មានពេលមួយ អ្នកស្រីទីហ្វានី(Tiffani) បានភ្ញាក់ដឹងខ្លួន នៅក្នុងភាពងងឹតស្លុង ក្នុងយន្តហោះដឹកអ្នកដំណើរកាណាដាអ៊ែរ។ គាត់កំពុងតែគេងក្នុងយន្តហោះ ដោយមានខ្សែក្រវ៉ាត់មិនទាន់ដោះចេញនៅឡើយ ខណៈពេលដែលអ្នកដំណើរដទៃទៀតបានចាកចេញពីយន្តហោះអស់ បន្ទាប់ពីយន្តហោះបានចុះចត។ ហេតុអ្វីគ្មាននរណាម្នាក់ដាស់គាត់អញ្ចឹង? នាងឆ្ងល់ថា ហេតុអ្វីបានជានាងបានឡើងជិះយន្តហោះនោះ? នាងក៏បានព្យាយាមធ្វើឲ្យខួរក្បាលស្រឡះ ហើយព្យាយាមធ្វើឲ្យខ្លួនឯងចំាឡើងវិញ។
តើអ្នកធ្លាប់ទៅកន្លែងណាមួយ ដោយមិនដឹងខ្លូនឬទេ? អ្នកខ្លះនៅក្មេងណាស់ មិនគួរមានជំងឺ ដែលមិនអាចព្យាបាលបាននេះទេ។ អ្នកខ្លះទៀតបានទទួលការសរសើរល្អៗជាច្រើន នៅកន្លែងធ្វើការ ប៉ុន្តែ ហេតុអ្វីគាត់បែរជាបាត់បង់មុខតំណែងនោះ? អ្នកខ្លះកំពុងតែអរសប្បាយនឹងរយៈពេលដ៏ល្អបំផុត ក្នុងជីវិតអាពាហ៍ពិពាហ៍។ ប៉ុន្តែ ឥឡូវនេះ គាត់កំពុងតែចាប់ផ្តើមអ្វីៗឡើងវិញ ជាស្រ្តីមេម៉ាយ ដែលត្រូវចិញ្ចឹមកូន ដោយការងារពាក់កណ្តាលពេល។
តើហេតុអ្វីបានជាខ្ញុំជួបរឿងទាំងអស់នេះ? នេះជាសំណួរ ដែលលោកយ៉ូបប្រហែលជាបានសួរ ពេលដែលគាត់កំពុងតែអង្គុយនៅលើផេះ(យ៉ូប ២:៨)។ ក្នុងពេលតែមួយប៉ព្រិចភ្នែក គាត់បានបាត់បង់កូន និងទ្រព្យសម្បត្តិទាំងអស់ ហើយគាត់ក៏បានធ្លាក់ខ្លួនឈឺទៀត។ គាត់ប្រហែលជាមិនដឹងថា ហេតុអ្វីបានជាគាត់ជួបរឿងដ៏សោកសៅនេះទេ ប៉ុន្តែ គាត់គ្រាន់តែដឹងថា គាត់ត្រូវតែរំឭកឡើងវិញ។
គឺគាត់បាននឹកចាំ អំពីព្រះអាទិកររបស់គាត់ និងនឹកចាំថា ព្រះអង្គធ្លាប់ល្អយ៉ាងណា ចំពោះគាត់កាលពីមុខ។ គាត់ប្រាប់ភរិយាគាត់ថា យើងទទួលសេចក្តីល្អមកពីព្រះ តើមិនត្រូវទទួលសេចក្តីអាក្រក់ដែរទេឬ?(យ៉ូប ២:១០)។ លោកយ៉ូបបាននឹកចាំថា គាត់អាចទុកចិត្តថា ព្រះដ៏ល្អ នឹងនៅតែមានព្រះទ័យស្មោះត្រង់។ ដូចនេះ គាត់ក៏បានពោលទំនួញ។ គាត់ស្រែកយំទៅរកព្រះអង្គ ហើយគាត់ក៏បានទួញយំ ដោយក្តីសង្ឃឹមថា “ឯខ្ញុំៗដឹងថា អ្នកដែលលោះខ្ញុំទ្រង់មានព្រះជន្មរស់នៅ គឺក្រៅពីរាងកាយនោះខ្ញុំនឹងបានឃើញព្រះ”(១៩:២៥-២៦)។ លោកយ៉ូបបន្តរតោងឲ្យជាប់សេចក្តីសង្ឃឹម ខណៈពេលដែលគាត់នឹកចំាថា រឿងនេះបានចាប់ផ្តើម និងបញ្ចប់ទៅវិញដោយរបៀបណា។—Mike Wittmer