ខណៈ​ពេល​ដែល​យើង​កំពុង​តែ​បើក​ឡាន​ចេញ​ទៅ​ក្រៅ ដើម្បី​ចាប់​ផ្តើម​ដំណើរ​កម្សាន្ត​របស់​យើង ភរិយា​របស់​ខ្ញុំ​ក៏បាន​ប្រាប់​ចៅ​ប្រុស អាយុ​៣​ឆ្នាំ ឈ្មោះ​អូស្ទីន(Austin) ថា “យើង​កំពុង​តែ​ធ្វើ​ដំណើរ​កម្សាន្ត”។ អូស្ទីនក៏​បាន​មើលទៅ​គាត់ ដោយ​ការ​គិត​មួយ​សន្ទុះ ហើយ​ក៏​បាន​ឆ្លើយ​តប​ថា “ខ្ញុំ​កំពុង​តែ​ធ្វើ​ដំណើរ​កម្សាន្ត។ ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​បេសក​កម្ម”។

យើង​មិន​ដឹង​ថា ចៅ​ប្រុស​របស់​យើង បាន​ចេះ​ពាក្យ “ដំណើរ​បេសក​កម្ម” ពី​ណា​មក​ទេ ប៉ុន្តែ ខណៈ​ពេល​ដែលយើង​កំពុង​តែ​បើក​បរ​ទៅ​កាន់​អាកាស​យាន្ត​ដ្ឋាន ពាក្យ​សម្តី​របស់​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​សួរ​ខ្លួន​ឯង​ថា ពេល​ដែល​ខ្ញុំ​ធ្វើដំណើរ​កម្សាន្ត​លើក​នេះ និង​សម្រាក​ពីរ​បី​ថ្ងៃ តើ​ខ្ញុំ​នឹង​នៅ​តែ “បន្ត​បេស​កកម្ម” រស់​នៅ​គ្រប់​វិនាទី​ជា​មួយ​ព្រះ និងថ្វាយ​ដល់​ព្រះ​អង្គ​ឬ​ទេ? តើ​ខ្ញុំ​នៅ​តែ​បម្រើព្រះ​អង្គ ក្នុង​គ្រប់​ការ​ដែល​ខ្ញុំ​ធ្វើ​ឬ​ទេ?

សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​អ្នក​ជឿ នៅ​ទីក្រុង​រ៉ូម ដែល​ជា​រាជ​ធានី​នៃ​ចក្រ​ភព​រ៉ូម​ថា “ខាង​ឯ​សេចក្តី​ឧស្សាហ៍ នោះ​កុំ​ឲ្យ​ខ្ជិល​ឡើយ ខាង​ឯ​វិញ្ញាណ នោះ​ក៏​ចូរ​ព្យាយាម​ចុះ ដោយ​ខំ​ប្រឹង​បំរើ​ព្រះអម្ចាស់”(រ៉ូម ១២:១១)។ ត្រង់​ចំណុចនេះ គាត់​ចង់​បង្រៀន​យើង​ថា ជីវិត​របស់​យើង ក្នុង​ព្រះ​យេស៊ូវ គឺ​ត្រូវ​រស់​នៅ ដោយ​មាន​ចិត្ត​ដែល​ចង់​រស់​នៅ​ថ្វាយទ្រង់ និង​មាន​ពេញ​ដោយ​ភាព​ក្លៀវ​ក្លា។ សូម្បី​តែ​ពេល​ដែល​សាមញ្ញ​បំផុត ក៏​អាច​ក្លាយ​ជា​ពេល​ដ៏​មាន​ន័យ កាល​ណា​យើង​មើល​ទៅ​ព្រះ​ជាម្ចាស់ ដោយ​ចិត្ត​រំពឹង​គិត ហើយ​រស់​នៅ​ដើម្បី​បំពេញ​បំណង​ព្រះ​ទ័យ​ទ្រង់។​

ខណៈ​ពេល​ដែល​យើង​កំពុង​អង្គុយ​នៅ​លើ​យន្ត​ហោះ ខ្ញុំ​បាន​អធិស្ឋាន​ថា “ឱ​ព្រះ​អម្ចាស់ ទូល​បង្គំ​ជា​កម្ម​សិទ្ធិ​ព្រះ​អង្គ។ សូម​បង្ហាញ​ទូល​បង្គំ នូវ​កិច្ចការ​អ្វី​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​ទូល​បង្គំ​ធ្វើ ក្នុង​ដំណើរ​កម្សាន្ត​នេះ សូម​ជួយទូល​បង្គំ​កុំ​ឲ្យ​មើល​រំលង​ឡើយ”។

ពេល​វេលា​ដែល​យើង​មាន​រៀង​រាល់​ថ្ងៃ ជា​ពេល​សម្រាប់​បំពេញ​បេសក​កម្ម ដែល​មាន​សារៈ​សំខាន់​ដ៏​អស់​កល្ប ជា​មួយ​ព្រះ​អង្គ!—James Banks