មាន​ពេល​មួយ ​ចៅ​ប្រុស​របស់​ខ្ញុំ​បាន​រត់​ទៅ​រក​រថ​ភ្លើង​វិល ហើយ​ក៏​បាន​ទៅ​ឈរ​ផ្អែក នៅ​លើ​ជញ្ជាំង​វាស់​កម្ពស់ ដើម្បី​ឲ្យ​ដឹង​ថា​ គាត់​មាន​មាឌ​ធំ​ល្មម​នឹង​អាច​ជិះ​រថ​ភ្លើង​វិល​នោះ​បាន​ឬ​អត់។ គាត់​ក៏​បាន​ស្រែក​ហ៊ោឡើង ដោយអំណរ ពេល​ដែល​ក្បាល​របស់​គាត់​ខ្ពស់​ជាង​គំនូរ​កំណត់​កម្ពស់។

ក្នុង​ជីវិត​យើង ជា​ញឹក​ញាប់ យើង​ត្រូវ​មាន​វ័យ​ធំ​ល្មម ដើម្បី​ធ្វើ​កិច្ច​ការ​នេះ ឬ​កិច្ច​ការ​នោះ តើ​មែន​ទេ? ឧទាហរណ៍ ក្មេង​ត្រូវ​មាន​អាយុ​ធំ​ល្មម ដើម្បី​អាច​អង្គុយ​កៅ​អី​ខាង​មុខ នៅ​ក្នុង​រថយន្ត។ យើង​ត្រូវ​មាន​វ័យ​ធំ​ល្មម ដើម្បី​ប្រឡងយក​ប័ណ្ណ​បើក​បរ ដើម្បី​បោះ​ឆ្នោត ដើម្បី​រៀប​ការ ។ល។ យើង​មិន​ចង់​នៅ​ក្មេង​រហូត​ទេ គឺ​មិន​ខុស​ពី​ចៅ​ប្រុស​របស់​ខ្ញុំ​ឡើយ។​

នៅ​សម័យ​សញ្ញា​ចាស់ គេ​ស្រឡាញ់​ក្មេង​ៗ ប៉ុន្តែ គេ​មិន​បាន​ឲ្យ​តម្លៃ​ពួក​គេ ដូច​មនុស្ស​ធំ​ឡើយ ទាល់​តែ​ពួកគេ “ពេញ​វ័យ” និង​អាច​រក​ប្រាក់​ចំណូល​ចូល​ក្នុង​ផ្ទះ ហើយ​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ ដោយ​ឯក​សិទ្ធិ​របស់​មនុស្ស​ពេញ​វ័យ។​  ព្រះ​យេស៊ូវ​បាន​ប្រឆំាង​នឹង​ទំនៀម​ទម្លាប់​នៅសម័យ​នោះ ដោយ​ទទួល​ស្វាគមន៍​អ្នក​ក្រីក្រ អ្នក​ជំងឺ និង​ក្មេង​ៗ​ផង​ដែរ។ កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​បី​កណ្ឌ​(ម៉ាថាយ ម៉ាកុស និងលូកា) បាន​ចែង​អំពី​ឪពុក​ម្តាយ ដែល​នាំ​កូន​តូច​ៗ ចូល​មក​ព្រះ​យេស៊ូវ ដើម្បី​ឲ្យ​ព្រះ​អង្គ​ដាក់​ព្រះ​ហស្ត អធិស្ឋាន​ឲ្យ​(ម៉ាថាយ ១៩:១៣ ម៉ាកុស ១០:១៦)។

កាល​នោះ ពួក​សាវ័ក​បាន​ស្តី​បន្ទោស​ឲ្យ​មនុស្ស​ធំ ព្រោះ​ពួក​គេ​គិត​ថា ការ​ធ្វើ​ដូច​នេះហាក់​ដូច​ជា​រំខាន។ ត្រង់​ចំណុច​នេះ ព្រះ​យេស៊ូវ “គ្នាន់​ក្នុង​ព្រះ​ទ័យ​”(ម៉ាកុស ១០:១៤) ហើយ​ក៏​បាន​បើក​ព្រះ​ហស្ត​ទទួល​ស្វាគមន៍​ក្មេង​តូច​ៗ​ទាំង​នោះ។ ទ្រង់​បាន​លើក​តម្លៃ​របស់​ពួក​គេ ក្នុង​នគរ​ព្រះ​អង្គ ហើយ​បាន​ជំរុញ​មនុស្ស​ទាំង​អស់ ឲ្យ​មាន​ជំនឿ​ដូចក្មេង​ៗ ព្រោះ​ដើម្បី​ឲ្យ​អាច​ស្គាល់​ព្រះ​អង្គ ពួក​គេ​ត្រូវ​ទទួល​ស្គាល់​ភាព​កម្សោយ​របស់​ខ្លួន និង​ទទួល​ស្គាល់​ថា ខ្លួន​ត្រូវ​ការ​ព្រះ​អង្គ​(លូកា ១៨:១៧)។ ទាល់​តែ​យើង​ទទួល​ស្គាល់ថា​ យើង​ត្រូវ​ការ​ព្រះ​អង្គ ដូច​ក្មេង​ៗ ទើប​យើង​ អាច“ធំ”​ល្មម​នឹង​ទទួល​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ។​—Elisa Morgan