អ្នក​ជួយ​សង្រ្គោះ​ម្នាក់​បាន​អុំទូក​កាយ៉ាក​របស់​គាត់ ទៅ​ក្នុង​សមុទ្រ ដើម្បី​ជួយ​កីឡាករ​ហែល​ទឹក​ទាំង​ឡាយ ដែល​ហត់ ហើយ​មាន​ការ​ស្លន់​ស្លោ ក្នុង​អំឡុង​ពេល​ប្រកួត​អត្ត​ពលិក​ដែល​មាន​បី​ដំណាក់​កាល គឺ​ការ​ហែល​ទឹក ជិះ​កង់ និង​រត់​ប្រណាំង។ គាត់​បាន​ប្រាប់​អ្នក​ហែល​ទឹក​ទាំង​នោះ​ កុំ​ឲ្យ​តោង​ផ្នែក​កណ្តាល​របស់​ទូក​គាត់​ ព្រោះ​វា​អាច​ធ្វើ​ឲ្យទូក​គាត់​ក្រឡាប់។ ផ្ទុយ​ទៅ​វិញ គាត់​ក៏​បាន​ណែ​នាំ​អ្នក​ហែល​ទឹក​ដែល​កំពុង​តែ​ហត់ ឲ្យ​ហែល​ទៅ​រក​ក្បាល ឬកន្សៃ​ទូក​គាត់ ដើម្បី​ចាប់​តោង​ខ្សែ ដើម្បី​ឲ្យ​គាត់​អាច​ជួយ​សង្រ្គោះ​ពួក​គេ។​

ពេល​ណា​បញ្ហា​ក្នុង​ជីវិត ឬ​នរណា​ម្នាក់​ចង់​មក​គ្រប​សង្កត់​យើង ក្នុង​នាម​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ យើង​ដឹង​ថា យើង​មាន​ព្រះ​អង្គ​សង្រ្គោះ។ ដ្បិត​ព្រះ​អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា “មើល អញ គឺ​អញ​នេះ​ហើយ នឹង​ស្វែង​រក​ចៀម​របស់​អញ ​ទាំង​ស៊ើបសួរ​រក​ទាល់​តែ​ឃើញ​ផង ឯ​អ្នក​គង្វាល គេ​តែង​មើល​ហ្វូង​ចៀម​ខ្លួន នៅ​ថ្ងៃ​ដែល​គេ​នៅ​ជា​មួយ​នឹង​ហ្វូង​ចៀម​ដែល​ខ្ចាត់ខ្ចាយ​ជា​យ៉ាង​ណា នោះ​អញ​នឹង​ថែ​មើល​ហ្វូង​ចៀម​របស់​អញ ហើយ​ជួយ​ឲ្យ​វា​រួច​ចេញ​ពី​គ្រប់​កន្លែង​ដែល​វា​ត្រូវ​កំចាត់កំចាយ​នោះ”(អេសេគាល ៣៤:១១-១២)។

នេះ​ជា​ការ​ធានា​ដល់​រាស្រ្ត​របស់​ព្រះ កាល​ពួក​គេ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​និរទេស។ អ្នក​ដឹក​នាំ​របស់​ពួក​គេ​មិន​បានអើពើរ​ចំពោះ​ទុក្ខ​លំបាក​របស់​ពួក​គេ និង​បាន​កេង​ប្រវ័ញ្ច​ពួក​គេ ហើយ គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ជា​ជាង​ខ្វល់​អំពីហ្វូង​ចៀម​របស់​ព្រះ(ខ.៨)។ ហេតុ​នេះ​ហើយ រាស្រ្ត​របស់​ព្រះ​អង្គ​ ក៏​បាន “​ត្រូវ​កំចាត់កំចាយ នៅ​ពេញពាស​លើ​ផែនដី ឥត​មាន​អ្នក​ណា​ទៅ​ស៊ើបសួរ ឬ​ស្វែង​រក​វា​សោះ”(ខ.៦)។

ប៉ុន្តែ ព្រះ​អម្ចាស់​បាន​ប្រកាស់​ថា ព្រះ​អង្គ​នឹង​សង្រ្គោះ​ហ្វូង​ចៀម​របស់​ព្រះ​អង្គ(ខ.១០) ហើយ​ព្រះ​អង្គ​នៅ​តែ​គោរព តាម​ព្រះ​បន្ទូល​សន្យា។

តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច? យើង​ត្រូវ​ប្រកាន់​ខ្ជាប់​តាម​ព្រះ​ជា​ម្ចាស់ និង​ព្រះ​បន្ទូល​សន្យា​របស់​ទ្រង់។ ដ្បិត​ព្រះ​អង្គ​មានបន្ទូល​ថា ព្រះ​អង្គ​នឹង​ស្វែង​រក​ចៀម​របស់​ព្រះ​អង្គ ហើយ​ថែរក្សា​ពួក​គេ​(ខ.១១)។ នេះ​ជា​ព្រះ​បន្ទូល​សន្យា ដែល​សក្តិ​សម​នឹង​ឲ្យ​យើង​ប្រកាន់​ខ្ជាប់​តាម។—Patricia Raybon