កាល​ពី​ឆ្នាំ ២០១៣ លោក​ចេម មែកខុននែល(James McConnell) ដែល​ជា​អតីត​យុទ្ធ​ជន​កង​ទ័ព​ជើង​ទឹក​នៃ​ចក្រភព​អង់​គ្លេស បាន​ទទួល​មរណៈ​ភាព ក្នុង​អាយុ​៧០​ឆ្នាំ។ លោក​មែន​ខុន​នែល​មិន​មាន​គ្រួសារ​ទេ ហើយ​បុគ្គលិក​ពេទ្យ​ដែល​ធ្វើ​ការ​ថែ​ទាំ​ជម្ងឺ​គាត់​នៅ​ផ្ទះ មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​គ្មាន​មនុស្ស​មក​ចូល​រួម​ពិធី​បុណ្យ​សព​របស់​គាត់។ បុរស​ម្នាក់​ដែល​ទទួល​ខុស​ត្រូវ នៅ​ក្នុង​ការ​រៀប​ចំ​ពិធី​បុណ្យ​សព​គាត់ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​ថា “នៅ​ថ្ងៃនេះ និង​នៅ​សម័យ​នេះ ការ​ស្លាប់​ដោយ​គ្មាន​នរណា​ម្នាក់​មក​ចូល​រួម​ពីធី​បុណ្យ​សព គឺ​ជា​រឿង​ដែល​សោក​សៅ​ណាស់ ប៉ុន្តែ បុរស​ម្នាក់​នេះ គឺ​ជា​គ្រួសារ​របស់​អ្នក… បើ​សិន​ជា​អ្នក​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​បញ្ចុះ​សព​របស់​គាត់ … ដើម្បី​បង្ហាញ​នូវ​ការ​គោរព​ចំពោះ​អតីត​បង​ប្អូន​រួម​អាវុធ​របស់​អ្នក នោះ​សូម​ព្យាយាម​ទៅ​ទីនោះ​កុំ​បី​ខាន​ឡើយ”។ បន្ទាប់​ពី​គាត់​បាន​បង្ហោះ​សារ​នេះ​ហើយ មាន​ទាហាន​ជើង​ទឹក​២​រយ​នាក់ បាន​មក​ចូល​រួម​ពិធី​បុណ្យ​សព​គាត់​ ពេញព្រះ​វិហារ។

ជន​រួម​ជាតិ​អង់​គ្លេស​ទាំង​នេះ បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ពិត​ក្នុង​ព្រះ​គម្ពីរ ដែល​ចែង​ថា គ្រីស្ទ​បរិស័ទ​ម្នាក់​ៗ​មានចំណង​ចង​ភ្ជាប់​គ្នា។​ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “រូបកាយ​មិន​មែន​សុទ្ធ​តែ​មាន​អវយវៈ​តែ​១​ទេ គឺ​មាន​ច្រើន​វិញ”(១កូរិនថូស ១២:១៤)។ យើង​មិន​ឯកោ​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​មាន​ចំណង​ចង​ភ្ជាប់​គ្នា​តែ​មួយ ក្នុង​ព្រះ​យេស៊ូវ។ ព្រះ​គម្ពីរ​បាន​ចែង​ថា “បើ​អវយវៈ​១​ឈឺ នោះ​ទាំង​អស់​នឹង​ឈឺ​ជា​មួយ​គ្នា”(ខ.២៦)។ ក្នុង​នាម​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ ដែល​ជា​សមាជិក​នៃ​មហា​គ្រួសារ​របស់​ព្រះ យើង​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​គ្នា នៅ​ក្នុង​ការ​ឈឺ​ចាប់ ក្នុង​ការ​សោក​សង្រេង និង​ក្នុង​កន្លែង​ងងឹត ដែល​ធ្វើ​ឲ្យ​យើង​ខ្លាច​ភាព​ឯកោ។ ប៉ុន្តែ សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ ព្រោះយើង​មិន​ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង​ឡើយ។​

យើង​ប្រហែល​ជា​មាន​ការ​ឈឺ​ចាប់​បំផុត ពេល​ណា​យើង​មាន​អារម្មណ៍​ថា យើង​កំពុង​តែ​លិច​លង់ នៅ​ក្នុង​ភាព​ងងឹត តែ​ម្នាក់​ឯង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​ជា​ម្ចាស់​បាន​បង្កើត​សហគមន៍​ថ្មី​មួយ ដែល​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​គ្នា។ គឺ​សហគមន៍​ថ្មី​មួយ ដែល​គ្មាន​នរណា​ម្នាក់​គួរ​តែ​នៅ​ឯកោ ក្នុង​ភាព​ងងឹត​នោះ​ឡើយ។​—Winn Collier