តើ​អ្នក​នឹង​ជ្រើស​រើស​យក​មួយ​ណា? តើ​អ្នក​នឹង​ជ្រើស​រើស​យក​ការ​ជិះ​ស្គី​កម្សាន្ត​នៅ​ប្រទេស​ស្វីស ឬ​ទៅ​ជួយ​សង្រ្គោះ​ក្មេង​ៗ ឲ្យ​រួច​ពី​គ្រោះ​ថ្នាក់ នៅ​ទីក្រុង​ប្រាក? លោក​នីកូឡាស វីនតុន(Nichola Winton) ​គឺ​ជា​ជន​សាមញ្ញ​ម្នាក់ ដែល​បាន​ជ្រើស​រើស​យក ជម្រើស​ទី​២។ កាល​ពី​ឆ្នាំ​១៩៣៨ សង្រ្គាម​រវាង​ប្រទេស​ឆេកូស្លូវ៉ាគា និង​ប្រទេស​អាឡឺម៉ង់ ហាក់​ដូច​ជា​មិន​អាច​ជៀស​រួច​ឡើយ។ បន្ទាប់​ពី​លោក​នីកូឡាស​បាន​ទៅ​មើល​ជំរុំ​ជន​ភាស​ខ្លួន នៅ​ទី​ក្រុង​ប្រាក ដែល​មាន​ជន​ជាតិ​យូដា​ជា​ច្រើន​កំពុង​តែ​រស់​នៅ ក្នុង​ស្ថានភាព​ដ៏​អាក្រក់ គាត់​ក៏​បាន​ទទួល​ការ​បណ្តាល​ចិត្ត ឲ្យ​រៀប​ផែន​ការ​ជួយ​ពួក​គេ។ គាត់​ក៏​បាន​រៃ​អង្គាស​ប្រាក់ ដើម្បី​ដឹក​ជញ្ជូន​ក្មេង​ៗ​រាប់​រយ​នាក់ ដោយ​សុវត្ថិ​ភាព ចេញ​ពី​ទីក្រុង​ប្រាក ទៅ​កាន់​ប្រទេស​អង់​គ្លេស ដើម្បី​ឲ្យ​គ្រួសារ​ជន​ជាតិ​អង់​គ្លេស​ចិញ្ចឹម​ពួក​គេ ក្នុង​ដើម​ដំបូង​នៃ​សម័យ​សង្រ្គាម លោក​លើក​ទី២​។

សកម្ម​ភាព​របស់​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ត្រាស់​ហៅ​របស់​ព្រះ​ជា​ម្ចាស់ ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក​៨២ ឲ្យ​យើង “​ការពារ​ដល់​មនុស្ស​ក្រីក្រ និង​មនុស្ស​កំព្រា”(ខ.៣)។ ទំនុក​ដំកើង​នេះ​ក៏​បាន​ជំរុញ​យើង​ឲ្យ “ចូរ​ជួយ​សង្គ្រោះ​មនុស្ស​ក្រីក្រ និង​មនុស្ស​កំសត់​ទុគ៌ត​ដែរ ត្រូវ​ជួយ​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស​អាក្រក់”(ខ.៤)។ តាម​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ យើង​ត្រូវ​ការពារ​អ្នក​ដែល​មិន​អាច​ការពារ​ខ្លួន​ឯង​បាន គឺ​អ្នក​ទាល់​ក្រ និង​ស្រ្តី​មេម៉ាយ ដែល​ត្រូវ​ការ​យុត្តិ​ធម៌ និង​ការ​ការពារ ដូច​ក្មេង​ៗ​ដែល​លោក​នីកូឡាស់​បាន​ខិត​ខំ​ជួយ​សង្រ្គោះ​យើង ដោយ​មិន​គិត​ការ​នឿយ​ហត់។​

សព្វ​ថ្ងៃ​នេះ នៅ​កន្លែង​ណា​ក៏​មាន​មនុស្ស​ត្រូវ​ការ​ជំនួយ ដោយ​សារ​សង្រ្គាម ខ្យល់​ព្យុះ ឬ​ទុក្ខ​លំបាក​ផ្សេង​ទៀត។ យើង​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​បាន​ឡើយ តែ​យើង​អាច​អធិ​ស្ឋាន និង​គិត​អំពី​ការ​អ្វី​ដែល​យើង​អាច​ធ្វើ ដើម្បី​ជួយ​អ្នក​ដទៃ តាម​ដែល​ព្រះ​ទ្រង់​បណ្តាល​ចិត្ត។​—Linda Washington