មានពេលមួយ ខ្ញុំបានស្ម័គ្រចិត្តបង្រៀន អំពីការអធិស្ឋាន រយៈពេល៥សប្តាហ៍ ក្នុងព្រះវិហារក្នុងតំបន់មួយ។ ពេលនោះខ្ញុំមានការថប់បារម្ភ។ តើសិស្សរបស់ខ្ញុំ ជាមនុស្សប្រភេទណា? តើពួកគេនឹងចូលចិត្តខ្ញុំទេ? ការថប់បារម្ភរបស់ខ្ញុំ បាននាំឲ្យខ្ញុំមានការផ្តោតចិត្ត មិនបានត្រឹមត្រូវ បានជាខ្ញុំមានការរៀបចំជ្រុលពេក សម្រាប់ការបង្រៀន ស្លាយសម្រាប់ធ្វើបទបង្ហាញ និងក្រដាស់មេរៀនសម្រាប់ចែកសិស្ស។ ប៉ុន្តែ នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ ខ្ញុំនៅតែមិនទាន់បានលើកទឹកចិត្តគេឲ្យចូលរួម ឲ្យបានច្រើនដដែល។
ទោះជាយ៉ាងណាក៏ដោយ ពេលខ្ញុំអធិស្ឋាន ខ្ញុំក៏បាននឹកចាំថា ថ្នាក់រៀននេះគឺជាការបម្រើ ដែលបញ្ចេញពន្លឺរបស់ព្រះជាម្ចាស់។ ព្រះវិញ្ញាណបរិសុទ្ធនឹងប្រើថ្នាក់រៀននេះ ដើម្បីនាំមនុស្សឲ្យងាកទៅរកព្រះវរបិតាដែលគង់នៅស្ថានសួគ៌ នោះខ្ញុំត្រូវឈប់ថប់បារម្ភ អំពីការបង្រៀនរបស់ខ្ញុំទៀត។ ពេលដែលព្រះយេស៊ូវបង្រៀនពួកសិស្សព្រះអង្គ នៅក្នុងការអធិប្បាយនៅលើភ្នំ ព្រះអង្គបានប្រាប់ពួកគេថា “អ្នករាល់គ្នាជាពន្លឺនៃលោកីយ៍ ឯទីក្រុងណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ។ ក៏គ្មានអ្នកណាអុជចង្កៀង យកទៅដាក់ក្រោមថាំងដែរ គេតែងដាក់លើជើងចង្កៀងវិញ នោះទើបភ្លឺដល់អ្នកដែលនៅក្នុងផ្ទះទាំងអស់គ្នា”(ម៉ាថាយ ៥:១៤-១៥)។
បន្ទាប់ពីបានអានខគម្ពីរនេះហើយ ទីបំផុត ខ្ញុំក៏បានបង្ហោះអំពីថ្នាក់រៀននេះ នៅលើបណ្តាញសង្គម។ ភ្លាមៗនោះ មនុស្សជាច្រើនបានចាប់ផ្តើមចុះឈ្មោះចូលរៀន ដោយបង្ហាញចេញនូវការអរព្រះគុណព្រះអង្គ និងចិត្តរំភើបរីករាយ។ ពេលដែលខ្ញុំបានឃើញការឆ្លើយតបរបស់ពួកគេ ខ្ញុំក៏បាននឹកចាំអំពីការបង្រៀនរបស់ព្រះយេស៊ូវ ដែលបានចែងថា “ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌”(ខ.១៦)។
បន្ទាប់ពីបានទទួលការលើកទឹកចិត្តនេះហើយ ខ្ញុំក៏បានបង្រៀននៅក្នុងថ្នាក់រៀននេះ ដោយក្តីអំណរ។ ខ្ញុំសូមអធិស្ឋានថា ការប្រព្រឹត្តដ៏សាមញ្ញរបស់ខ្ញុំ នឹងក្លាយជាពន្លឺ ដែលនឹងលើកទឹកចិត្តអ្នកដទៃ ឲ្យបញ្ចេញពន្លឺថ្វាយព្រះផងដែរ។—PATRICIA RAYBON