មាន​ពេល​មួយ​កំហឹង​របស់​ខ្ញុំ​បាន​ឡើង​កម្តៅ​បន្តិច​ម្តង​ៗ ពេល​ដែល​ស្រ្តី​ម្នាក់​បាន​ធ្វើ​បាប​ខ្ញុំ ស្តី​បន្ទោស​ឲ្យខ្ញុំ​ ហើយ​និយាយ​ដើម​ខ្ញុំ។ ខ្ញុំ​ចង់​ឲ្យ​គេ​រាល់​គ្នា​ដឹង អំពី​ការ​អាក្រក់​ដែល​នាង​បាន​ធ្វើ ពោល​គឺ​ចង់​ឲ្យនាង​រង​ទុក្ខ​វេទ​នា ដូច​ដែល​ខ្ញុំ​បាន​រង​ទុក្ខ​ដោយ​សារ​ទង្វើរ​របស់​នាង។ ខ្ញុំ​មាន​កំហឹង និង​ចិត្ត​ល្វីង​ជូរ​ចត់​ចំពោះនាង ទាល់​តែ​ក្បាល​របស់​ខ្ញុំ​ចាប់​ផ្តើម​ឈឺ។ ប៉ុន្តែ ពេល​ដែល​ខ្ញុំ​អធិស្ឋាន​សូម​ព្រះ​ទ្រង់​ដក​ការ​ឈឺ​ចាប់ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​បាន​ប៉ះ​ពាល់​ចិត្ត​ខ្ញុំ។ តើ​ខ្ញុំ​អាច​រៀប​គម្រោង​សង​សឹក​គេ​ដោយ​របៀប​ណា ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែទូល​អង្វរ​សូម​ព្រះ​ទ្រង់​ដក​ការ​ឈឺ​ចាប់​របស់​ខ្ញុំ​ចេញ? បើ​សិន​ជា​ខ្ញុំ​ជឿ​ថា ព្រះ​អង្គ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ខ្ញុំ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹង​ដោះ​ស្រាយ​បញ្ហា​របស់​ខ្ញុំ? ខ្ញុំ​ដឹង​ថា អ្នក​ដែល​ធ្លាប់​ឈឺ​ចាប់ ច្រើន​តែ​ធ្វើឲ្យ​អ្នក​ដទៃ​ទៀត​ឈឺ​ចាប់ ដូច​នេះ ខ្ញុំ​ក៏​បាន​ទូល​សូម​ព្រះ​ទ្រង់​ជួយ​ខ្ញុំ​ ឲ្យ​អត់​ទោស​ឲ្យ​ស្រ្តី​នោះ ហើយ​ស្វែង​រក​ការផ្សះ​ផ្សា។

ស្តេច​ដាវីឌ​ដែល​ជា​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ បាន​ជ្រាប អំពី​ការ​លំបាក នៅ​ក្នុង​ការ​ទុក​ចិត្ត​ព្រះ ខណៈ​ពេលដែល​ទ្រង់​ស៊ូទ្រាំ​នឹង​អំពើ​អយុត្តិ​ធម៌។ ស្តេច​ដាវីឌ​បាន​ប្រឹង​ប្រែង​អស់​ពី​ចិត្ត ដើម្បី​ក្លាយ​ជា​អ្នក​បម្រើ​ប្រកប​ដោយ​ក្តីស្រឡាញ់ ប៉ុន្តែ ស្តេច​សូល នៅ​តែ​មាន​ការ​ច្រណែន និង​ចង់​សម្លាប់​គាត់​ចោល​(១សាំយ៉ូអែល ២៤:១-២)។ ស្តេច​ដាវីឌ​បាន​រង​ទុក្ខ​លំបាក​ជា​ច្រើន ខណៈ​ពេល​ដែល​ព្រះ​ជា​ម្ចាស់​ជួយ​ដោះ​ស្រាយ​បញ្ហា​របស់​គាត់ ហើយ​រៀប​ចំ​ផ្លូវឲ្យ​គាត់​ឡើង​គ្រង​រាជ្យ​ជា​ស្តេច ប៉ុន្តែ គាត់​នៅ​តែ​សម្រេច​ចិត្ត​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ​ជា​ម្ចាស់ ជា​ជាង​សង​សឹក​(ខ.៣-៧)។ គាត់​បាន​ធ្វើ​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ ដោយ​ព្យាយាម​ផ្សៈ​ផ្សា​ជា​មួយ​ស្តេច​សូល ហើយ​ថ្វាយ​លទ្ធ​ផល​ ឲ្យ​ព្រះ​ទ្រង់ជា​អ្នក​សម្រេច(ខ.៨-២២)។

ពេល​ដែល​អ្នក​ដទៃ​បាន​ធ្វើ​អាក្រក់​មក​លើ​យើង ហើយ​មិន​បាន​ទទួល​លទ្ធ​ផល​អាក្រក់ យើង​មាន​ការ​ពិបាក​ចិត្ត ចំពោះ​រឿង​អយុត្តិ​ធម៌​នេះ។ ប៉ុន្តែ ដោយ​សារ​សេចក្តី​មេត្តា​ករុណា​របស់​ព្រះ ធ្វើ​ការ​នៅ​ក្នុង​ចិត្ត​យើង និង​ចិត្ត​អ្នក​ដទៃ នោះ​យើង​អាច​អត់​ឱន​ទោស​ឲ្យ​គេ ដូច​ដែល​ព្រះ​អង្គ​បាន​អត់​ទោស​ឲ្យ​យើង ហើយ​ទទួល​ព្រះ​ពរ ដែល​ព្រះ​អង្គ​បានត្រៀម​ទុក​សម្រាប់​យើង។​—Xochitl Dixon