ទីក្រុង​តិច​សា​កាណា មាន​ទីតាំង​ចំ​ខ្សែ​បន្ទាត់​ព្រំដែន​របស់​រដ្ឋ​តិចសាស់ និង​រដ្ឋ​អាឃែនសាស់។ ទីក្រុង​នេះ​មានប្រជាជន​៧​ម៉ឺន​នាក់ មាន​ចៅហ្វាយ​ក្រុង​ពីរ​នាក់ មាន​ក្រុម​ប្រឹក្សា​ក្រុង​ ពីរ និង​មាន​មន្ទីរ​ប៉ូលីស និង​អគ្គីភ័យ​ពីរ​ផ្សេងគ្នា​។ ការ​ប្រកួត​កីឡា​រវាង​ក្រុម​របស់​វិទ្យាល័យ​ដែល​នៅ​ក្នុង​រដ្ឋ​តិចសាស់ និង​វិទ្យាល័យ​នៅ​ក្នុង​រដ្ឋ​អាឃែនសាស់ បាន​នាំ​ឲ្យ​មាន​អ្នក​ទស្សនា​ច្រើន​កុះ​ករ​ខុស​ធម្មតា គឺ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ភាព​ស្ម័គ្រ​ស្មោះដ៏​ជ្រាល​ជ្រៅ ដែល​ក្រុមនីមួយ​ៗ​មាន ចំពោះ​សាលា​របស់​រដ្ឋ​នីមួយ​ៗ​។ បញ្ហា​ប្រឈម​សំខាន់​ៗ​ក៏​កើត​មាន​កាន់​តែ​ច្រើន​ផង​ដែរ ដែល​មានដូច​ជា​ជម្លោះ​រឿង​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ដែល​ផ្នែក​ទាំង​ពីរ​នៃ​ទីក្រុង​ប្រើ​រួម​គ្នា ដែល​ត្រូវ​បាន​គ្រប់​គ្រង​ ដោយ​ច្បាប់​របស់រដ្ឋ​ពីរ​ផ្សេង​គ្នា។ ប៉ុន្តែ គេ​ក៏​ដឹង​ផង​ដែរ​ថា ទីក្រុង​នេះ​ក៏​មាន​ការ​រួប​រួម​គ្នា ទោះ​បី​ជា​មាន​ខ្សែ​បន្ទាត់​ព្រំដែន​ពុះ​ចែក​ទីក្រុង​នេះ​ជា​ពីរ​ក៏​ដោយ​។ ពល​រដ្ឋ​ក្នុង​ទីក្រុង​នេះ​បាន​ជួប​ជុំ​គ្នា ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ញាំ​អាហារ​រួម នៅ​ពេល​ល្ងាច ដើម្បី​អប​អរសាទរ​ការ​រួប​រួម​គ្នា​ជា​សហគមន៍​តែ​មួយ។​

អ្នក​ជឿ​ព្រះ​នៅ​ទីក្រុង​កូរិនថូស មិន​មាន​ខ្សែ​បន្ទាត់​ព្រំដែន​ពុះ​ចែក​ទីក្រុង​របស់​ពួក​គេ​ជា​ពីរ​ទេ ប៉ុន្តែ​ ពួក​គេ​មាន​ការបែក​បាក់​គ្នា។ ពួក​គេ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា ដោយ​សារ​ភាព​ស្មោះ​ស្ម័គ្រ​ដែល​ពួក​គេ​មាន​ចំពោះ គ្រូ​ដែលបង្រៀន​ពួក​គេ អំពី​ព្រះ​យេស៊ូវ ដែល​មាន​ដូច​ជា សាវ័ក​ប៉ុល លោក​អ័ប៉ូឡូស និង​លោក​កេផាស(ពេត្រុស)។ សាវ័កប៉ុល​ក៏​បាន​អំពាវ​នាវ​ពួក​គេ ឲ្យ​មាន​ការ​រួប​រួម​គ្នា ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ​វិញ​(១កូរិនថូស ១:១០) ដោយ​រំឭកពួក​គេ​ថា គឺ​ព្រះ​គ្រីស្ទ​ទេ ដែល​បាន​សុគត​លើ​ឈើ​ឆ្កាង ដើម្បី​ពួក​គេ តែ​គ្រូ​របស់​ពួក​គេ​មិន​បាន​លោះ​បាប​ពួក​គេ​ឡើយ​។​

សព្វ​ថ្ងៃ​នេះ យើង​ក៏​មាន​បញ្ហា​ស្រដៀង​នេះ​ផង​ដែរ តើ​មែន​ទេ? ជួន​កាល គ្រីស្ទ​បរិស័ទ​ដែល​មាន​គ្រូ​ផ្សេង​គ្នា តែមាន​គោល​ជំនឿ​​ដូច​គ្នា​ ដែល​ជឿ​ថា​ ព្រះ​យេស៊ូវ​បាន​លះ​បង់​ព្រះ​ជន្ម ដើម្បី​លោះ​បាប​យើង ប៉ុន្តែ ពួក​គេ​បែរ​ជា​មានការ​ឈ្លោះ​គ្នា ជា​ជាង​រួប​រួម​គ្នា។ ព្រះ​យេស៊ូវ​គ្រីស្ទ មិន​មាន​ការ​បែក​បាក់​ក្នុង​ព្រះ​កាយ​ព្រះ​អង្គ​ឡើយ ដូច​នេះ ក្នុងនាម​យើង​ជា​អ្នក​តំណាង​របស់​ទ្រង់ យើង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ការ​បែក​បាក់​គ្នា ដោយសារ​រឿង​មិន​សំខាន់​នោះ​ឡើយ​។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​លើក​កម្ពស់​ការ​រួប​រួម​គ្នា នៅ​ក្នុង​ព្រះ​អង្គ។​—Kirsten Holmberg