ក្នុងអំឡុងពេលដែលលោកប៊ីល អ៊ែស(Bill Ashe) ទៅលេងប្រទេសមិចស៊ីកូ នៅឆ្នាំ១៩៦២ គាត់បានជួយជួសជុលអណ្តូងស្នប់មួយ នៅមណ្ឌលកុមារកំព្រាមួយកន្លែង។ អណ្តូងស្នប់នោះដំណើរការដោយរហាត់ខ្យល់។ កាលពី១៤ឆ្នំាមុន គាត់បានទទួលការបណ្តាលចិត្ត ឲ្យបម្រើព្រះ ដោយជួយផ្គត់ផ្គង់ទឹកស្អាត ដល់អ្នកភូមិក្រីក្រ ហើយគាត់ក៏បានបង្កើតអង្គការមិនរកប្រាក់ចំណេញមួយ។ គាត់ថា “ព្រះជាម្ចាស់បានដាស់តឿនខ្ញុំ ឲ្យប្រើពេលវេលាឲ្យមានប្រយោជន៍បំផុត ដោយស្វែងរកមនុស្សដែលមានចិត្តចង់នាំទឹកស្អាត ទៅកាន់តំបន់ក្រីក្រដាច់ស្រយ៉ាល”។
ក្រោយមក បន្ទាប់ពីគាត់បានដឹង អំពីតម្រូវការទឹកស្អាត នៅទូទាំងពិភពលោក តាមរយៈការស្នើរសុំរបស់គ្រូគង្វាល និងអ្នកផ្សាយដំណឹងល្អរាប់ពាន់នាក់ នៅក្នុងប្រទេសជាង១០០ គាត់ក៏បានអញ្ជើញអ្នកដទៃ ឲ្យចូលរួមការងារនេះ។
ព្រះជាម្ចាស់បានត្រាស់ហៅយើង ឲ្យរួមគ្នាបម្រើព្រះអង្គ និងអ្នកដទៃ តាមមធ្យោបាយផ្សេងៗ។ ពេលដែលពួកជំនុំនៅក្រុងកូរិនថូសប្រកែកគ្នា អំពីគ្រូដែលពួកគេពេញចិត្ត សាវ័កប៉ុលក៏បានបញ្ជាក់ថា គាត់មានតួនាទីជាអ្នកបម្រើព្រះយេស៊ូវ និងជាមិត្តរួមការងាររបស់លោកអ័ប៉ូឡូស ដោយពឹងផ្អែកទាំងស្រុងទៅលើព្រះ ដើម្បីលូតលាស់ខាងវិញ្ញាណ(១កូរិនថូស ៣:១-៧)។ គាត់បានរំឭកយើងថា ការងារដែលព្រះឲ្យយើងធ្វើបម្រើព្រះអង្គ គឺមានតម្លៃមកពីព្រះអង្គ(ខ.៨)។ សាវ័កប៉ុលបានទទួលស្គាល់ថា ការធ្វើការជាមួយអ្នកដទៃ ដើម្បីបម្រើព្រះ គឺជាឯកសិទ្ធិ ហេតុនេះហើយ គាត់ក៏បានលើកទឹកចិត្តយើង ឲ្យស្អាងគ្នាទៅវិញទៅមក ដូចដែលព្រះអង្គបានកែប្រែជីវិតយើង ក្នុងសេចក្តីស្រឡាញ់(ខ.៩)។
ទោះព្រះវរបិតាដ៏មានចេស្តា មិនត្រូវការជំនួយរបស់យើង ដើម្បីសម្រេចព្រះរាជកិច្ចដ៏ធំរបស់ព្រះអង្គក៏ដោយ ក៏ព្រះអង្គបានប្រទានលទ្ធភាព និងអញ្ជើញយើង ឲ្យធ្វើការជាដៃគូរជាមួយព្រះអង្គ។—Xochitl Dixon