នៅ​ក្នុង​កម្ម​វិធី​ប្រគំ​តន្រ្តី​កុមារ ខ្ញុំ​បាន​មើល​គ្រូ និង​សិស្ស​ម្នាក់ កំពុង​តែ​អង្គុយ​នៅ​ពី​មុខ​ព្យាណូ​មួយ​គ្រឿង។ មុន​ពេល​ការ​ប្រគុំ​តន្រ្តី​ជា​គូ​ចាប់​ផ្តើម គ្រូ​ក៏​បាន​ចូល​ទៅ​ជិត​សិស្ស ដើម្បី​ខ្សិប​ប្រាប់​ការណែ​នាំ​មួយ​ចំនួន ជា​ចុង​ក្រោយ។ នៅ​ពេល​ដែល​តន្រ្តី​បានបន្លឺ​សម្លេង​ឡើង ខ្ញុំ​បាន​កត់​សំគាល់​ឃើញ​ថា សិស្ស​បាន​លេង​ភ្លេង តាម​ទំនុក​ភ្លេង​ដ៏​សាមញ្ញ​មួយ ខណៈ​ពេល​ដែល​គ្រូ​របស់គាត់​បាន​លេង​អម​ជា​មួយ​គាត់ ដើម្បី​ឲ្យ​ទំនុក​ភ្លេង​នោះ​កាន់​តែ​មាន​ភាព​ស៊ី​ជម្រៅ និង​ពិរោះ។ ជិត​ដល់​ចុង​បញ្ចប់​នៃ​ការ​ប្រគុំ​នេះ គ្រូ​របស់​គាត់​ក៏​បាន​ងក់​ក្បាល់ ដើម្បី​បង្ហាញ​ការ​ពេញ​ចិត្ត ចំពោះ​ការ​លេង​តន្រ្តី​របស់​គាត់។​

ជីវិត​របស់​យើង ក្នុង​ព្រះ​យេស៊ូវ គឺ​មាន​លក្ខណៈ​ជា​ការ​ប្រគុំ​ជា​គូ ជា​ជាង​ការ​ប្រគុំ​ទោល។ ជួន​កាល​ ខ្ញុំ​ភ្លេច​ថា ព្រះ​អង្គ​ “កំពុងតែ​អង្គុយ​ក្បែរ​ខ្ញុំ” ហើយ​ខ្ញុំ​អាច “ប្រគុំ​តន្រ្តី​ជីវិត” ដោយ​អំណាច និង​ការ​ដឹក​នាំ​របស់​ព្រះ​អង្គ​តែ​ប៉ុណ្ណោះ។ ពេល​ណា​ខ្ញុំ​ព្យាយាម​ស្តាប់​បង្គាប់​តាម​ព្រះ​អង្គ ដោយ​កម្លាំង​ខ្លួន​ឯង នោះ​គឺ​មិន​ខុស​ពី​ការ​លេង​ភ្លេង​ឲ្យ​ត្រូវ​ណោត ដោយ​សមត្ថ​ភាព​ខ្លួន​ឯង​នោះឡើយ ដែល​ធ្វើ​ឲ្យ​ភ្លេង​ហាក់​ដូច​ជា​មិន​ត្រូវ​បទ និង​មិន​ស៊ី​ជម្រៅ។ ខ្ញុំ​បាន​ព្យាយាម​ដោះ​ស្រាយ​បញ្ហា ដោយ​សមត្ថ​ភាព​របស់​ខ្ញុំដែល​មាន​កំណត់ ប៉ុន្តែ ជា​ញឹក​ញាប់ ការ​មិន​ចុះ​សម្រុង​ជា​មួយ​អ្នក​ដទៃ គឺ​ជា​លទ្ធ​ផល​ដែល​ខ្ញុំ​ទទួល​បាន។

វត្ត​មាន​របស់​ព្រះ ដែល​ជា​គ្រូ​របស់​ខ្ញុំ បាន​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ។ ពេល​ដែល​ខ្ញុំ​ពឹង​ផ្អែក​ទៅ​លើ​ជំនួយ​របស់​ព្រះ​យេស៊ូវ ការ​រស់​នៅ​របស់​ខ្ញុំ​ក៏​បាន​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ​អង្គ​ផង​ដែរ។​ ពេល​នោះ ខ្ញុំ​ក៏​បាន​បម្រើ​ដោយ​អំណរ ស្រឡាញ់​ដោយ​មិន​ទើសទាល់ ហើយ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​ព្រះ​ទ្រង់​ប្រទាន​ពរ​ដល់​ទំនាក់​ទំនង​របស់​ខ្ញុំ។​ ការ​នេះ​បាន​កើត​ឡើង ​គឺ​ដូច​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​សាវ័ក​ព្រះ​អង្គ​ថា “អ្នក​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​នោះ នោះ​ទើប​នឹង​បង្កើត​ផល​ឡើង​ជា​ច្រើន ដ្បិត​បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ទេ”(យ៉ូហាន ១៥:៥)។

រៀង​រាល់​ថ្ងៃ យើង​ប្រគុំ​តន្រ្តី​ជីវិត​របស់​យើង ជា​មួយ​ព្រះ​យេស៊ូវ ដែល​ជា​គ្រូ​របស់​យើង ដោយ​ព្រះ​គុណ និង​អំណាច​ចេស្តា​របស់​ព្រះអង្គ ដែល​បាន​ជួយ​ឲ្យ​តន្រ្តី​នៃ​ជីវិត​ខាង​វិញ្ញាណ​របស់​យើង មាន​ភាព​ពិរោះ​រណ្តំ និង​មាន​ន័យ។​—Jennifer Benson Schuldt