ទីក្រុងតិចសាកាណា មានទីតាំងចំខ្សែបន្ទាត់ព្រំដែនរបស់រដ្ឋតិចសាស់ និងរដ្ឋអាឃែនសាស់។ ទីក្រុងនេះមានប្រជាជន៧ម៉ឺននាក់ មានចៅហ្វាយក្រុងពីរនាក់ មានក្រុមប្រឹក្សាក្រុង ពីរ និងមានមន្ទីរប៉ូលីស និងអគ្គីភ័យពីរផ្សេងគ្នា។ ការប្រកួតកីឡារវាងក្រុមរបស់វិទ្យាល័យដែលនៅក្នុងរដ្ឋតិចសាស់ និងវិទ្យាល័យនៅក្នុងរដ្ឋអាឃែនសាស់ បាននាំឲ្យមានអ្នកទស្សនាច្រើនកុះករខុសធម្មតា គឺបានឆ្លុះបញ្ចាំងអំពីភាពស្ម័គ្រស្មោះដ៏ជ្រាលជ្រៅ ដែលក្រុមនីមួយៗមាន ចំពោះសាលារបស់រដ្ឋនីមួយៗ។ បញ្ហាប្រឈមសំខាន់ៗក៏កើតមានកាន់តែច្រើនផងដែរ ដែលមានដូចជាជម្លោះរឿងប្រព័ន្ធផ្គត់ផ្គង់ទឹកដែលផ្នែកទាំងពីរនៃទីក្រុងប្រើរួមគ្នា ដែលត្រូវបានគ្រប់គ្រង ដោយច្បាប់របស់រដ្ឋពីរផ្សេងគ្នា។ ប៉ុន្តែ គេក៏ដឹងផងដែរថា ទីក្រុងនេះក៏មានការរួបរួមគ្នា ទោះបីជាមានខ្សែបន្ទាត់ព្រំដែនពុះចែកទីក្រុងនេះជាពីរក៏ដោយ។ ពលរដ្ឋក្នុងទីក្រុងនេះបានជួបជុំគ្នា ជារៀងរាល់ឆ្នាំ ដើម្បីញាំអាហាររួម នៅពេលល្ងាច ដើម្បីអបអរសាទរការរួបរួមគ្នាជាសហគមន៍តែមួយ។
អ្នកជឿព្រះនៅទីក្រុងកូរិនថូស មិនមានខ្សែបន្ទាត់ព្រំដែនពុះចែកទីក្រុងរបស់ពួកគេជាពីរទេ ប៉ុន្តែ ពួកគេមានការបែកបាក់គ្នា។ ពួកគេមានការឈ្លោះប្រកែកគ្នា ដោយសារភាពស្មោះស្ម័គ្រដែលពួកគេមានចំពោះ គ្រូដែលបង្រៀនពួកគេ អំពីព្រះយេស៊ូវ ដែលមានដូចជា សាវ័កប៉ុល លោកអ័ប៉ូឡូស និងលោកកេផាស(ពេត្រុស)។ សាវ័កប៉ុលក៏បានអំពាវនាវពួកគេ ឲ្យមានការរួបរួមគ្នា ដោយមានចិត្តគំនិតតែមួយវិញ(១កូរិនថូស ១:១០) ដោយរំឭកពួកគេថា គឺព្រះគ្រីស្ទទេ ដែលបានសុគតលើឈើឆ្កាង ដើម្បីពួកគេ តែគ្រូរបស់ពួកគេមិនបានលោះបាបពួកគេឡើយ។
សព្វថ្ងៃនេះ យើងក៏មានបញ្ហាស្រដៀងនេះផងដែរ តើមែនទេ? ជួនកាល គ្រីស្ទបរិស័ទដែលមានគ្រូផ្សេងគ្នា តែមានគោលជំនឿដូចគ្នា ដែលជឿថា ព្រះយេស៊ូវបានលះបង់ព្រះជន្ម ដើម្បីលោះបាបយើង ប៉ុន្តែ ពួកគេបែរជាមានការឈ្លោះគ្នា ជាជាងរួបរួមគ្នា។ ព្រះយេស៊ូវគ្រីស្ទ មិនមានការបែកបាក់ក្នុងព្រះកាយព្រះអង្គឡើយ ដូចនេះ ក្នុងនាមយើងជាអ្នកតំណាងរបស់ទ្រង់ យើងមិនត្រូវអនុញ្ញាតឲ្យការបែកបាក់គ្នា ដោយសាររឿងមិនសំខាន់នោះឡើយ។ ផ្ទុយទៅវិញ យើងត្រូវលើកកម្ពស់ការរួបរួមគ្នា នៅក្នុងព្រះអង្គ។—Kirsten Holmberg