មានពេលមួយ អ្នកយាមបានរកឃើញស្កុតមួយបន្ទះ ដែលធ្វើឲ្យទ្វារមិនអាចបិតជិត។ គាត់ក៏បានបកវាចេញ។ ក្រោយមក គាត់ក៏បានទៅពិនិត្យទ្វារនោះម្តងទៀត ហើយក៏បានរកឃើញថា មានគេយកស្កុតមកបិទទៀត។ គាត់ក៏បានទូរស័ព្ទប្តឹងបូលីស។ ប៉ូលីសក៏បានមកដល់ ហើយបាប់បានចោរប្រាំនាក់។
ដោយសារគាត់កំពុងតែធ្វើការជាសន្តិសុខ នៅអគារវ៉តធ័រហ្គេត នៅរដ្ឋវ៉ាស៊ីនតុន ឌីស៊ី ដែលជាស្នាក់ការរបស់គណៈបក្សនយោបាយធំមួយ នៅសហរដ្ឋអាមេរិក នោះអ្នកយាមដ៏ក្មេងវ័យម្នាក់នេះ បានរកឃើញរឿងអាស្រូវនយោបាយធំបំផុត ក្នុងមួយជីវិតគាត់ ដោយគ្រាន់តែបំពេញការងាររបស់គាត់ឲ្យបានម៉ត់ចត់ និងធ្វើឲ្យបានល្អ។
លោកនេហេមាបានចាប់ផ្តើមការជួសជុលកំផែងរបស់ទីក្រុងយេរូសាឡិម ជាកិច្ចការដែលគាត់បានធ្វើ យ៉ាងម៉ត់ចត់។ នៅពេលដែលគាត់កំពុងតែអនុវត្តគម្រោងដ៏សំខាន់នេះ នគរជិតខាងដែលទាស់ប្រឆាំងនឹងគាត់ ក៏បានអញ្ជើញគាត់ឲ្យទៅជួបពួកគេ នៅក្នុងភូមិមួយនៅក្បែរទីក្រុង។ នៅពីក្រោយការធ្វើពុតជាអញ្ជើញគាត់ក្នុងន័យមិត្តភាពនោះ គឺមានអន្ទាក់ដ៏ពិសពុល(នេហេមា ៦:១-២)។ ប៉ុន្តែ លោកនេហេមាក៏បានឆ្លើយតបទៅពួកគេវិញថា “ខ្ញុំកំពុងតែធ្វើការមួយយ៉ាងធំ ខ្ញុំនឹងចុះមកមិនបាន និងឲ្យខ្ញុំលះចោលការនេះឲ្យឈប់នៅ ដើម្បីនឹងចុះទៅឯអ្នកធ្វើអី?” (ខ.៣)។ ត្រង់ចំណុចនេះ លោកនេហេមាដឹងថា ការងារដែលគាត់កំពុងតែធ្វើនោះ សំខាន់ប៉ុណ្ណា។
លោកនេហេមាមានសិទ្ធិអំណាចខ្លះ ប៉ុន្តែ គាត់មិនមែនជាវីរបុរសដែលល្បីឈ្មោះខ្លាំង ក្នុងចំណោមវីវរៈបុរសក្នុងព្រះគម្ពីរនោះឡើយ។ គាត់មិនមែនជាអ្នកប្រយុទ្ធដ៏អស្ចារ្យ មិនមែនជាអ្នកនិពន្ធបទកំណាព្យ មិនមែនជាស្តេច ឬបណ្ឌិតឡើយ។ គាត់ជាអ្នកថ្វាយពែងរបស់ស្តេច ដែលបានក្លាយជាអ្នកម៉ៅការសំណង់។ ប៉ុន្តែ គាត់ជឿថា គាត់កំពុងតែធ្វើកិច្ចការដ៏សំខាន់ថ្វាយព្រះ។ ចូរយើងធ្វើកិច្ចការដែលព្រះអង្គប្រទាន ដោយភាពម៉ត់ចត់ ហើយធ្វើឲ្យបានល្អ ដោយអំណាចចេស្តា និងការផ្គត់ផ្គង់របស់ព្រះអង្គ។—Glenn Packiam