់ និងស្រឡាញ់ជនទុរគត ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។ នៅព្រះវិហារ ពេលដែលព្រះយេស៊ូវបានឃើញស្រ្តីពិការម្នាក់ ព្រះអង្គមានព្រះទ័យអាណឹតចំពោះនាង គឺខុសពីពួកអ្នកដឹកនាំសាលាប្រជុំរបស់សាសន៍យូដា ដែលគោរពក្រឹត្យវិន័យថ្ងៃឈប់សម្រាក ខ្លាំងជាងខ្វល់ពីអ្នកជម្ងឺ(លូកា ១៣:១៤)។ ព្រះអង្គមិនគ្រាន់តែបានទតឃើញភាពកម្សោយខាងរូបកាយ តែក៏បានឃើញស្នាព្រះហស្តរបស់ព្រះ កំពុងជាប់ក្នុងចំណងផងដែរ។ ព្រះអង្គក៏បានឲ្យនាងចូលមករកព្រះអង្គ “រួចទ្រង់ដាក់ព្រះហស្តលើនាង នោះនាងក៏បានក្រោកឡើង ហើយសរសើរដំកើងព្រះ”(ខ.១៣)។ ទ្រង់បានពាល់នាង ជាហេតុនាំឲ្យអ្នកដឹកនាំសាសនាមិនសប្បាយចិត្ត ព្រោះថ្ងៃនោះ ជាថ្ងៃឈប់សម្រាក។ ព្រះយេស៊ូវ ជាម្ចាស់នៃថ្ងៃបុណ្យឈប់សម្រាក(លូកា ៦:៥) បានសម្រេចព្រះទ័យប្រទានការប្រោសឲ្យជា ដល់ស្រ្តីនោះ ដែលជួបការលំបាក និងភាពទៀតថោក អស់រយៈពេលជិត២ទសវត្សរ៍មកហើយ។
រឿងនេះបានធ្វើឲ្យខ្ញុំឆ្ងល់ថា តើមានពេលប៉ុន្មានដងហើយ ដែលយើងយល់ថា នរណាម្នាក់មិនសក្តិសមនឹងទទួលក្តីអាណឹតរបស់យើង។ យើងប្រហែលជាធ្លាប់ជួបការបដិសេធន៍ ដោយសារយើងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ យើងប្រហែលជាខុសពីអ្នកដឹកនាំសាសនា ដែលខ្វល់អំពីក្រឹត្យវិន័យ ខ្លាំងជាងមនុស្ស។ ផ្ទុយទៅវិញ ចូរយើងយកតម្រាប់តាមព្រះយេស៊ូវ ហើយប្រព្រឹត្តចំពោះអ្នកដទៃ ដោយក្តីអាណិត សេចក្តីស្រឡាញ់ និងសេចក្តីថ្លៃថ្នូរ។—ESTERA PIROSCA ESCOBAR