មានពេលមួយ គេបានឲ្យក្មេង៣រយនាក់ស្លៀកពាក់ខោអាវ ហើយអង្គុយនៅតុអាហារ ដើម្បីបរិភោគអាហារពេលព្រឹក ហើយពួកគេបានអធិស្ឋានអរព្រះគុណព្រះ សម្រាប់អាហារដែលព្រះអង្គប្រទាន។ ប៉ុន្តែ នៅពេលនោះ ពួកគេគ្មានអាហារនៅលើតុឡើយ! នេះមិនមែនជាលើកទីមួយឡើយ ដែលលោកចន មូល័រ(George Mueller ឆ្នាំ១៨០៥-១៨៩៨) ដែលជានាយកនៃមណ្ឌលកុមារកំព្រា និងបេសកជន បានជួបរឿងនេះ។ ប៉ុន្តែ ពេលនោះ ជាឱកាស ដែលពួកគេអាចមើលឃើញរបៀបដែលព្រះផ្គត់ផ្គង់ពួកគេសារជាថ្មីទៀត។ បន្ទាប់ពីលោកមូល័រអធិស្ឋាន មិនទាន់បានប៉ុន្មាននាទីផង អ្នកដុតនំម្នាក់ បានមកឈរនៅមាត់ទ្វារមណ្ឌលកុមារកំព្រា ព្រោះកាលពីយប់មិញ គាត់ដេកមិនលក់។ គាត់ដឹងថា មណ្ឌលកុមារកំព្រានេះកំពុងតែត្រូវការអាហារ គាត់ក៏បានយកនំប៉័ងបីថង់មកឲ្យពួកគេ។ មិនយូរប៉ុន្មាន អ្នកលក់ទឹកដោះគោម្នាក់ ប្រចាំក្រុងនេះក៏មកបង្ហាញខ្លួននៅទីនោះផងដែរ។ រទេះដឹកទឹកដោះគោបានខូចនៅមុខមណ្ឌលកុមារកំព្រានោះ។ គាត់មិនចង់ឲ្យទឹកដោះគោខូច ដូចនេះគាត់ក៏បានប្រគល់ទឹកដោះគោនោះទៅលោកមូល័រ។
វាជារឿងធម្មតាទេ ដែលយើងមានការព្រួយបារម្ភ ថប់បារម្ភ និងអាណឹតខ្លួនឯង ពេលដែលយើងខ្វះធនធានដ៏ចាំបាច់ សម្រាប់សុខមាលភាពរបស់យើង ដែលមានដូចជាអាហារ ជំរក សុខភាព ប្រាក់កាស និងមិត្តភាពជាដើម។ បទគម្ពីរ ១ពង្សាវតាក្សត្រ ១៧:៨-១៦ បានរំឭកយើងថា ជំនួយរបស់ព្រះជាម្ចាស់មកដល់យើង តាមរយៈប្រភពដែលយើងមិននឹកស្មានដល់ គឺដូចដែលលោកអេលីយ៉ា បានទទួលការផ្គត់ផ្គង់ពីព្រះអង្គ តាមរយៈស្រ្តីមេម៉ាយទុរគត ដែល “មានតែម្សៅ១ក្តាប់នៅក្នុងខាប់ និងប្រេងបន្តិចបន្តួចនៅដបប៉ុណ្ណោះ”(ខ.១២)។ ពីដំបូង ព្រះអង្គបានផ្គត់ផ្គង់លោកអេលីយ៉ា តាមរយៈសត្វក្អែក(ខ.៤-៦)។ ការព្រួយបារម្ភ អំពីការខ្វះខាត អាចជំរុញយើង ឲ្យស្វែងរកការផ្គត់ផ្គង់ នៅគ្រប់ទិសទី។ ប៉ុន្តែ យើងអាចរួចផុតពីការព្រួយបារម្ភ ពេលណាយើងដឹងច្បាស់ថា ព្រះទ្រង់បានសន្យាថា នឹងផ្គត់ផ្គង់យើង។ មុនពេលយើងស្វែងរកដំណោះស្រាយ ចូរយើងស្វែងរកជំនួយពីព្រះអង្គជាមុនសិន។ ការអនុវត្តដូចនេះ អាចជួយយើងសន្សំពេលវេលា កម្លាំង និងភាពនឿយណាយ។—Arthur Jackson