មានពេលមួយកំហឹងរបស់ខ្ញុំបានឡើងកម្តៅបន្តិចម្តងៗ ពេលដែលស្រ្តីម្នាក់បានធ្វើបាបខ្ញុំ ស្តីបន្ទោសឲ្យខ្ញុំ ហើយនិយាយដើមខ្ញុំ។ ខ្ញុំចង់ឲ្យគេរាល់គ្នាដឹង អំពីការអាក្រក់ដែលនាងបានធ្វើ ពោលគឺចង់ឲ្យនាងរងទុក្ខវេទនា ដូចដែលខ្ញុំបានរងទុក្ខដោយសារទង្វើររបស់នាង។ ខ្ញុំមានកំហឹង និងចិត្តល្វីងជូរចត់ចំពោះនាង ទាល់តែក្បាលរបស់ខ្ញុំចាប់ផ្តើមឈឺ។ ប៉ុន្តែ ពេលដែលខ្ញុំអធិស្ឋានសូមព្រះទ្រង់ដកការឈឺចាប់ ព្រះវិញ្ញាណបរិសុទ្ធក៏បានប៉ះពាល់ចិត្តខ្ញុំ។ តើខ្ញុំអាចរៀបគម្រោងសងសឹកគេដោយរបៀបណា ខណៈពេលដែលខ្ញុំកំពុងតែទូលអង្វរសូមព្រះទ្រង់ដកការឈឺចាប់របស់ខ្ញុំចេញ? បើសិនជាខ្ញុំជឿថា ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះខ្ញុំ ហេតុអ្វីបានជាខ្ញុំមិនទុកចិត្តថា ព្រះអង្គនឹងដោះស្រាយបញ្ហារបស់ខ្ញុំ? ខ្ញុំដឹងថា អ្នកដែលធ្លាប់ឈឺចាប់ ច្រើនតែធ្វើឲ្យអ្នកដទៃទៀតឈឺចាប់ ដូចនេះ ខ្ញុំក៏បានទូលសូមព្រះទ្រង់ជួយខ្ញុំ ឲ្យអត់ទោសឲ្យស្រ្តីនោះ ហើយស្វែងរកការផ្សះផ្សា។
ស្តេចដាវីឌដែលជាអ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានជ្រាប អំពីការលំបាក នៅក្នុងការទុកចិត្តព្រះ ខណៈពេលដែលទ្រង់ស៊ូទ្រាំនឹងអំពើអយុត្តិធម៌។ ស្តេចដាវីឌបានប្រឹងប្រែងអស់ពីចិត្ត ដើម្បីក្លាយជាអ្នកបម្រើប្រកបដោយក្តីស្រឡាញ់ ប៉ុន្តែ ស្តេចសូល នៅតែមានការច្រណែន និងចង់សម្លាប់គាត់ចោល(១សាំយ៉ូអែល ២៤:១-២)។ ស្តេចដាវីឌបានរងទុក្ខលំបាកជាច្រើន ខណៈពេលដែលព្រះជាម្ចាស់ជួយដោះស្រាយបញ្ហារបស់គាត់ ហើយរៀបចំផ្លូវឲ្យគាត់ឡើងគ្រងរាជ្យជាស្តេច ប៉ុន្តែ គាត់នៅតែសម្រេចចិត្តថ្វាយព្រះកិត្តិនាមដល់ព្រះជាម្ចាស់ ជាជាងសងសឹក(ខ.៣-៧)។ គាត់បានធ្វើអ្វីដែលគាត់ត្រូវធ្វើ ដោយព្យាយាមផ្សៈផ្សាជាមួយស្តេចសូល ហើយថ្វាយលទ្ធផល ឲ្យព្រះទ្រង់ជាអ្នកសម្រេច(ខ.៨-២២)។
ពេលដែលអ្នកដទៃបានធ្វើអាក្រក់មកលើយើង ហើយមិនបានទទួលលទ្ធផលអាក្រក់ យើងមានការពិបាកចិត្ត ចំពោះរឿងអយុត្តិធម៌នេះ។ ប៉ុន្តែ ដោយសារសេចក្តីមេត្តាករុណារបស់ព្រះ ធ្វើការនៅក្នុងចិត្តយើង និងចិត្តអ្នកដទៃ នោះយើងអាចអត់ឱនទោសឲ្យគេ ដូចដែលព្រះអង្គបានអត់ទោសឲ្យយើង ហើយទទួលព្រះពរ ដែលព្រះអង្គបានត្រៀមទុកសម្រាប់យើង។—Xochitl Dixon