មាន​ពេល​មួយ អ្នក​យាម​បាន​រក​ឃើញ​ស្កុត​មួយ​បន្ទះ ដែល​ធ្វើ​ឲ្យ​ទ្វារ​មិន​អាច​បិត​ជិត។ គាត់​ក៏​បាន​បក​វា​ចេញ។ ក្រោយ​មក គាត់​ក៏​បាន​ទៅ​ពិនិត្យ​ទ្វារ​នោះ​ម្តង​ទៀត ហើយ​ក៏​បាន​រក​ឃើញ​ថា មាន​គេ​យក​ស្កុត​មក​បិទ​ទៀត។ គាត់ក៏​បាន​ទូរស័ព្ទ​ប្តឹង​បូលីស។ ប៉ូលីស​ក៏​បាន​មក​ដល់ ហើយ​បាប់​បាន​ចោរ​ប្រាំ​នាក់។

ដោយសារ​គាត់​កំពុង​តែ​ធ្វើ​ការ​ជា​សន្តិ​សុខ នៅ​អគារ​វ៉តធ័រ​ហ្គេត នៅ​រដ្ឋ​វ៉ាស៊ីនតុន ឌីស៊ី ដែល​ជា​ស្នាក់​ការ​របស់​គណៈ​បក្ស​នយោ​បាយ​ធំ​មួយ នៅ​សហរដ្ឋ​អាមេរិក នោះ​អ្នក​យាម​ដ៏​ក្មេង​វ័យ​ម្នាក់​នេះ បាន​រក​ឃើញ​រឿង​អាស្រូវ​នយោ​បាយ​ធំ​បំផុត ក្នុង​មួយ​ជីវិត​គាត់ ដោយ​គ្រាន់​តែ​បំពេញ​ការងារ​របស់​គាត់​ឲ្យ​បាន​ម៉ត់​ចត់ និង​ធ្វើ​ឲ្យ​បាន​ល្អ។​​

លោក​នេហេមា​បាន​ចាប់​ផ្តើម​ការ​ជួស​ជុល​កំផែងរបស់​ទីក្រុង​យេរូសាឡិម ​ជា​កិច្ចការ​ដែល​គាត់​បាន​ធ្វើ​ យ៉ាងម៉ត់​ចត់។ នៅ​ពេល​ដែល​គាត់​កំពុង​តែ​អនុវត្ត​គម្រោង​ដ៏​សំខាន់​នេះ នគរ​ជិត​ខាង​ដែល​ទាស់​ប្រឆាំង​នឹង​គាត់ ក៏​បានអញ្ជើញ​គាត់​ឲ្យ​ទៅ​ជួប​ពួក​គេ នៅ​ក្នុង​ភូមិ​មួយ​នៅ​ក្បែរ​ទីក្រុង។ នៅ​ពី​ក្រោយ​ការ​ធ្វើ​ពុត​ជា​អញ្ជើញ​គាត់​ក្នុង​ន័យមិត្ត​ភាព​នោះ គឺ​មាន​អន្ទាក់​ដ៏​ពិស​ពុល​(នេហេមា ៦:១-២)។ ប៉ុន្តែ លោក​នេហេមា​ក៏​បាន​ឆ្លើយ​តប​ទៅ​ពួក​គេ​វិញ​ថា “ខ្ញុំកំពុង​តែ​ធ្វើ​ការ​មួយ​យ៉ាង​ធំ ខ្ញុំ​នឹង​ចុះ​មក​មិន​បាន និង​ឲ្យ​ខ្ញុំ​លះ​ចោល​ការ​នេះ​ឲ្យ​ឈប់​នៅ ដើម្បី​នឹង​ចុះ​ទៅ​ឯ​អ្នក​ធ្វើអី​?” (ខ.៣)។ ត្រង់​ចំណុច​នេះ លោក​នេហេមា​ដឹង​ថា ការងារ​ដែល​គាត់​កំពុង​តែ​ធ្វើ​នោះ សំខាន់​ប៉ុណ្ណា។​

លោក​នេហេមា​មាន​សិទ្ធិ​អំណាច​ខ្លះ ប៉ុន្តែ គាត់​មិន​មែន​ជា​វីរបុរស​ដែល​ល្បី​ឈ្មោះ​ខ្លាំង ក្នុង​ចំណោម​វីវរៈបុរស​ក្នុងព្រះ​គម្ពីរ​នោះ​ឡើយ។​ គាត់​មិន​មែន​ជា​អ្នក​ប្រយុទ្ធ​ដ៏​អស្ចារ្យ មិន​មែន​ជា​អ្នក​និពន្ធ​បទ​កំណាព្យ មិន​មែន​ជា​ស្តេច ឬ​បណ្ឌិត​ឡើយ។ គាត់​ជា​អ្នក​ថ្វាយ​ពែង​របស់​ស្តេច ដែល​បាន​ក្លាយ​ជា​អ្នក​ម៉ៅ​ការ​សំណង់។ ប៉ុន្តែ គាត់​ជឿ​ថា គាត់កំពុង​តែ​ធ្វើ​កិច្ចការ​ដ៏​សំខាន់​ថ្វាយ​ព្រះ។ ចូរ​យើង​ធ្វើ​កិច្ចការ​ដែល​ព្រះ​អង្គ​ប្រទាន ដោយ​ភាព​ម៉ត់​ចត់ ហើយ​ធ្វើ​ឲ្យបាន​ល្អ ដោយ​អំណាច​ចេស្តា និង​ការ​ផ្គត់​ផ្គង់​របស់​ព្រះ​អង្គ។​—Glenn Packiam