មាន​ពេល​មួយ​គ្រូ​ពេទ្យ​នៅ​មន្ទីរ​ពេទ្យ​សម្រាប់​អ្នក​ជំងឺ​ដំណាក់​កាល​ចុង​ក្រោយ បាន​ប្រាប់​ខ្ញុំ​ថា “ឪពុក​របស់​អ្នក​ជិតផុត​ដង្ហើម​ហើយ”។ ពាក្យ “ជិត​ផុត​ដង្ហើម” គឺ​សំដៅ​ទៅ​លើ​ដំណាក់​កាល​ចុង​ក្រោយ​ នៃ​ជីវិត​របស់​អ្នក​ជំងឺ និង​ជាពាក្យ​ថ្មី​មួយ​សម្រាប់​ខ្ញុំ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ចម្លែក គឺ​ហាក់​ដូច​ជា​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឯក​ទិស​ ​ដ៏​ឯ​កោ។ នៅថ្ងៃ​ចុង​ក្រោយ​របស់​ឪពុក​ខ្ញុំ ខ្ញុំ​និង​បង​ស្រី​ខ្ញុំ​អង្គុយ​នៅ​ក្បែរ​គ្រែ​គាត់ ដោយ​មិន​ដឹង​ថា គាត់​នៅ​អាច​ស្តាប់​យើង​ឮ​ឬអត់​នោះ​ទេ។ យើង​ក៏​បាន​ថើប​ផ្នែក​ខាង​លើ​នៃ​ថ្ងាស​ដ៏​ស្រស់​ស្អាត​របស់​គាត់ ដែល​ទំពែក។ យើង​ក៏​បាន​និយាយខ្សិប​ដាក់​គាត់ អំពី​ព្រះ​បន្ទូល​សន្យា​ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​គាត់។ យើង​ក៏​បាន​ច្រៀង​បទ “សេចក្តី​ស្មោះ​ត្រង់របស់​ទ្រង់ អស្ចារ្យ​ណាស់” ហើយ​ក៏​បាន​ដក​ស្រង់​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក​២៣។ យើង​ប្រាប់​គាត់​ថា យើងស្រឡាញ់​គាត់ ហើយ​អរគុណ​គាត់ ដែល​បាន​ធ្វើ​ជា​ឪពុក​របស់​យើង។ យើង​ដឹង​ថា ចិត្ត​គាត់​ចង់​ទៅ​នៅ​ជា​មួយ​ព្រះយេស៊ូវ ហើយ​ក៏​បាន​ប្រាប់​គាត់​ថា គាត់​អាច​ទៅ​បាន។ ការ​និយាយ​ចេញ​នូវ​ពាក្យ​ទាំង​នេះ គឺ​ជា​ការ​បោះ​ជំហាន​ដ៏ឈឺ​ចាប់​ទី​មួយ ឆ្ពោះ​ទៅ​រក​ការ​កាត់​ចិត្ត។ ពីរ​បី​នាទី​ក្រោយ​មក ឪពុក​របស់​យើង​ក៏​បាន​ទទួល​ស្វាគមន៍​ដោយ​អំណរ ចូល​ទៅ​ក្នុង​ផ្ទះ​ដ៏​អស់​កល្ប​របស់​គាត់។​

ការ​ស្លាប់​របស់​មនុស្ស​ជា​ទី​ស្រឡាញ់ ធ្វើ​ឲ្យ​យើង​មាន​ការ​ឈឺ​ចាប់។ សូម្បី​តែ​ព្រះ​យេស៊ូវ​ក៏​ព្រះ​កន្សែង​ផង​ដែរ ពេល​ដែល​ឡាសា ដែល​ជា​មិត្ត​សំឡាញ់​របស់​ទ្រង់​ បាត់​បង់​ជីវិត(យ៉ូហាន ១១:៣៥)។ ប៉ុន្តែ ដោយ​សារ​ព្រះ​បន្ទូល​សន្យារបស់​ព្រះ នោះ​យើង​មាន​ក្តី​សង្ឃឹម បន្ទាប់​ពី​យើង​លាចាក​ផែន​ដី​នេះ។ បទ​គម្ពីរ ទំនុក​ដំកើង ១១៦:១៥ បាន​ចែងថា “អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ” គឺ​អ្នក​ដែល​ជា​កម្ម​សិទ្ធិ​របស់​ទ្រង់ មាន​តម្លៃ​ចំពោះ​ព្រះ​អង្គ។ ទោះ​ពួក​គេ​ស្លាប់ ពួក​គេ​នឹង​មាន​ជីវិត​រស់​ឡើង​វិញ។​

ព្រះ​យេស៊ូវ​បាន​សន្យា​ថា​ “ខ្ញុំ​ជា​សេចក្តី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ ឯ​អ្នក​ណា​ដែល​រស់​នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ នាង​ជឿ​សេចក្តី​នេះ​ឬ​ទេ”(យ៉ូហាន ១១:២៥-២៦)។ យើង​អាច​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​ដឹង​ថា យើង​នឹង​បាន​នៅ​ក្នុង​ព្រះវត្ត​មាន​ព្រះ​ជា​រៀង​រហូត។—Cindy Hess Kasper