គេ​បាន​ដាក់​ឈ្មោះ​ហៅ​ក្រៅ ឲ្យ​អ្នក​ប្រឹក្សា​យោបល់​ទាំង​ឡាយ នៅ​ក្នុង​កន្លែង​បោះ​ជំរុំ ដែល​គ្រួសារ​របស់​ខ្ញុំ​បាន​ចូលរួម ជា​រៀង​រាល់​ឆ្នាំ។ តាម​ធម្មតា ឈ្មោះ​ហៅ​ក្រៅ​ទាំង​នោះ ត្រូវ​បាន​មិត្ត​ភក្តិ​ជា​អ្នក​ដាក់​ឲ្យ​គ្នា ដោយ​ផ្អែក​ទៅ​លើរឿង​ដែល​គួរ​ឲ្យ​ខ្មាស់​អៀន ទម្លាប់​ដែល​គួរ​ឲ្យ​អស់​សំណើច ឬ​សកម្ម​ភាព​កម្សាន្ត​ដែល​គេ​ចូល​ចិត្ត។​

ឈ្មោះ​ហៅ​ក្រៅ គឺ​មិន​គ្រាន់​តែ​សម្រាប់​ប្រើ​នៅ​ក្នុង​ការ​បោះ​ជំរុំ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ ក៏​ឃើញ​គេ​ប្រើ ក្នុង​ព្រះ​គម្ពីរ​ប៊ីប​ផងដែរ។ ឧទាហរណ៍ ព្រះ​យេស៊ូវ​បាន​ហៅ​សាវ័ក​យ៉ាកុប និង​យ៉ូហាន​ថា “កូន​ផ្គរ​លាន់”(ម៉ាកុស ៣:១៧)។ ក្នុង​ព្រះគម្ពីរ កម្រ​មាន​នរណា​ម្នាក់​ដាក់​ឈ្មោះ​ហៅ​ក្រៅ ឲ្យ​ខ្លួន​ឯង​ណាស់ តែ​រឿង​នេះ​បាន​កើត​ឡើង ពេល​ដែល​ស្រ្តី​ម្នាក់ឈ្មោះ​ណាអូមី បាន​សុំ​ឲ្យ​គេ​ហៅ​គាត់​ថា “ម៉ារ៉ា” ដែល​មាន​ន័យ​ថា “ភាព​ល្វីង​ជូរ​ចត់”(នាង​រស់ ១:២០) ដោយសារ​ស្វាមី និង​កូន​ប្រុស​ទាំង​ពីរ​របស់​នាង​បាន​ស្លាប់​ចោល​នាង​អស់។ នាង​មាន​អារម្មណ៍​ថា ព្រះ​ជា​ម្ចាស់​បាន​ធ្វើ​ឲ្យ​ជីវិតនាង​មាន​ភាព​ល្វីង​ជូរ​ចត់(ខ.២១)។

ទោះ​ជា​យ៉ាង​ណាក៏​ដោយ ឈ្មោះ​ដែល​ណាអូមី​ដាក់​ឲ្យ​ខ្លួន​ឯង មិន​ស្ថិត​ស្ថេរ​នោះ​ឡើយ ព្រោះ​គាត់​មិន​ជួប​ការបាត់​បង់​ដ៏​សោក​សៅ​ជា​រៀង​រហូត​ឡើយ។ ក្នុង​ពេល​ដែល​នាង​កាន់​ទុក្ខ ព្រះ​ជា​ម្ចាស់​ក៏​បាន​ប្រទាន​ពរ​នាង តាម​រយៈនាង​រស់ ដែល​ជា​កូន​ប្រសារ​ស្រី​របស់​នាង ដែល​បាន​រៀប​ការ ហើយ​បង្កើត​បាន​កូន​ប្រុស​ម្នាក់។ ដូចនេះ នាង​ណាអូមី​ក៏​មាន​គ្រួសារ​ថ្មី​មួយ។

ជួនកាល យើង​ប្រហែល​ជា​ចង់​ដាក់​ឈ្មោះ​ហៅ​ក្រៅ​ឲ្យ​ខ្លួន​ឯង​ថា “មនុស្ស​បរា​ជ័យ” ឬ “មនុស្ស​គ្មាន​គេ​ស្រឡាញ់” ដោយ​ផ្អែក​ទៅ​លើ​ទុក្ខ​លំបាក ដែល​យើង​បាន​ជួប​ប្រទះ ឬ​កំហុស​ដែល​យើង​បាន​ធ្វើ ប៉ុន្តែ យើង​នឹង​មិន​ជួប​ទុក្ខលំបាក​ជា​រៀង​រហូត​ឡើយ។ យើង​អាច​ហៅ​ខ្លួន​យើង​ថា “ស្ងួន​ភ្ញា” ​ជា​ឈ្មោះ​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​យើង(រ៉ូម ៩:២៥) ហើយ​សូម​ឲ្យ​ព្រះ​អង្គ បំពេញ​សេចក្តី​ត្រូវ​ការ​របស់​យើង ក្នុង​ពេល​ដែល​ពិបាក​បំផុត។​—Lisa M. Samra