នៅក្នុងសំណង់ដោមដ៏ខ្ពស់ត្រដែត នៃព្រះវិហារធំសន្តប៉ុល ភ្ញៀវទេសចរណ៍អាចឡើងតាមជណ្តើរ២៥៩កាំ ឆ្ពោះទៅរកវិចិត្រសាលខ្សិប។ នៅទីនោះ អ្នកអាចនិយាយខ្សិប ហើយមនុស្សម្នាក់ទៀតអាចស្តាប់ឮអ្នកនិយាយ ទោះគាត់ឈរនៅកន្លែងណាក៏ដោយ នៅលើផ្លូវដើរមានរាងមូលដូចវង្វង់ ក្នុងសំណង់ដោមនោះ ហើយទោះគាត់ស្ថិតនៅចម្ងាយ៣០ម៉ែត្រពីអ្នក ក្នុងលំហរដ៏ធំនៃព្រះវិហារនេះ ក៏នៅតែអាចឮសម្លេងខ្សិបរបស់អ្នក។ ពួកវិស្វករក៏បានពន្យល់ថា បាតុភូតនេះបានកើតឡើង ដោយសារសំណង់ដោមនោះមានរាងមូលដូចស្វែរ និងដោយសាររលកសម្លេងខ្សិប ដែលមានកំលាំងទាប។
ពេលខ្លះ យើងអធិស្ឋានដោយសម្លេងខ្សិបៗ ទៅរកព្រះជាម្ចាស់ ដោយការឈឺចាប់ ហើយយើងចង់ដឹងច្បាស់ថា ព្រះអង្គពិតជាបានស្តាប់ឮយើងមែនឬអត់។ បទគម្ពីរទំនុកដំកើង មានពេញទៅដោយទីបន្ទាល់ ដែលបញ្ជាក់ថា ព្រះអង្គពិតជាបានស្តាប់ឮសម្លេងយើង យំ អធិស្ឋាន និងខ្សិបទៅរកព្រះអង្គ។ គឺដូចដែលស្តេចដាវីឌបានសរសេរថា “ក្នុងគ្រាដែលទូលបង្គំមានសេចក្តីវេទនា នោះបានអំពាវនាវដល់ព្រះយេហូវ៉ា”(ទំនុកដំកើង ១៨:៦)។ ទ្រង់ និងអ្នកនិពន្ធបទគម្ពីរទំនុកដំកើងដទៃទៀត បានទូលអង្វរម្តងហើយម្តងទៀតថា សូមព្រះអង្គស្តាប់សេចក្តីអធិស្ឋាន (៤:១) ស្តាប់សម្លេង(៥:៣) និងស្តាប់ដំងូរបស់ពួកគេ(១០២:២០)។ ជួនកាល ការអធិស្ឋាននោះ មានលក្ខណៈជាការខ្សឹប ដែលព្រះអង្គស្តាប់ឮ (៧៧:១) ដោយបានត្រិះរិះក្នុងចិត្ត ហើយវិញ្ញាណស្វែងរកការឆ្លើយតប(៧៧:៦)។
បន្ទាប់ពីព្រះជាម្ចាស់បានឆ្លើយតបការទូលអង្វរនោះហើយ ស្តេចដាវីឌក៏បានពិពណ៌នាថា “ទ្រង់ក៏ឮសំឡេងទូលបង្គំ ពីក្នុងព្រះវិហារទ្រង់ ហើយសំរែកដែលទូលបង្គំស្រែក នៅចំពោះទ្រង់ ក៏ឮដល់ព្រះកាណ៌ទ្រង់”(ទំនុកដំកើង ១៨:៦)។ កាលនោះ ព្រះវិហារក្រុងយេរូសាឡិមមិនទាន់បានសាងសង់នៅឡើយទេ ដូចនេះ តើមានន័យថា ព្រះទ្រង់ផ្ទៀងព្រះកាណ៍ស្តាប់ស្តេចដាវីឌអធិស្ឋាន ពីដំណាក់ព្រះអង្គ នៅស្ថានសួគ៌ឬ?
ជាការពិតណាស់ ព្រះអង្គស្តាប់ឮសម្លេងអធិស្ឋានរបស់យើង ពីស្ថានដ៏ខ្ពស់បំផុត ទោះការអធិស្ឋានយើងជាសម្លេងខ្សិប ដោយការឈឺចាប់យ៉ាងណាក៏ដោយ។—Elisa Morgan