មានពេលមួយគ្រូពេទ្យនៅមន្ទីរពេទ្យសម្រាប់អ្នកជំងឺដំណាក់កាលចុងក្រោយ បានប្រាប់ខ្ញុំថា “ឪពុករបស់អ្នកជិតផុតដង្ហើមហើយ”។ ពាក្យ “ជិតផុតដង្ហើម” គឺសំដៅទៅលើដំណាក់កាលចុងក្រោយ នៃជីវិតរបស់អ្នកជំងឺ និងជាពាក្យថ្មីមួយសម្រាប់ខ្ញុំ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ចម្លែក គឺហាក់ដូចជាកំពុងតែធ្វើដំណើរតាមផ្លូវឯកទិស ដ៏ឯកោ។ នៅថ្ងៃចុងក្រោយរបស់ឪពុកខ្ញុំ ខ្ញុំនិងបងស្រីខ្ញុំអង្គុយនៅក្បែរគ្រែគាត់ ដោយមិនដឹងថា គាត់នៅអាចស្តាប់យើងឮឬអត់នោះទេ។ យើងក៏បានថើបផ្នែកខាងលើនៃថ្ងាសដ៏ស្រស់ស្អាតរបស់គាត់ ដែលទំពែក។ យើងក៏បាននិយាយខ្សិបដាក់គាត់ អំពីព្រះបន្ទូលសន្យាដែលព្រះទ្រង់មានសម្រាប់គាត់។ យើងក៏បានច្រៀងបទ “សេចក្តីស្មោះត្រង់របស់ទ្រង់ អស្ចារ្យណាស់” ហើយក៏បានដកស្រង់បទគម្ពីរ ទំនុកដំកើង ជំពូក២៣។ យើងប្រាប់គាត់ថា យើងស្រឡាញ់គាត់ ហើយអរគុណគាត់ ដែលបានធ្វើជាឪពុករបស់យើង។ យើងដឹងថា ចិត្តគាត់ចង់ទៅនៅជាមួយព្រះយេស៊ូវ ហើយក៏បានប្រាប់គាត់ថា គាត់អាចទៅបាន។ ការនិយាយចេញនូវពាក្យទាំងនេះ គឺជាការបោះជំហានដ៏ឈឺចាប់ទីមួយ ឆ្ពោះទៅរកការកាត់ចិត្ត។ ពីរបីនាទីក្រោយមក ឪពុករបស់យើងក៏បានទទួលស្វាគមន៍ដោយអំណរ ចូលទៅក្នុងផ្ទះដ៏អស់កល្បរបស់គាត់។
ការស្លាប់របស់មនុស្សជាទីស្រឡាញ់ ធ្វើឲ្យយើងមានការឈឺចាប់។ សូម្បីតែព្រះយេស៊ូវក៏ព្រះកន្សែងផងដែរ ពេលដែលឡាសា ដែលជាមិត្តសំឡាញ់របស់ទ្រង់ បាត់បង់ជីវិត(យ៉ូហាន ១១:៣៥)។ ប៉ុន្តែ ដោយសារព្រះបន្ទូលសន្យារបស់ព្រះ នោះយើងមានក្តីសង្ឃឹម បន្ទាប់ពីយើងលាចាកផែនដីនេះ។ បទគម្ពីរ ទំនុកដំកើង ១១៦:១៥ បានចែងថា “អ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះ” គឺអ្នកដែលជាកម្មសិទ្ធិរបស់ទ្រង់ មានតម្លៃចំពោះព្រះអង្គ។ ទោះពួកគេស្លាប់ ពួកគេនឹងមានជីវិតរស់ឡើងវិញ។
ព្រះយេស៊ូវបានសន្យាថា “ខ្ញុំជាសេចក្តីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ ឯអ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ នាងជឿសេចក្តីនេះឬទេ”(យ៉ូហាន ១១:២៥-២៦)។ យើងអាចមានការកម្សាន្តចិត្ត ដោយដឹងថា យើងនឹងបាននៅក្នុងព្រះវត្តមានព្រះជារៀងរហូត។—Cindy Hess Kasper