វា​មិន​មែន​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ពេល​ដែល​អ្នក​ម្តាយ ថេរីសា(Mother Teresa) បាន​ទទួល​ពាន​រង្វាន់​ណូបែលសន្តិ​ភាព។ គាត់​សក្ត​សម​នឹង​ទទួល​ពាន​រង្វាន់​នេះ​ណាស់ ព្រោះ​ពេញ​មួយ​ជីវិត​គាត់ គាត់​បាន​យក​គំរូ​តាម​ព្រះ​យេស៊ូវ ដោយ​បម្រើ​ដល់​អ្នក​ស្រេក​ឃ្លាន អ្នក​ដែល​គ្មាន​សំលៀក​បំពាក់ ជន​អនា​ថា មនុស្ស​ខ្វាក់ អ្នក​កើត​ឃ្លង់ និង​អស់​អ្នក​ដែលមាន​អារម្មណ៍​ថា​ គេ​មិន​ចង់​រាប់រក មិន​ស្រឡាញ់ មិន​យក​ចិត្ត​ទុក​ដាក់ ក្នុង​សង្គម។

ព្រះ​យេស៊ូវ​បាន​ធ្វើ​ជា​គំរូ ដែល​ការ​យក​ចិត្ត​ទុក​ដាក់ និង​ស្រឡាញ់​ជន​ទុរគត ទោះ​ស្ថិត​ក្នុង​ស្ថាន​ភាព​ណា​ក៏​ដោយ។ នៅ​ព្រះ​វិហារ ពេល​ដែល​ព្រះ​យេស៊ូវ​បាន​ឃើញ​ស្រ្តី​ពិការ​ម្នាក់ ព្រះ​អង្គ​មាន​ព្រះ​ទ័យ​អាណឹត​ចំពោះ​នាង គឺ​ខុស​ពី​ពួក​អ្នកដឹក​នាំ​សាលា​ប្រជុំ​របស់​សាសន៍​យូដា ដែល​គោរព​ក្រឹត្យ​វិន័យ​ថ្ងៃ​ឈប់​សម្រាក ខ្លាំង​ជាង​ខ្វល់​ពី​អ្នក​ជម្ងឺ​(លូកា ១៣:១៤)។ ព្រះ​អង្គ​មិន​គ្រាន់​តែ​បាន​ទត​ឃើញ​ភាព​កម្សោយ​ខាង​រូប​កាយ តែ​ក៏​បាន​ឃើញ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ កំពុង​ជាប់​ក្នុង​ចំណង​ផង​ដែរ។ ព្រះ​អង្គ​ក៏​បាន​ឲ្យ​នាង​ចូល​មក​រក​ព្រះ​អង្គ “រួច​ទ្រង់​ដាក់​ព្រះហស្ត​លើ​នាង នោះ​នាង​ក៏​បាន​ក្រោក​ឡើង ហើយ​សរសើរ​ដំកើង​ព្រះ”(ខ.១៣)។ ទ្រង់​បាន​ពាល់​នាង ជា​ហេតុ​នាំ​ឲ្យ​អ្នក​ដឹក​នាំ​សាសនា​មិន​សប្បាយ​ចិត្ត ព្រោះ​ថ្ងៃ​នោះ ជា​ថ្ងៃ​ឈប់​សម្រាក។ ព្រះ​យេស៊ូវ ជា​ម្ចាស់​នៃ​ថ្ងៃ​បុណ្យ​ឈប់​សម្រាក​(លូកា ៦:៥) បាន​សម្រេច​ព្រះ​ទ័យ​ប្រទាន​ការ​ប្រោស​ឲ្យ​ជា ដល់​ស្រ្តី​នោះ ដែល​ជួប​ការ​លំបាក និង​ភាព​ទៀត​ថោក អស់​រយៈ​ពេល​ជិត​២​ទសវត្សរ៍​មក​ហើយ។​

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្ងល់​ថា តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​យើង​យល់​ថា នរណា​ម្នាក់​មិន​សក្តិសម​នឹង​ទទួល​ក្តី​អាណឹត​របស់​យើង។ យើង​ប្រហែល​ជា​ធ្លាប់​ជួប​ការ​បដិសេធន៍ ដោយសារ​យើង​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់។ យើង​ប្រហែល​ជា​ខុស​ពី​អ្នក​ដឹក​នាំ​សាសនា ដែល​ខ្វល់​អំពី​ក្រឹត្យ​វិន័យ ខ្លាំង​ជាង​មនុស្ស។ ផ្ទុយ​ទៅ​វិញ ចូរ​យើង​យក​តម្រាប់​តាម​ព្រះ​យេស៊ូវ ហើយ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ដោយ​ក្តី​អាណិត សេចក្តី​ស្រឡាញ់ និង​សេចក្តី​ថ្លៃ​ថ្នូរ។​—ESTERA PIROSCA ESCOBAR