មាន​ពេល​មួយ ខ្ញុំ​បាន​ស្ម័គ្រ​ចិត្ត​បង្រៀន អំពី​ការ​អធិស្ឋាន រយៈ​ពេល​៥​សប្តាហ៍ ក្នុង​ព្រះ​វិហារ​ក្នុង​តំបន់​មួយ។ ពេល​នោះខ្ញុំ​មាន​ការ​ថប់​បារម្ភ។ តើ​សិស្ស​របស់​ខ្ញុំ ជា​មនុស្ស​ប្រភេទ​ណា? តើ​ពួក​គេ​នឹង​ចូល​ចិត្ត​ខ្ញុំ​ទេ? ការ​ថប់​បារម្ភ​របស់​ខ្ញុំ បាន​នាំឲ្យ​ខ្ញុំ​មាន​ការ​ផ្តោត​ចិត្ត មិន​បាន​ត្រឹម​ត្រូវ បាន​ជា​ខ្ញុំ​មាន​ការ​រៀប​ចំ​ជ្រុល​ពេក សម្រាប់​ការ​បង្រៀន ស្លាយ​សម្រាប់​ធ្វើ​បទ​បង្ហាញ និង​ក្រដាស់​មេរៀន​សម្រាប់​ចែក​សិស្ស។ ប៉ុន្តែ នៅ​សល់​តែ​មួយ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ ខ្ញុំ​នៅ​តែ​មិន​ទាន់បាន​លើក​ទឹក​ចិត្ត​គេឲ្យចូល​រួម ​ឲ្យ​បាន​ច្រើនដដែល។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​ខ្ញុំ​អធិស្ឋាន ខ្ញុំ​ក៏​បាន​នឹក​ចាំ​ថា ថ្នាក់​រៀន​នេះ​គឺ​ជា​ការ​បម្រើ ​ដែល​បញ្ចេញ​ពន្លឺ​របស់​ព្រះ​ជាម្ចាស់។​ ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹងប្រើ​ថ្នាក់​រៀន​នេះ ដើម្បី​នាំ​មនុស្ស​ឲ្យ​ងាក​ទៅ​រក​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌ នោះ​ខ្ញុំត្រូវ​ឈប់​ថប់​បារម្ភ អំពី​ការ​បង្រៀន​របស់​ខ្ញុំ​ទៀត។ ពេល​ដែល​ព្រះ​យេស៊ូវ​បង្រៀន​ពួក​សិស្ស​ព្រះ​អង្គ នៅ​ក្នុង​ការ​អធិប្បាយ​នៅ​លើ​ភ្នំ ព្រះ​អង្គ​បាន​ប្រាប់​ពួក​គេ​ថា “អ្នក​រាល់​គ្នា​ជា​ពន្លឺ​នៃ​លោកីយ៍ ឯ​ទី​ក្រុង​ណា​ដែល​នៅ​លើ​ភ្នំ នោះ​លាក់​មិន​កំបាំង​ទេ។ ក៏​គ្មាន​អ្នក​ណា​អុជ​ចង្កៀង យក​ទៅ​ដាក់​ក្រោម​ថាំង​ដែរ គេ​តែង​ដាក់​លើ​ជើង​ចង្កៀង​វិញ នោះ​ទើប​ភ្លឺ​ដល់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ទាំង​អស់​គ្នា”(ម៉ាថាយ ៥:១៤-១៥)។

បន្ទាប់​ពី​បាន​អាន​ខគម្ពីរ​នេះ​ហើយ ទី​បំផុត ខ្ញុំ​ក៏​បាន​បង្ហោះ​អំពី​ថ្នាក់​រៀន​នេះ នៅ​លើ​បណ្តាញ​សង្គម។ ភ្លាម​ៗ​នោះ មនុស្ស​ជា​ច្រើន​បាន​ចាប់​ផ្តើម​ចុះ​ឈ្មោះ​ចូល​រៀន ដោយ​បង្ហាញ​ចេញ​នូវ​ការ​អរ​ព្រះ​គុណ​ព្រះ​អង្គ និង​ចិត្ត​រំភើប​រីក​រាយ។ ពេល​ដែល​ខ្ញុំ​បាន​ឃើញ​ការ​ឆ្លើយ​តប​របស់​ពួក​គេ ខ្ញុំ​ក៏​បាន​នឹក​ចាំ​អំពី​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ ដែល​បាន​ចែង​ថា “ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរដំកើង ដល់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌”(ខ.១៦)។

បន្ទាប់​ពី​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​នេះ​ហើយ ខ្ញុំ​ក៏​បាន​បង្រៀន​នៅ​ក្នុង​ថ្នាក់​រៀន​នេះ ដោយ​ក្តី​អំណរ។ ខ្ញុំ​សូម​អធិស្ឋាន​ថា ការ​ប្រព្រឹត្ត​ដ៏​សាមញ្ញ​របស់​ខ្ញុំ នឹង​ក្លាយ​ជា​ពន្លឺ ដែល​នឹង​លើក​ទឹក​ចិត្ត​អ្នក​ដទៃ ឲ្យ​បញ្ចេញ​ពន្លឺ​ថ្វាយ​ព្រះ​ផង​ដែរ។​—PATRICIA RAYBON