កាលនាវាទីតានិចលិច គេមិនបានបើកវិទ្យុទាក់ទងជាមួយនាវាដទៃទៀតឡើយ។ បើសិនជាគេបើក នោះនាវាដ៏ធំនេះប្រហែលជាមិនបានលិចឡើយ។ លោកស៊ីរីល អេវ៉ាន(Cyril Evans) ដែលជាអ្នកប្រតិបត្តិការវិទ្យុទាក់ទង របស់នាវាមួយទៀត បានព្យាយាមទាក់ទកលោកជែក ភីលីព(Jack Phillips) ដែលជាអ្នកប្រតិបត្តិការវិទ្យុទាក់ទងរបស់នាវាទីតានិច ដើម្បីឲ្យគាត់ដឹងថា ពួកគេបានចូលដល់តំបន់ដែលមានទឹកកអណ្តែតច្រើន។ ប៉ុន្តែ លោកភីលីពកំពុងតែជាប់រវល់បញ្ជូនសារទៅអ្នកដំណើរ ហើយក៏បាននិយាយពាក្យគម្រោះគម្រើយ ប្រាប់លោកអេវ៉ាន ឲ្យឈប់និយាយទៀត។ ដូចនេះ លោកអេវ៉ានក៏បានបិទវិទ្យុរបស់គាត់ ដោយភាពស្ទាក់ស្ទើរ ហើយក៏បានចូលគេង។ ១០នាទីក្រោយមក កប៉ាល់ទីតានិចក៏បានបុកទឹកកកអណ្តែតធំមួយផ្ទាំង។ ពួកគេក៏បានបញ្ជូនសញ្ញាសង្រ្គោះបន្ទាន់ ដល់នាវាផ្សេងទៀត តែមិនបានទទួលការឆ្លើយតប ព្រោះគ្មាននរណាស្តាប់ពួកគេឡើយ។
ក្នុងបទគម្ពីរ ១សាំយ៉ូអែល យើងឃើញថា ពួកសង្ឃរបស់សាសន៍អ៊ីស្រាអែលមានភាពពុករលួយ ហើយបានបាត់បង់ការមើលឃើញ និងការស្តាប់សម្លេងខាងវិញ្ញាណ ខណៈដែលប្រទេសជាតិរបស់ពួកគេបានរសាត់អណ្តែតចូលទៅក្នុងគ្រោះថ្នាក់។ “ក្នុងគ្រានោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាកាន់តែក្រទៅ ឯការជាក់ស្តែងក៏មិនសូវមានជាញឹកញយដែរ”(១សាំយ៉ូអែល ៣:១)។ ប៉ុន្តែ ព្រះទ្រង់មិនបានបោះបង់រាស្រ្តព្រះអង្គចោលឡើយ។ ទ្រង់បានចាប់ផ្តើមមានបន្ទូល ទៅកាន់ក្មេងប្រុសម្នាក់ឈ្មោះសាំយ៉ូអែល ដែលកំពុងតែទទួលការចិញ្ចឹម នៅក្នុងផ្ទះរបស់ពួកសង្ឃ។ ឈ្មោះសាំយ៉ូអែល គឺមានន័យថា “ព្រះអម្ចាស់ស្តាប់ឮ” គឺជាការរំឭក អំពីការឆ្លើយតប ដែលព្រះទ្រង់មាន ចំពោះម្តាយរបស់គាត់។ ប៉ុន្តែ លោកសាំយ៉ូអែល ចាំបាច់ត្រូវរៀនស្តាប់ព្រះសូរសៀងរបស់ព្រះ។
គាត់ក៏បានប្រុងចិត្ត ដើម្បីស្តាប់ព្រះអង្គមានបន្ទូល(ខ.១០) ក្នុងនាមជាអ្នកបម្រើដ៏ស្មោះត្រង់។ ចូរយើងសម្រេចចិត្តស្តាប់ និងស្តាប់បង្គាប់តាមព្រះដែលព្រះជាម្ចាស់ បានបើកសម្តែង ក្នុងព្រះគម្ពីរ។ ចូរយើងថ្វាយជីវិតយើងដល់ព្រះអង្គ និងមានឥរិយាបថជាអ្នកបម្រើ ដែលបន្ទាបខ្លួន ដែលប្រុងចិត្តស្តាប់ព្រះសូរសៀងព្រះអង្គជានិច្ច។—Glenn Packiam