មាស២៤ការ៉ាត់ គឺជាមាសសុទ្ធស្ទើរតែ១រយភាគរយ ដោយមានលាយនឹងសារធាតុផ្សេងតែបន្តិចបន្តួចប៉ុណ្ណោះ។ ប៉ុន្តែ ដើម្បីសម្រេចឲ្យបានមាសសុទ្ធកំរិតនេះ គឺមិនមែនជាការងាយស្រួលឡើយ។ អ្នកចម្រាញ់មាសភាគច្រើន ប្រើវិធីសាស្រ្តមួយ ឬពីរប្រភេទ ដើម្បីធ្វើឲ្យមាសសុទ្ធល្អ។ វិធីសាស្រ្តមីល័រ គឺជាវិធីសាស្រ្តចម្រាញ់មាស ដែលលឿន និងថោកបំផុត ប៉ុន្តែ គេអាចសម្រេចបានមាសសុទ្ធ ៩៩,៩៥ភាគរយ។ វិធីសាស្រ្តវ៉ូលវីល ចំណាយពេលយូរជាង និងអស់ថ្លៃច្រើនជាង ប៉ុន្តែ អាចសម្រេចបានមាសសុទ្ធ ៩៩,៩៩ ភាគរយ។
នៅសម័យព្រះគម្ពីរ អ្នកចម្រាញ់មាស ប្រើភ្លើងដើម្បីធ្វើឲ្យមាសសុទ្ធ។ គេប្រើភ្លើងស្លរមាសឲ្យរាវ ដើម្បីឲ្យល្បាយដែលមិនសុទ្ធអណ្តែតឡើង ទៅផ្ទៃខាងលើ ដែលងាយនឹងឲ្យគេដួសចេញពីមាស។ ពេលដែលសាវ័កពេត្រុសសរសេរសំបុត្រទីមួយ ផ្ញើទៅអ្នកជឿព្រះយេស៊ូវ នៅទូទាំងតំបន់អាស៊ីមីន័រ(សព្វថ្ងៃ តំបន់ខាងជើងនៃប្រទេសទួរគី) គាត់បាននិយាយអំពីដំណើរការនៃការចម្រាញ់មាស ដើម្បីប្រៀបធៀបនឹងទុក្ខលំបាកក្នុងជីវិតគ្រីស្ទបរិស័ទ។ នៅសម័យនោះ ចក្រភពរ៉ូម៉ាំងបានបៀតបៀនអ្នកជឿជាច្រើននាក់ ដោយសារពួកគេមានជំនឿលើព្រះគ្រីស្ទ។ លោកពេត្រុសយល់អំពីបញ្ហានេះ ព្រោះគាត់ក៏ធ្លាប់ជួបការបៀតបៀនផងដែរ។ ប៉ុន្តែ លោកពេត្រុសក៏បានពន្យល់ថា ការបៀតបៀននោះ កំពុងតែសាកលជំនឿរបស់ពួកគេ ឲ្យសុទ្ធដូចមាស(១ពេត្រុស ១:៧)។
អ្នកប្រហែលជាមានអារម្មណ៍ថា ជីវិតអ្នកកំពុងតែស្ថិតក្នុងភ្លើងរបស់អ្នកចម្រាញ់មាស ដែលទទួលរងនូវកម្តៅនៃភាពអន់ថយ ជំងឺ ឬបញ្ហាប្រឈមផ្សេងៗ។ ប៉ុន្តែ ជាញឹកញាប់ ព្រះជាម្ចាស់បានប្រើទុក្ខលំបាក ដើម្បីបន្សុទ្ធមាសនៃជំនឿរបស់យើង ឲ្យបានសុទ្ធល្អ។ ពេលដែលយើងកំពុងតែឈឺចាប់ យើងប្រហែលជាទូលអង្វរព្រះជាម្ចាស់ ឲ្យដកការឈឺចាប់នោះភ្លាមៗ ប៉ុន្តែ ព្រះអង្គជ្រាបថា ទុក្ខលំបាកទំាងនោះមានប្រយោជន៍ចំពោះយើង ទោះការរស់នៅរបស់យើងមានការឈឺចាប់ក៏ដោយ។ ស្ថិតក្នុងពេលបែបនេះ ចូរយើងបន្តភ្ជាប់ទំនាក់ទំនង ជាមួយព្រះអង្គសង្រ្គោះ ដោយស្វែងរកការកម្សាន្តចិត្ត និងសន្តិភាពរបស់ព្រះអង្គ។—Linda Washington