ស្រ្តីម្នាក់ដែលខ្ញុំស្គាល់ បានរៀបគម្រោងធ្វើកម្មវិធីមួយ នៅក្នុងសួនច្បារក្នុងតំបន់ ហើយក៏បានអញ្ជើញក្មេងៗ ក្នុងតំបន់ដែលគាត់រស់នៅ ឲ្យចូលរួម។ គាត់មានចិត្តរំភើបរីករាយ ពេលដែលគាត់មានឱកាសចែកចាយ អំពីជំនឿរបស់គាត់ ដល់អ្នកជិតខាង នៅថ្ងៃនោះ។
គាត់បានជ្រើសរើសចៅទាំងបីនាក់របស់គាត់ និងសិស្សវិទ្យាល័យពីរនាក់ ឲ្យជួយគាត់ ក្នុងកម្មវិធីនេះ ដោយចែកក្រដាស់កិច្ចការឲ្យក្មេងៗ រៀបចំល្បែងកម្សាន្ត និងសកម្មភាពដទៃទៀត រៀបចំអាហារ ត្រៀមចែកចាយរឿងអំពីព្រះយេស៊ូវ ដល់ក្មេងៗ និងរង់ចាំក្មេងៗមកជុំគ្នា។
នៅថ្ងៃទីមួយ គ្មានក្មេងណាម្នាក់មកចូលរួម។ នៅថ្ងៃទីពីរ និងទីបី ក៏នៅតែគ្មានក្មេងមកចូលរួម។ ប៉ុន្តែ រៀងរាល់ថ្ងៃ មិត្តសំឡាញ់របស់ខ្ញុំម្នាក់នេះបានបន្តសកម្មភាពប្រចាំថ្ងៃ ជាមួយចៅៗ និងជំនួយការទាំងនោះ។
នៅថ្ងៃទី៤ គាត់ក៏បានឃើញគ្រួសារមួយ កំពុងតែញាំអាហារកម្សាន្ត នៅក្នុងសួនច្បារនោះ។ គាត់ក៏បានអញ្ជើញក្មេងៗ ឲ្យចូលរួម ក្នុងល្បែងកម្សាន្ត។ មានក្មេងស្រីតូចម្នាក់បានមកចូលរួម ដោយញាំអាហារជាមួយពួកគេ ហើយក៏បានស្តាប់រឿងអំពីព្រះយេស៊ូវ។ ក្មេងស្រីតូចម្នាក់នេះប្រហែលជានៅចាំពេលដ៏រីករាយនេះ ជាច្រើនឆ្នាំក្រោយមកទៀត។ តើនរណាដឹងថា ពួកគេនឹងសម្រេចបានលទ្ធផលអ្វី នៅពេលខាងមុខ? ព្រះជាម្ចាស់បានលើកទឹកចិត្តយើង តាមរយៈកណ្ឌគម្ពីរកាឡាទីថា “កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់ យើងនឹងច្រូតបានហើយ ដូច្នេះ កាលណាយើងមានឱកាស នោះត្រូវធ្វើល្អដល់មនុស្សទាំងអស់ ហើយគឺដល់ពួកអ្នកជឿជាដើម”(៦:៩-១០)។
ចូរយើងកុំព្រួយបារម្ភ អំពីចំនួនមនុស្សចូលរួម ឬរង្វាស់នៃជោគជ័យ ដែលយើងឃើញនឹងភ្នែក។ អ្វីដែលយើងត្រូវធ្វើនោះ គឺត្រូវមានចិត្តស្មោះត្រង់ ចំពោះកិច្ចការអ្វី ដែលព្រះអង្គសព្វព្រះទ័យឲ្យយើងធ្វើ ហើយថ្វាយលទ្ធផល ឲ្យព្រះអង្គជាអ្នកសម្រេច។ ព្រោះព្រះអង្គជាអ្នកសម្រេចលទ្ធផល។—David H. Roper