ក្នុងទស្សវត្សរ៍ឆ្នាំ១៩៦០ សហគមន៍ដ៏អ៊ូអរ នៅតំបន់ឡនដេល ខាងជើង នៅផ្នែកខាងលិចនៃទីក្រុងឈីកាហ្គោ គឺជាសហគមន៍ដែលគេបានធ្វើការសាកល្បង ឲ្យមានការរស់នៅចម្រុះជាតិសាសន៍។ គេបាននាំជនជាតិអាមេរិកស្បែកខ្មៅមួយចំនួនតូច ក្នុងវណ្ណៈកណ្តាល ឲ្យចូលមករស់នៅក្នុងផ្ទះ ក្នុងសហគមន៍នេះ ដោយមាន “ចុះកិច្ចសន្យា” ដើម្បីទទួលខុសត្រូវ ចំពោះការកាន់កាប់ផ្ទះ ជាកម្មសិទ្ធិ និងចំពោះការបង់ថ្លៃឈ្នួលផ្ទះ។ ក្នុងកិច្ចសន្យានោះ តម្លៃផ្ទះរបស់ពួកគេនឹងមិនកើនឡើងឡើយ ហើយបើពួកគេខកខានមិនបានបង់ថ្លៃផ្ទះតែមួយលើក ពួកគេនឹងបាត់បង់ប្រាក់ដែលគាត់បានបង់រំលោះ ព្រមទាំងផ្ទះរបស់គាត់ផង។ អ្នកលក់ដែលគ្មានក្តីមេត្តាក៏បានលក់ផ្ទះគាត់ ក្នុងតម្លៃថ្លៃជាងមុន ហើយបន្ទាប់មក ក្រុមគ្រួសារគាត់ត្រូវគេបណ្តេញចេញ ដោយសារតែការខកខានមិនបានបង់ប្រាក់ តែមួយលើកនោះ។ ក្រោយមក ក្រុមគ្រួសារមួយទៀត ក៏បានទិញផ្ទះនោះ តាមកិច្ចសន្យាដដែលនោះ ហើយវដ្តនៃការទិញលក់ ដែលជំរុញដោយចិត្តលោភលន់នេះ ក៏ចេះតែបន្តទៅមុខទៀត។
លោកសាំយ៉ូអែលបានតែងតាំងពួកកូនប្រុសគាត់ ឲ្យធ្វើជាចៅហ្វាយរបស់ប្រជាជនអ៊ីស្រាអែល ហើយពួកគេក៏បានទទួលការជំរុញចិត្តពីភាពលោភលន់ផងដែរ។ ពួកកូនប្រុសគាត់ “មិនបានដើរតាមគន្លងរបស់គាត់ទេ”(១សំាយ៉ូអែល ៨:៣)។ ពួកកូនប្រុសគាត់បានងាកទៅរកការអាក្រក់ ដើម្បីផលកំរៃ ដោយចិត្តមិនស្មោះត្រង់ ហើយបានប្រើមុខនាទីរបស់ខ្លួន ដើម្បីប្រយោជន៍ខ្លួនឯង។ អាកប្បកិរិយ៉ាដ៏ទុច្ចរិតនេះ បានធ្វើឲ្យពួកចាស់ទំនៃអ៊ីស្រាអែល និងព្រះជាម្ចាស់មិនសព្វព្រះទ័យ ហើយពួកគេក៏បានឲ្យស្នើរឲ្យមានស្តេចឡើងគ្រប់គ្រងពួកគេជាបន្តបន្ទាប់ ដូចដែលមានចែងពេញក្នុងទំព័រនៃកណ្ឌគម្ពីរសញ្ញាចាស់(ខ.៤-៥)។
ការបដិសេធន៍មិនព្រមដើរតាមផ្លូវរបស់ព្រះ នំាឲ្យមានភាពពុករលួយកើតមាន ហើយជាលទ្ធផល អំពើអយុត្តិធម៌ក៏មានការចម្រុងចម្រើន។ ការដើរតាមផ្លូវព្រះ គឺមានន័យថា យើងមិនគ្រាន់តែបង្ហាញចេញនូវភាពស្មោះត្រង់ និងយុត្តិធម៌ ក្នុងពាក្យសម្តីប៉ុណ្ណោះទេ តែនៅក្នុងការប្រព្រឹត្តរបស់យើងផងដែរ។ ហើយយើងត្រូវធ្វើការល្អ ដើម្បីឲ្យអ្នកដទៃ បានមើលឃើញ និងថ្វាយព្រះកិត្តិនាម ដល់ព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌។—John Blasé