ខណៈពេលដែលយើងកំពុងតែបើកឡានចេញទៅក្រៅ ដើម្បីចាប់ផ្តើមដំណើរកម្សាន្តរបស់យើង ភរិយារបស់ខ្ញុំក៏បានប្រាប់ចៅប្រុស អាយុ៣ឆ្នាំ ឈ្មោះអូស្ទីន(Austin) ថា “យើងកំពុងតែធ្វើដំណើរកម្សាន្ត”។ អូស្ទីនក៏បានមើលទៅគាត់ ដោយការគិតមួយសន្ទុះ ហើយក៏បានឆ្លើយតបថា “ខ្ញុំកំពុងតែធ្វើដំណើរកម្សាន្ត។ ខ្ញុំកំពុងធ្វើដំណើរបេសកកម្ម”។
យើងមិនដឹងថា ចៅប្រុសរបស់យើង បានចេះពាក្យ “ដំណើរបេសកកម្ម” ពីណាមកទេ ប៉ុន្តែ ខណៈពេលដែលយើងកំពុងតែបើកបរទៅកាន់អាកាសយាន្តដ្ឋាន ពាក្យសម្តីរបស់គាត់ បានធ្វើឲ្យខ្ញុំសួរខ្លួនឯងថា ពេលដែលខ្ញុំធ្វើដំណើរកម្សាន្តលើកនេះ និងសម្រាកពីរបីថ្ងៃ តើខ្ញុំនឹងនៅតែ “បន្តបេសកកម្ម” រស់នៅគ្រប់វិនាទីជាមួយព្រះ និងថ្វាយដល់ព្រះអង្គឬទេ? តើខ្ញុំនៅតែបម្រើព្រះអង្គ ក្នុងគ្រប់ការដែលខ្ញុំធ្វើឬទេ?
សាវ័កប៉ុលបានលើកទឹកចិត្តអ្នកជឿ នៅទីក្រុងរ៉ូម ដែលជារាជធានីនៃចក្រភពរ៉ូមថា “ខាងឯសេចក្តីឧស្សាហ៍ នោះកុំឲ្យខ្ជិលឡើយ ខាងឯវិញ្ញាណ នោះក៏ចូរព្យាយាមចុះ ដោយខំប្រឹងបំរើព្រះអម្ចាស់”(រ៉ូម ១២:១១)។ ត្រង់ចំណុចនេះ គាត់ចង់បង្រៀនយើងថា ជីវិតរបស់យើង ក្នុងព្រះយេស៊ូវ គឺត្រូវរស់នៅ ដោយមានចិត្តដែលចង់រស់នៅថ្វាយទ្រង់ និងមានពេញដោយភាពក្លៀវក្លា។ សូម្បីតែពេលដែលសាមញ្ញបំផុត ក៏អាចក្លាយជាពេលដ៏មានន័យ កាលណាយើងមើលទៅព្រះជាម្ចាស់ ដោយចិត្តរំពឹងគិត ហើយរស់នៅដើម្បីបំពេញបំណងព្រះទ័យទ្រង់។
ខណៈពេលដែលយើងកំពុងអង្គុយនៅលើយន្តហោះ ខ្ញុំបានអធិស្ឋានថា “ឱព្រះអម្ចាស់ ទូលបង្គំជាកម្មសិទ្ធិព្រះអង្គ។ សូមបង្ហាញទូលបង្គំ នូវកិច្ចការអ្វីដែលព្រះអង្គសព្វព្រះទ័យឲ្យទូលបង្គំធ្វើ ក្នុងដំណើរកម្សាន្តនេះ សូមជួយទូលបង្គំកុំឲ្យមើលរំលងឡើយ”។
ពេលវេលាដែលយើងមានរៀងរាល់ថ្ងៃ ជាពេលសម្រាប់បំពេញបេសកកម្ម ដែលមានសារៈសំខាន់ដ៏អស់កល្ប ជាមួយព្រះអង្គ!—James Banks