អ្នកជួយសង្រ្គោះម្នាក់បានអុំទូកកាយ៉ាករបស់គាត់ ទៅក្នុងសមុទ្រ ដើម្បីជួយកីឡាករហែលទឹកទាំងឡាយ ដែលហត់ ហើយមានការស្លន់ស្លោ ក្នុងអំឡុងពេលប្រកួតអត្តពលិកដែលមានបីដំណាក់កាល គឺការហែលទឹក ជិះកង់ និងរត់ប្រណាំង។ គាត់បានប្រាប់អ្នកហែលទឹកទាំងនោះ កុំឲ្យតោងផ្នែកកណ្តាលរបស់ទូកគាត់ ព្រោះវាអាចធ្វើឲ្យទូកគាត់ក្រឡាប់។ ផ្ទុយទៅវិញ គាត់ក៏បានណែនាំអ្នកហែលទឹកដែលកំពុងតែហត់ ឲ្យហែលទៅរកក្បាល ឬកន្សៃទូកគាត់ ដើម្បីចាប់តោងខ្សែ ដើម្បីឲ្យគាត់អាចជួយសង្រ្គោះពួកគេ។
ពេលណាបញ្ហាក្នុងជីវិត ឬនរណាម្នាក់ចង់មកគ្របសង្កត់យើង ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ យើងដឹងថា យើងមានព្រះអង្គសង្រ្គោះ។ ដ្បិតព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា “មើល អញ គឺអញនេះហើយ នឹងស្វែងរកចៀមរបស់អញ ទាំងស៊ើបសួររកទាល់តែឃើញផង ឯអ្នកគង្វាល គេតែងមើលហ្វូងចៀមខ្លួន នៅថ្ងៃដែលគេនៅជាមួយនឹងហ្វូងចៀមដែលខ្ចាត់ខ្ចាយជាយ៉ាងណា នោះអញនឹងថែមើលហ្វូងចៀមរបស់អញ ហើយជួយឲ្យវារួចចេញពីគ្រប់កន្លែងដែលវាត្រូវកំចាត់កំចាយនោះ”(អេសេគាល ៣៤:១១-១២)។
នេះជាការធានាដល់រាស្រ្តរបស់ព្រះ កាលពួកគេកំពុងតែស្ថិតនៅក្នុងការនិរទេស។ អ្នកដឹកនាំរបស់ពួកគេមិនបានអើពើរចំពោះទុក្ខលំបាករបស់ពួកគេ និងបានកេងប្រវ័ញ្ចពួកគេ ហើយ គិតតែប្រយោជន៍ផ្ទាល់ខ្លួន ជាជាងខ្វល់អំពីហ្វូងចៀមរបស់ព្រះ(ខ.៨)។ ហេតុនេះហើយ រាស្រ្តរបស់ព្រះអង្គ ក៏បាន “ត្រូវកំចាត់កំចាយ នៅពេញពាសលើផែនដី ឥតមានអ្នកណាទៅស៊ើបសួរ ឬស្វែងរកវាសោះ”(ខ.៦)។
ប៉ុន្តែ ព្រះអម្ចាស់បានប្រកាស់ថា ព្រះអង្គនឹងសង្រ្គោះហ្វូងចៀមរបស់ព្រះអង្គ(ខ.១០) ហើយព្រះអង្គនៅតែគោរព តាមព្រះបន្ទូលសន្យា។
តើយើងត្រូវធ្វើដូចម្តេច? យើងត្រូវប្រកាន់ខ្ជាប់តាមព្រះជាម្ចាស់ និងព្រះបន្ទូលសន្យារបស់ទ្រង់។ ដ្បិតព្រះអង្គមានបន្ទូលថា ព្រះអង្គនឹងស្វែងរកចៀមរបស់ព្រះអង្គ ហើយថែរក្សាពួកគេ(ខ.១១)។ នេះជាព្រះបន្ទូលសន្យា ដែលសក្តិសមនឹងឲ្យយើងប្រកាន់ខ្ជាប់តាម។—Patricia Raybon