ម៉ាល់ខុម(Malcolm)ជា​ក្មេង​ជំទង់ ដែល​មើល​ទៅ ហាក់​ដូច​ជា​មាន​ទំនុក​ចិត្ត​លើ​សមត្ថ​ភាព​ខ្លួន​ឯង។ ប៉ុន្តែ ទំនុក​ចិត្តនេះ​មាន​តែ​សម្បក​ក្រៅ​ទេ។ តាម​ពិត ភាព​វឹក​វរ​ក្នុង​គ្រួសារ​គាត់ បាន​បណ្តាល​ឲ្យ​គាត់​មាន​ការ​ភ័យ​ខ្លាច និងចង់​ឲ្យ​គេ​ទទួល​ស្គាល់​គាត់ ហើយ​ធ្វើឲ្យគាត់មាន​ការ​យល់​​ថា គាត់​ជា​អ្នក​នាំ​ឲ្យ​គ្រួសារ​របស់​គាត់​មាន​បញ្ហា។ គាត់​និយាយ​ថា “ខ្ញុំ​នៅ​ចាំ​ថា រៀង​រាល់​ពេល​ព្រឹក ខ្ញុំ​ចូល​ក្នុង​បន្ទប់​ទឹក ឆ្លុះ​កញ្ចក់ ហើយ​និយាយ​ឮ​ៗ​ដាក់​ខ្លួន​ឯង​ថា ឯង​ជា​មនុស្សល្ងី​ល្ងើ ឯង​មាន​រូប​រាង​អាក្រក់ ហើយ​វា​ជា​កំហុស​របស់​ឯង”។​

ម៉ាល់ខុម​ស្អប់​ខ្លួន​ឯង រហូត​ដល់​ពេល​គាត់​មាន​អាយុ​២១​ឆ្នាំ គឺ​នៅ​ពេល​ដែល​គាត់​បាន​រក​ឃើញ​ការ​បើក​សម្តែង​មកពី​ព្រះ ឲ្យ​គាត់​ស្គាល់​អត្ត​សញ្ញាណ​របស់​គាត់ ក្នុង​ព្រះ​យេស៊ូវ។ គាត់​ក៏​បាន​និយាយ​ថា “ខ្ញុំ​ដឹង​ថា ព្រះ​ជាម្ចាស់ស្រឡាញ់​ខ្ញុំ​ដោយ​ឥត​លក្ខ​ខណ្ឌ ហើយ​នេះ​ជា​ការ​ពិត ដែល​មិន​អាច​កែ​ប្រែ​បាន។ ខ្ញុំ​មិន​អាច​ធ្វើ​ឲ្យ​ព្រះ​អង្គ​មាន​ក្តីអាម៉ាស់ ហើយ​ព្រះ​អង្គ​នឹង​មិន​ដែល​បដិសេធ​ខ្ញុំ​ឡើយ”។ ពេល​នោះ គាត់​ឆ្លុះ​កញ្ចក់ ហើយ​និយាយ​ប្រាប់​ខ្លួន​ឯង​ថា “ព្រះ​អង្គ​ស្រឡាញ់​អ្នក អ្នក​មាន​រូប​រាង​ល្អ​ស្អាត អ្នក​មាន​អំណោយ​ទាន ហើយ​វា​មិន​មែន​ជា​កំហុស​របស់​អ្នក​ទេ”។

ទី​បន្ទាល់​របស់​ម៉ាល់ខុម បាន​ពិពណ៌នា អំពី​ការ​អ្វី​ដែល​ព្រះ​វិញ្ញាណ​របស់​ព្រះ​បាន​ធ្វើ សម្រាប់​អ្នក​ជឿ​ព្រះយេស៊ូវ គឺព្រះ​អង្គ​បាន​រំដោះ​យើង ឲ្យ​រួច​ផុត​ពី​ការ​ភ័យ​ខ្លាច ដោយ​បង្ហាញ​ថា ព្រះ​អង្គ​បាន​ស្រឡាញ់​យើង​ខ្លាំង​ប៉ុណ្ណា​(រ៉ូម ៨:១៥,៣៨-៣៩) ហើយ​បាន​បញ្ជាក់​ថា យើង​ជា​កូន​របស់​ព្រះ ដែល​នឹង​ទទួល​ព្រះ​ពរ​ជា​ច្រើន ក្នុង​នាម​ជា​កូន​ព្រះ​អង្គ(៨:១៦-១៧ ១២:៦-៨)។  ដូច​នេះ​ហើយ យើង​អាច​ចាប់​ផ្តើម​មាន​ទស្សនៈ​ដ៏​ត្រឹម​ត្រូវ ចំពោះ​ខ្លួន​ឯង ដោយ​មានចិត្ត​គំនិត​ជា​ថ្មី​(១២:២-៣)។

ជា​ច្រើន​ឆ្នាំ​ក្រោយ​មក​ទៀត ម៉ាល់ខុម​នៅ​តែ​និយាយ​ពាក្យ​ទាំង​នេះ ប្រាប់​ខ្លួន​ឯង ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ខ្លួន​គាត់

ចាំ​កាន់​តែ​ច្បាស់​ថា ព្រះ​ទ្រង់​បាន​មាន​បន្ទូល​ថា គាត់​ជា​នរណា។ ក្នុង​ព្រះ​នេត្រ​របស់​ព្រះ​វរបិតា ​គាត់​ជា​មនុស្ស​ដែល​ព្រះ​អង្គ​បាន​ស្រឡាញ់ មាន​រូប​កាយ​ស្អាត និង​មាន​អំណោយ​ទាន។ ហើយ​យើង​ក៏​អញ្ចឹង​ដែរ​។—Sheridan Voysey