មាន​ពេល​មួយ គេ​បាន​ឲ្យ​ក្មេង​៣​រយ​នាក់​ស្លៀកពាក់​ខោអាវ ហើយ​អង្គុយ​នៅ​តុ​អាហារ ដើម្បី​បរិភោគ​អាហារ​ពេល​ព្រឹក ហើយ​ពួក​គេ​បាន​អធិស្ឋាន​អរ​ព្រះ​គុណ​ព្រះ សម្រាប់​អាហារ​ដែល​ព្រះ​អង្គ​ប្រទាន។ ប៉ុន្តែ នៅ​ពេល​នោះ ពួកគេ​គ្មាន​អាហារ​នៅ​លើ​តុ​ឡើយ! នេះ​មិន​មែន​ជា​លើក​ទីមួយ​ឡើយ ដែល​លោក​ចន មូល័រ(George Mueller ឆ្នាំ១៨០៥-១៨៩៨) ដែល​ជា​នាយក​នៃ​មណ្ឌល​កុមារ​កំព្រា និង​បេសកជន បាន​ជួប​រឿង​នេះ។ ប៉ុន្តែ ពេល​នោះ ជា​ឱកាស ដែល​ពួក​គេ​អាច​មើល​ឃើញ​របៀប​ដែល​ព្រះ​ផ្គត់​ផ្គង់​ពួក​គេ​សារជា​ថ្មី​ទៀត។ បន្ទាប់​ពី​លោក​មូល័រ​អធិស្ឋាន ​មិន​ទាន់​បាន​ប៉ុន្មាន​នាទី​ផង អ្នក​ដុត​នំ​ម្នាក់ បាន​មក​ឈរ​នៅ​មាត់​ទ្វារ​មណ្ឌល​កុមារ​កំព្រា ព្រោះ​កាល​ពី​យប់​មិញ គាត់​ដេក​មិន​លក់។ គាត់​ដឹង​ថា មណ្ឌល​កុមារ​កំព្រា​នេះកំពុង​តែ​ត្រូវ​ការ​អាហារ គាត់​ក៏​បាន​យក​នំប៉័ង​បី​ថង់​មក​ឲ្យ​ពួក​គេ។ មិន​យូរ​ប៉ុន្មាន អ្នក​លក់​ទឹក​ដោះ​គោ​ម្នាក់ ប្រ​ចាំ​ក្រុង​នេះ​ក៏​មក​បង្ហាញ​ខ្លួន​នៅ​ទីនោះ​ផង​ដែរ។ រទេះ​ដឹក​ទឹក​ដោះ​គោ​បាន​ខូច​នៅ​មុខ​មណ្ឌល​កុមារ​កំព្រា​នោះ។ គាត់​មិន​ចង់​ឲ្យ​ទឹក​ដោះ​គោ​ខូច ដូច​នេះ​គាត់​ក៏​បាន​ប្រគល់​ទឹកដោះ​គោ​នោះ​ទៅ​លោក​មូល័រ។​

វា​ជា​រឿង​ធម្មតា​ទេ ដែល​យើង​មាន​ការ​ព្រួយ​បារម្ភ ថប់​បារម្ភ និង​អាណឹត​ខ្លួន​ឯង ពេល​ដែល​យើង​ខ្វះ​ធន​ធាន​ដ៏ចាំ​បាច់ សម្រាប់​សុខមាល​ភាព​របស់​យើង ដែល​មាន​ដូច​ជា​អាហារ ជំរក សុខភាព ប្រាក់​កាស និង​មិត្ត​ភាព​ជា​ដើម។ បទ​គម្ពីរ ១​ពង្សាវតាក្សត្រ ១៧:៨-១៦ បាន​រំឭក​យើង​ថា ជំនួយ​របស់​ព្រះ​ជា​ម្ចាស់​មក​ដល់​យើង តាម​រយៈ​ប្រ​ភព​ដែល​យើង​មិន​នឹក​ស្មាន​ដល់ គឺ​ដូច​ដែល​លោក​អេលីយ៉ា បាន​ទទួល​ការ​ផ្គត់​ផ្គង់​ពី​ព្រះ​អង្គ តាម​រយៈ​ស្រ្តី​មេម៉ាយទុរគត  ដែល “មាន​តែ​ម្សៅ​១​ក្តាប់​នៅ​ក្នុង​ខាប់ និង​ប្រេង​បន្តិច​បន្តួច​នៅ​ដប​ប៉ុណ្ណោះ”(ខ.១២)។ ពី​ដំបូង ព្រះ​អង្គ​បានផ្គត់​ផ្គង់​លោក​អេលីយ៉ា តាម​រយៈ​សត្វ​ក្អែក​(ខ.៤-៦)។ ការ​ព្រួយ​បារម្ភ អំពី​ការ​ខ្វះ​ខាត អាច​ជំរុញ​យើង ឲ្យ​ស្វែង​រក​ការ​ផ្គត់​ផ្គង់ នៅ​គ្រប់​ទិស​ទី។ ប៉ុន្តែ យើង​អាច​រួច​ផុត​ពី​ការ​ព្រួយ​បារម្ភ ពេល​ណា​យើង​ដឹង​ច្បាស់​ថា ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​ផ្គត់​ផ្គង់​យើង។​ មុន​ពេល​យើង​ស្វែង​រក​ដំណោះ​ស្រាយ ចូរ​យើង​ស្វែង​រក​ជំនួយ​ពី​ព្រះ​អង្គ​ជា​មុន​សិន។ ការ​អនុវត្ត​ដូច​នេះ អាច​ជួយ​យើង​សន្សំ​ពេល​វេលា កម្លាំង និង​ភាព​នឿយ​ណាយ។​—Arthur Jackson