អាកាសធាតុ នៅដើមរដូវផ្ការីក គឺពិតជាធ្វើឲ្យស្រស់ស្រាយណាស់។ ភរិយារបស់ខ្ញុំបានរួមដំណើរកម្សាន្តជាមួយខ្ញុំ ដោយ ចិត្តរីករាយយ៉ាងខ្លាំង។ ប៉ុន្តែ សម្រស់នៃពេលវេលា ដែលយើងមានជាមួយគ្នា អាចប្រែក្លាយជាសោកនាដកម្មភ្លាមៗ បើសិនជាខ្ញុំមិនបានឃើញផ្លាកសញ្ញាពណ៌ក្រហម លាយស ដែលបានឲ្យដំណឹងខ្ញុំថា ខ្ញុំកំពុងតែទៅតាមទិសដៅខុសហើយ។ ដោយសារខ្ញុំបានឃើញផ្លាក “ហាមចូល” នៅចំពោះមុខខ្ញុំ ខ្ញុំក៏បានប្រញាប់បត់ចង្កូតឡាន ប៉ុន្តែ ខ្ញុំមានការភិតភ័យ ពេលដែលខ្ញុំគិតដល់គ្រោះថ្នាក់ ដែលខ្ញុំអាចនាំមកឲ្យភិរយាខ្ញុំ និងខ្លួនឯង ព្រមទាំងអ្នកដទៃ បើសិនជាខ្ញុំមិនអើពើរចំពោះផ្លាកសញ្ញា ដែលរំឭកខ្ញុំថា ខ្ញុំកំពុងតែទៅតាមផ្លូវខុស។
ខចុងក្រោយនៃកណ្ឌគម្ពីរយ៉ាកុប បាននិយាយសង្កត់ធ្ងន់ អំពីសារៈសំខាន់នៃការកែតម្រង់។ ក្នុងចំណោមយើង តើមាននរណាខ្លះ ដែលមិនត្រូវការ “ការកែតម្រង់” ពីអ្នកដែលយកចិត្តទុកដាក់ចំពោះយើង ដើម្បីឲ្យយើងងាកចេញពីសកម្មភាព ការសម្រេចចិត្ត ឬបំណងចិត្ត ដែលអាចធ្វើឲ្យឈឺចាប់? តើមានគ្រោះថ្នាក់អ្វីខ្លះ ដែលអាចកើតឡើងចំពោះយើង ឬអ្នកដទៃ បើសិនជាគ្មាននរណាម្នាក់ មកជួយណែនាំយើង ឲ្យទាន់ពេលវេលាទេនោះ?
បទគម្ពីរយ៉ាកុប ៥:២០ បានចែងថា “អ្នកណាដែលនាំមនុស្សបាប ឲ្យត្រឡប់ពីផ្លូវវង្វេងមកវិញ នោះឈ្មោះថា បានជួយសង្គ្រោះព្រលឹង១ ឲ្យរួចពីសេចក្តីស្លាប់ ហើយក៏គ្របបាំងអំពើបាបជាអនេកអនន្តផង”។ ត្រង់ចំណុចនេះ សាវ័កយ៉ាកុបកំពុងតែនិយាយសង្កត់ធ្ងន់ អំពីតម្លៃនៃការកែតម្រង់ ដោយចិត្តសប្បុរស។ ការកែតម្រង់ គឺជាការបង្ហាញចេញនូវសេចក្តីមេត្តារបស់ព្រះ។ ចូរយើងបង្ហាញសេចក្តីស្រឡាញ់ និងការខ្វល់ខ្វាយអំពីសុខមាលភាពរបស់អ្នកដទៃ ហើយសូមឲ្យការនេះជំរុញចិត្តយើងឲ្យនិយាយ និងធ្វើអ្វីមួយ តាមរបៀបណាមួយ ដែលព្រះអង្គអាចប្រើ ដើម្បី “នាំអ្នកនោះត្រឡប់មកវិញ”(ខ.១៩)។—Arthur Jackson