កាល​ខ្ញុំ និង​ស្វាមី​ខ្ញុំ​កំពុង​តែ​ដើរ​លេង នៅ​ក្នុង​តំបន់​តូច​មួយ ដែល​មាន​ថ្ម​ច្រើន ក្នុង​រដ្ឋ​វ៉ាយអូមីង ខ្ញុំ​ក៏​បាន​សង្កេតមើល​ដើម​ផ្កា​ឈូក​រ័ត្ន​មួយ​ដើម ក្នុង​កន្លែង​ដែល​មាន​ថ្ម​ច្រើន និង​ក្រៀម​ក្រោះ ដែល​មាន​រុក្ខ​ជាតិ​តូច​ៗ ដើម​កន្តេចអាល ដើម​តំបង​យក្ស​ដែល​មាន​បន្លា​ស្រួច​ៗ និង​រុក្ខ​ជាតិ​ដទៃ​ទៀត​ដុះ​នៅ​កន្លែង​ស្ងួត​ហែង​នោះ។​ វា​មិន​បាន​លូតខ្ពស់ ដូច​ដើម​ផ្កា​ឈូក​រ័ត្ន​ដែល​ដុះ​ក្នុង​ស្រុក​នោះ​ឡើយ តែ​វា​មាន​ភាព​ស្រស់​ស្អាត។ វា​បាន​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​រីក​រាយ​ឡើង​។​

ផ្កា​ដ៏​ស្រស់​ស្អាត នៅ​កន្លែង​ដ៏​ក្រៀម​ក្រោះ​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ជីវិត​របស់​មនុស្ស​ទំាង​អស់ សូម្បី​តែ​អ្នក​ជឿ​ក៏​ដោយ ដែល​អាច​មាន​ភាព​ក្រៀម​ក្រោះ និង​គ្មាន​អំណរ។ បញ្ហា​របស់​យើង​ហាក់​ដូច​ជា​មិន​អាច​ដោះ​ស្រាយ​បាន ហើយ​ជួន​កាល យើង​មាន​អារម្មណ៍​ថា ព្រះ​អម្ចាស់​ហាក់​ដូច​ជា​មិន​បាន​ឮ​ការ​អធិស្ឋាន​របស់​យើង។ គឺដូចដែលស្តេចដាវីឌបានទូលអង្វរថា “ឱ​ព្រះយេហូវ៉ា​អើយ សូម​ផ្ទៀង​ព្រះកាណ៌​មក​ស្តាប់ ហើយ​តប​មក​ទូលបង្គំ​ផង ពី​ព្រោះ​ទូលបង្គំ​ទាល់​ក្រ ហើយ​ខ្វះ​ខាត”(ទំនុកដំកើង ៨៦:១)។ យើង​ក៏​ចង់​មាន​ក្តី​អំណរ​ដូច​ស្តេច​ដាវីឌ​ផង​ដែរ(ខ.៤)។

ប៉ុន្តែ ស្តេច​ដាវីឌ​ក៏​បាន​ប្រកាស់​ទៀត​ថា យើង​បម្រើ​ព្រះ​ដ៏​ស្មោះ​ត្រង់(ខ.១១) មាន​សេចក្តី​អាណឹត និង​ប្រកប​ដោយ​ព្រះ​គុណ​(ខ.១៥) ដែល​មាន​សេចក្តី​ស្រឡាញ់​ជា​បរិបូរ សម្រាប់​អស់​អ្នក ដែល​ស្រែក​អំពាវ​រក​ព្រះ​អង្គ​(ខ.៥)។ ព្រះ​អង្គ​ក៏​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​យើង​(ខ.៧)។

ជួន​កាល ពេល​ណា​យើង​កំពុង​តែ​ស្រងូត​ស្រងាត់ ព្រះ​ទ្រង់​អាច​លើក​ទឹក​ចិត្ត​យើង តាម​រយៈ​សម្រស់​នៃ​ដើមផ្កា​ឈូក​រ័ត្ន ដែល​ដុះ​ក្នុង​កន្លែង​ក្រៀម​ក្រោះ ឬ​ពាក្យ ឬ​សារ​លើក​ទឹក​ចិត្ត​ពី​មិត្ត​ភក្តិ​ណា​ម្នាក់ ឬ​ក៏​ខគម្ពីរ​លើក​ទឹក​ចិត្ត ឬ​មួយ​ទេស​ភាពថ្ងៃ​រះ​ដ៏​ស្រស់​ស្អាត ដើម្បី​ជួយ​ឲ្យ​យើង​បោះ​ជំហាន​ទៅ​មុខ ដោយ​ក្តី​សង្ឃឹម និង​អំណរ។ ពេល​ណាយើង​រង់​ចាំ​ថ្ងៃ​ដែល​ព្រះ​អង្គ​រំដោះ​យើង ឲ្យ​រួច​ពី​ទុក្ខ​លំបាក យើង​អាច​ចូល​រួម​ជា​មួយ​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ដោយ​ប្រកាស់​ថា “​ទ្រង់​ធំ​ប្រសើរ ហើយ​ក៏​ធ្វើ​ការ​យ៉ាង​អស្ចារ្យ ទ្រង់​ជា​ព្រះ​តែ​មួយ​អង្គ​ឯង”(ខ.១០)។—Alyson Kieda