ក្នុង​អំឡុង​ពេល​ដែល​លោក​ប៊ីល អ៊ែស(Bill Ashe) ទៅ​លេង​ប្រទេស​មិចស៊ីកូ នៅឆ្នាំ១៩៦២ គាត់​បាន​ជួយ​ជួសជុល​អណ្តូង​ស្នប់​មួយ នៅ​មណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង។​ អណ្តូង​ស្នប់​នោះ​ដំណើរ​ការ​ដោយ​រហាត់​ខ្យល់។ កាល​ពី​១៤​ឆ្នំា​មុន គាត់​បាន​ទទួល​ការ​បណ្តាល​ចិត្ត ​ឲ្យ​បម្រើ​ព្រះ  ដោយ​ជួយ​ផ្គត់​ផ្គង់ទឹក​ស្អាត ដល់​អ្នក​ភូមិ​ក្រី​ក្រ ហើយ​គាត់​ក៏​បាន​បង្កើត​អង្គការ​មិន​រក​ប្រាក់​ចំណេញ​មួយ។​​ គាត់​ថា “ព្រះ​ជាម្ចាស់​បានដាស់​តឿន​ខ្ញុំ ឲ្យ​ប្រើ​ពេល​វេលា​ឲ្យ​មាន​ប្រយោជន៍​បំផុត ដោយ​ស្វែង​រក​មនុស្ស​ដែល​មាន​ចិត្ត​ចង់​នាំ​ទឹក​ស្អាត ទៅ​កាន់​តំបន់​ក្រី​ក្រ​ដាច់​ស្រយ៉ាល”។

ក្រោយ​មក បន្ទាប់​ពី​គាត់​បាន​ដឹង អំពី​តម្រូវ​ការ​ទឹក​ស្អាត នៅ​ទូទាំង​ពិភព​លោក តាម​រយៈ​ការ​ស្នើរ​សុំ​របស់​គ្រូ​គង្វាល និង​អ្នក​ផ្សាយ​ដំណឹង​ល្អ​រាប់​ពាន់​នាក់ នៅ​ក្នុង​ប្រទេស​ជាង​១០០ គាត់​ក៏​បាន​អញ្ជើញ​អ្នក​ដទៃ ឲ្យ​ចូល​រួម​ការងារ​នេះ។​

ព្រះ​ជា​ម្ចាស់​បាន​ត្រាស់​ហៅ​យើង ឲ្យ​រួម​គ្នា​បម្រើ​ព្រះ​អង្គ និង​អ្នក​ដទៃ តាម​មធ្យោ​បាយ​ផ្សេង​ៗ។  ពេល​ដែល​ពួក​ជំនុំនៅ​ក្រុង​កូរិន​ថូស​ប្រកែក​គ្នា អំពី​គ្រូ​ដែល​ពួក​គេ​ពេញ​ចិត្ត សាវ័ក​ប៉ុល​ក៏​បាន​បញ្ជាក់​ថា គាត់​មាន​តួនាទី​ជា​អ្នក​បម្រើ​ព្រះ​យេស៊ូវ និង​ជា​មិត្ត​រួម​ការងារ​របស់​លោក​អ័ប៉ូឡូស ដោយ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ព្រះ ដើម្បី​លូត​លាស់​ខាង​វិញ្ញាណ​(១កូរិនថូស ៣:១-៧)។ គាត់​បាន​រំឭក​យើង​ថា ការងារ​ដែល​ព្រះ​ឲ្យ​យើង​ធ្វើ​បម្រើ​ព្រះ​អង្គ គឺ​មាន​តម្លៃ​មក​ពីព្រះ​អង្គ​(ខ.៨)។ សាវ័ក​ប៉ុល​បាន​ទទួល​ស្គាល់​ថា ការ​ធ្វើ​ការ​ជា​មួយ​អ្នក​ដទៃ ដើម្បី​បម្រើ​ព្រះ គឺ​ជា​ឯក​សិទ្ធិ ហេតុ​នេះ​ហើយ គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ស្អាង​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ដែល​ព្រះ​អង្គ​បាន​កែ​ប្រែ​ជីវិត​យើង ក្នុង​សេចក្តី​ស្រឡាញ់(ខ.៩)។

ទោះ​ព្រះ​វរបិតា​ដ៏​មាន​ចេស្តា មិន​ត្រូវ​ការ​ជំនួយ​របស់​យើង ដើម្បី​សម្រេច​ព្រះ​រាជ​កិច្ច​ដ៏​ធំ​របស់​ព្រះ​អង្គ​ក៏​ដោយ ក៏ព្រះ​អង្គ​បាន​ប្រទាន​លទ្ធ​ភាព និង​អញ្ជើញ​យើង ឲ្យ​ធ្វើ​ការ​ជា​ដៃ​គូរ​ជា​មួយ​ព្រះ​អង្គ។​—Xochitl Dixon