នៅ​ក្នុង​សំណង់​ដោម​ដ៏​ខ្ពស់​ត្រដែត នៃ​ព្រះវិហារ​ធំ​សន្ត​ប៉ុល ភ្ញៀវ​ទេស​ចរណ៍​អាច​ឡើង​តាម​ជណ្តើរ​២៥៩​កាំ ឆ្ពោះ​ទៅ​រក​វិចិត្រ​សាល​ខ្សិប។ នៅ​ទីនោះ អ្នក​អាច​និយាយ​ខ្សិប ហើយ​មនុស្ស​ម្នាក់​ទៀត​អាច​ស្តាប់​ឮ​អ្នក​និយាយ ទោះគាត់​ឈរ​នៅ​កន្លែង​ណា​ក៏​ដោយ នៅ​លើ​ផ្លូវ​ដើរ​មាន​រាង​មូល​ដូច​វង្វង់ ក្នុង​សំណង់​ដោម​នោះ ហើយ​ទោះ​គាត់​ស្ថិតនៅ​ចម្ងាយ​៣០​ម៉ែត្រ​ពី​អ្នក ក្នុង​លំហរ​ដ៏​ធំ​នៃ​ព្រះវិហារ​នេះ ក៏​នៅ​តែ​អាច​ឮ​សម្លេង​ខ្សិប​របស់​អ្នក។​ ពួក​វិស្វករ​ក៏​បានពន្យល់​ថា បាតុ​ភូត​នេះ​បាន​កើត​ឡើង ដោយសារ​សំណង់​ដោម​នោះ​មាន​រាង​មូល​ដូច​ស្វែរ និង​ដោយ​សារ​រលក​សម្លេង​ខ្សិប ដែល​មាន​កំលាំង​ទាប។

ពេលខ្លះ យើង​អធិស្ឋាន​ដោយ​សម្លេង​ខ្សិប​ៗ ទៅ​រក​ព្រះ​ជាម្ចាស់ ដោយ​ការ​ឈឺ​ចាប់ ហើយ​យើង​ចង់​ដឹង​ច្បាស់​ថា ព្រះអង្គ​ពិត​ជា​បាន​ស្តាប់​ឮ​យើង​មែន​ឬ​អត់។ បទ​គម្ពីរ​ទំនុក​ដំកើង មាន​ពេញ​ទៅ​ដោយ​ទីបន្ទាល់ ដែល​បញ្ជាក់​ថា ព្រះ​អង្គ​ពិត​ជា​បាន​ស្តាប់​ឮ​សម្លេង​យើង យំ អធិស្ឋាន និង​ខ្សិប​ទៅ​រក​ព្រះ​អង្គ។ គឺ​ដូច​ដែល​ស្តេច​ដាវីឌ​បាន​សរសេរ​ថា “ក្នុង​គ្រា​ដែល​ទូលបង្គំ​មាន​សេចក្តី​វេទនា នោះ​បាន​អំពាវនាវ​ដល់​ព្រះយេហូវ៉ា”(ទំនុកដំកើង ១៨:៦)។ ទ្រង់ និងអ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ដទៃ​ទៀត បាន​ទូល​អង្វរ​ម្តង​ហើយ​ម្តង​ទៀត​ថា សូម​ព្រះអង្គ​ស្តាប់​សេចក្តី​អធិស្ឋាន​ (៤:១) ស្តាប់​សម្លេង(៥:៣) និង​ស្តាប់​ដំងូ​របស់​ពួក​គេ(១០២:២០)។ ជួន​កាល ការ​អធិ​ស្ឋាន​នោះ មាន​លក្ខណៈ​ជាការ​ខ្សឹប ដែល​ព្រះ​អង្គ​ស្តាប់​ឮ (៧៧:១) ដោយ​បាន​ត្រិះ​រិះ​ក្នុង​ចិត្ត ហើយ​វិញ្ញាណ​ស្វែង​រក​ការ​ឆ្លើយ​តប​(៧៧:៦)។

បន្ទាប់​ពី​ព្រះ​ជា​ម្ចាស់​បាន​ឆ្លើយ​តប​ការ​ទូល​អង្វរ​នោះ​ហើយ ស្តេច​ដាវីឌ​ក៏​បាន​ពិពណ៌នា​ថា “ទ្រង់​ក៏​ឮ​សំឡេង​ទូលបង្គំ ពី​ក្នុង​ព្រះវិហារ​ទ្រង់ ហើយ​សំរែក​ដែល​ទូលបង្គំ​ស្រែក នៅ​ចំពោះ​ទ្រង់ ក៏​ឮ​ដល់​ព្រះកាណ៌​ទ្រង់”(ទំនុកដំកើង ១៨:៦)។ កាល​នោះ ព្រះ​វិហារ​ក្រុង​យេរូសាឡិម​មិន​ទាន់​បាន​សាង​សង់​នៅ​ឡើយ​ទេ ដូច​នេះ តើ​មាន​ន័យ​ថា​ ព្រះទ្រង់​ផ្ទៀង​ព្រះ​កាណ៍​ស្តាប់​ស្តេច​ដាវីឌ​អធិស្ឋាន ​ពី​ដំណាក់​ព្រះ​អង្គ នៅ​ស្ថាន​សួគ៌​ឬ?

ជា​ការ​ពិត​ណាស់ ព្រះ​អង្គ​ស្តាប់​ឮ​សម្លេង​អធិស្ឋាន​របស់​យើង ពី​ស្ថាន​ដ៏​ខ្ពស់​បំផុត ទោះ​ការ​អធិស្ឋាន​យើង​ជា​សម្លេង​ខ្សិប ដោយ​ការ​ឈឺ​ចាប់​យ៉ាង​ណា​ក៏​ដោយ។—Elisa Morgan