កាល​នាវា​ទីតានិច​លិច គេ​មិន​បាន​បើក​វិទ្យុ​ទាក់​ទង​ជា​មួយ​នាវា​ដទៃ​ទៀត​ឡើយ។ បើ​សិន​ជា​គេ​បើក នោះ​នាវា​ដ៏​ធំនេះ​ប្រហែល​ជា​មិន​បាន​លិច​ឡើយ។ លោក​ស៊ី​រីល អេវ៉ាន(Cyril Evans) ដែល​ជា​អ្នក​ប្រតិ​បត្តិ​ការ​វិទ្យុ​ទាក់​ទង របស់​នាវា​មួយ​ទៀត បាន​ព្យាយាម​ទាក់​ទក​លោក​ជែក ភីលីព(Jack Phillips) ដែល​ជា​អ្នក​ប្រតិបត្តិ​ការ​វិទ្យុទាក់ទង​របស់​នាវា​ទីតានិច ដើម្បី​ឲ្យ​គាត់​ដឹង​ថា ពួក​គេ​បាន​ចូល​ដល់​តំបន់​ដែល​មាន​ទឹកក​អណ្តែត​ច្រើន។ ប៉ុន្តែ​ លោក​ភីលីព​កំពុង​តែ​ជាប់​រវល់​បញ្ជូន​សារ​ទៅ​អ្នក​ដំណើរ ហើយ​ក៏​បាន​និយាយ​ពាក្យ​គម្រោះ​គម្រើយ ប្រាប់​លោកអេវ៉ាន ​ឲ្យ​ឈប់​និយាយទៀត។ ដូច​នេះ លោក​អេវ៉ាន​ក៏​បាន​បិទ​វិទ្យុ​របស់​គាត់ ដោយ​ភាព​ស្ទាក់​ស្ទើរ ហើយ​ក៏​បានចូល​គេង។ ១០​នាទី​ក្រោយ​មក កប៉ាល់ទីតានិច​ក៏​បាន​បុក​ទឹក​កក​អណ្តែត​ធំ​មួយ​ផ្ទាំង។ ពួក​គេ​ក៏​បាន​បញ្ជូន​សញ្ញាសង្រ្គោះ​បន្ទាន់ ដល់​នាវា​ផ្សេង​ទៀត តែ​មិន​បាន​ទទួល​ការ​ឆ្លើយ​តប ព្រោះ​គ្មាន​នរណា​ស្តាប់​ពួក​គេ​ឡើយ។​

ក្នុង​បទ​គម្ពីរ ១សាំយ៉ូអែល យើង​ឃើញ​ថា ពួក​សង្ឃ​របស់​សាសន៍​អ៊ីស្រាអែល​មាន​ភាព​ពុក​រលួយ ហើយ​បានបាត់​បង់​ការ​មើល​ឃើញ និង​ការ​ស្តាប់​សម្លេង​ខាង​វិញ្ញាណ ខណៈ​ដែល​ប្រទេស​ជាតិ​របស់​ពួក​គេ​បាន​រសាត់​អណ្តែត​ចូល​ទៅ​ក្នុង​គ្រោះ​ថ្នាក់។ “ក្នុង​គ្រា​នោះ ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​កាន់​តែ​ក្រ​ទៅ ឯ​ការ​ជាក់ស្តែង​ក៏​មិនសូវ​មាន​ជា​ញឹកញយ​ដែរ”(១សាំយ៉ូអែល ៣:១)។ ប៉ុន្តែ ព្រះ​ទ្រង់​មិន​បាន​បោះ​បង់​រាស្រ្ត​ព្រះ​អង្គ​ចោល​ឡើយ។ ទ្រង់​បាន​ចាប់​ផ្តើម​មាន​បន្ទូល ទៅ​កាន់​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​សាំយ៉ូអែល ដែល​កំពុង​តែ​ទទួល​ការ​ចិញ្ចឹម នៅ​ក្នុង​ផ្ទះ​របស់​ពួក​សង្ឃ​។ ឈ្មោះ​សាំយ៉ូអែល គឺ​មាន​ន័យ​ថា “ព្រះ​អម្ចាស់​ស្តាប់​ឮ” គឺ​ជា​ការ​រំឭក អំ​ពី​ការ​ឆ្លើយ​តប ដែល​ព្រះ​ទ្រង់​មាន ចំពោះ​ម្តាយ​របស់​គាត់។ ប៉ុន្តែ លោក​សាំយ៉ូ​អែល ចាំ​បាច់​ត្រូវ​រៀន​ស្តាប់​ព្រះ​សូរ​សៀង​របស់​ព្រះ។

គាត់​ក៏​បាន​ប្រុង​ចិត្ត ដើម្បី​ស្តាប់​ព្រះ​អង្គ​មាន​បន្ទូល(ខ.១០)  ក្នុង​នាម​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់។ ចូរ​យើង​សម្រេច​ចិត្ត​ស្តាប់ និង​ស្តាប់​បង្គាប់​តាម​ព្រះ​ដែល​ព្រះ​ជា​ម្ចាស់ បាន​បើក​សម្តែង ក្នុង​ព្រះ​គម្ពីរ។ ចូរ​យើង​ថ្វាយ​ជីវិត​យើង​ដល់ព្រះ​អង្គ និង​មាន​ឥរិយាបថ​ជា​អ្នក​បម្រើ ដែល​បន្ទាប​ខ្លួន ដែល​ប្រុង​ចិត្ត​ស្តាប់​​ព្រះ​សូរ​សៀង​ព្រះ​អង្គ​ជា​និច្ច។​—Glenn Packiam